ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ វិធានការរៀបចំ​សណ្តាប់ធ្នាប់​ តាមផ្លូវនានា ក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរតាម​បណ្តាខណ្ឌនិមួយៗ បានចាត់​វិធានការ​អនុវត្តយូរឆ្នាំណាស់មកហើយ​។ ប៉ុន្តែ​ក្រោយពីអាជ្ញាធរសមត្ថកិច្ច ចេញផុត ការដាក់លក់​ឥវ៉ាន់ និង​ទំនិញនានា…

ភ្នំពេញ៖ វិធានការរៀបចំ​សណ្តាប់ធ្នាប់​ តាមផ្លូវនានា ក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរតាម​បណ្តាខណ្ឌនិមួយៗ បានចាត់​វិធានការ​អនុវត្តយូរឆ្នាំណាស់មកហើយ​។ ប៉ុន្តែ​ក្រោយពីអាជ្ញាធរសមត្ថកិច្ច ចេញផុត ការដាក់លក់​ឥវ៉ាន់ និង​ទំនិញនានា រួមទាំងការ​ចត​យានយន្ត​លើចិញ្ចើម​ និងទ្រូងផ្លូវ​ បន្ត​កើតឡើង​ដដែល​។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨សង្កាត់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ​បាន​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ នៅ​តាម​បណ្តាយ​ផ្លូវមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ​ ៧មករា ​នៅម្តុំផ្សារ​អូឫស្សី​​។ តាមវិធានការ​ ការរៀបចំសណ្តាប់ធ្នាប់នេះ អាជ្ញាធរសមត្ថកិច្ច​ បានឲ្យអាជីវករ និងអ្នកមានផ្ទះជាប់ផ្លូវ​ ដាក់លក់​ជាបណ្តោះអាសន្ន គឺ ១/៣ នៃចិញ្ចើម​ផ្លូវ​ និងទុកចិញ្ចើមថ្នល់ សម្រាប់​​ថ្មើរជើង ធ្វើចរាចរណ៍ បញ្ជៀស​ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

កន្លងមក កងកម្លាំង​ប្រជា​ការពារ​ខណ្ឌ អាជ្ញាធរសង្កាត់​ រួមជាមួយ​កម្លាំង​សន្តិសុខ​ផ្សារ បាន​រៀបចំ​សណ្តាប់ធ្នាប់ នៅ​តាមផ្លូវសំខាន់ៗ មិនថា ផ្លូវតូច ឬ​ផ្លូវនៅ​ជិត​ផ្សារនោះទេ​​។ ក្នុង​ប្រតិបត្តិការទាំងនោះ អាជ្ញាធរសមត្ថកិច្ច បាន​​ប្រើ​​ធម៌​ក្តៅ លើ​អ្នកលក់​បន្លែ​ផ្លែឈើ ដែល​បាន​យក​ផ្លូវ ធ្វើ​ផ្សារ គឺ​ចាប់​ដកហូត យក​បន្លែ​ផ្លែឈើ​ទាំងនោះ ទៅ​ចាក់ចោល នៅ​គំនរ​សំរាមក៏មាន​។​ ម៉ូតូឡាន ដែលចត​លើទ្រូងផ្លូវ ក៏ត្រូវចាប់អូសយកទៅខណ្ឌ ផាកពិន័យ និងចាក់សោ​ខ្នោះ​កង់ឡាន​ទាំងនោះ ថែមទៀត​ផង។​

មុននឹង​អាជ្ញាធរសមត្ថកិច្ច ចាត់វិធានការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ កន្លងមក អាជ្ញាធរសមត្ថកិច្ច បាន​ណែនាំ​​ច្រើនលើកច្រើនសា ព្រមទាំង​មាន​វិធានការ​រដ្ឋបាល​ផង ប៉ុន្តែ​ការរំលោភលើចិញ្ចើមថ្នល់ រហូតដល់​រំលោភយកផ្លូវធ្វើជាផ្សារ និងចំណតយានយន្ត នៅតែបន្តកើតឡើង​ដដែល ជាដដែល នៅភ្នំពេញ​​។

វិធានការរំដោះចិញ្ចើមផ្លូវនេះ គឺ​ដើម្បីរក្សា​បាន​នូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ រួមចំណែក​ក្នុងការលើកស្ទួយសោភ័ណភាព អនាម័យ បរិស្ថានល្អ នៃរាជធានីភ្នំពេញ ដោះស្រាយបញ្ហា​ចរាចរណ៍​ និងរៀបចំសណ្តាប់ធ្នាប់​សាធារណៈ​ ជាដើម។

ជាការពិត​ បើសិនជាអាជ្ញាធរសមត្ថកិច្ច រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវ​ ពិសេសផ្លូវ​នៅម្តុំផ្សារ ​គួរតែ​រឹតបន្តឹង​ឲ្យ​បានគ្រប់ៗគ្នា គ្រប់​ៗ​ផ្ទះ ដោយស្មើភាព។ មិនមែន​ធ្វើតែផ្ទះនៅម្ខាងផ្លូវ ហើយម្ខាងផ្លូវទៀត ដាក់ឆ័ត្រ តសំយ៉ាប​ផ្ទះ ដាក់ទំនិញលក់ដូរ លើចិញ្ចើម​ផ្លូវ ហើយកន្លែងខ្លះចូល​ដល់​ទ្រូងផ្លូវថែមទៀត តែ​បែរជាអាជ្ញាធរសមត្ថកិច្ច មិនយកភ្នែកមើលនោះទេ។  

ម្យ៉ាងវិញទៀត ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមផ្លូវសាធារណៈ ដោយមិនឲ្យមានអ្នកលក់ដូរលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវ គឺសំខាន់បំផុត នៅលើអាជ្ញាធរសមត្ថកិច្ច​ ពិសេសគណៈកម្មការផ្សារ និងអាជ្ញាធរ​សង្កាត់​​ខណ្ឌ​នេះ​ឯង​។ កន្លងមក អ្នកលក់ដូរ ដែលយកផ្លូវ ធ្វើផ្សារ គឺ​ទាល់តែមានការអនុញ្ញាត​ពីគណៈកម្មការ អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរសង្កាត់ ឬអាជ្ញាធរខណ្ឌ​ ទើប​អាចដាក់បន្លែផ្លែឈើ តុកាហ្វេលក់ ឬក៏ចតឡានម៉ូតូ​បាន​។ អ្នកលក់ទាំងនោះ ត្រូវបង់លុយ​ ប្រចាំថ្ងៃ ឬក៏ត្រូវបង់ខែ ដល់​អាជ្ញាធរសមត្ថកិច្ច​​ថែមទៀតផង​​។

បើសិនជាមានវិធានការរឹតបន្តឹង ដូចអ្វីដែល​អាជ្ញាធរ​សមត្ថកិច្ចអនុវត្តកន្លងមក ហើយពេលនេះទៀត គឺកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលទាំង ៨សង្កាត់​ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា បានអនុវត្តតាមផ្លូវនានា ក្នុងទឹកដីខណ្ឌ​៧មករា ទៅលើក្រុម​អ្នកលក់ដូរ ដែលរំលោភយកចិញ្ចើមផ្លូវ រហូតដល់​យកផ្លូវ ធ្វើផ្សារ គួរតែ​ធ្វើជាប់ជាប្រចាំ ហើយដោយគ្មានការលើកលែង​លើបុគ្គល​ណាមួយទេ​។ ពោលគឺអនុវត្តដោយស្មើភាពគ្នា ហាមឃាត់ ណែនាំ ធ្វើកិច្ចសន្យា ហើយបើនៅតែបំពាន ត្រូវរឹបអូសទំនិញសម្ភារៈដាក់តាំង​លក់ទាំងអស់នោះ។

​​បើសិនជា​អ្នកលក់ដូរទាំងនោះ នៅតែរំលោភ យកចិញ្ចើម​ផ្លូវ និងទ្រូងផ្លូវ​ធ្វើកន្លែងលក់ដូរ ធ្វើកន្លែងចត​ឡានម៉ូតូ​ទៀត ត្រូវចាប់​រឹបអូស យកទៅផាកពិន័យ ធ្វើកិច្ចសន្យា ហើយចុងក្រោយ ដកហូតយកទៅ  កម្ទេចចោល តែម្តង។ ធ្វើដូច្នេះ​ ជាប្រចាំ នោះ​អ្នករំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវ​ ច្បាស់ជាអាចរាង​ចាល។

សព្វថ្ងៃ យានយន្ត​កាន់តែច្រើននៅភ្នំពេញ ហើយបើមានអ្នករំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ចតឡានម៉ូតូ លក់ដូរ​ពេញហ្នឹងទៀត នោះ​កាន់តែផ្លូវរួមតូច កកស្ទះចរាចរណ៍ផង ហើយអ្នកដើរ​ អាចនឹងមានគ្រោះថ្នាក់ថែមទៀត ព្រោះមិន​មានចិញ្ចើម​ផ្លូវដើរ ក៏ត្រូវដើរលើទ្រូងផ្លូវ ដែលតូចចង្អៀតស្រាប់​​ទាំងនោះ។

ធ្វើដូច្នេះ ពិតជាប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកលក់ដូ​រមួយចំនួន​ខ្លះមែន តែ​ជាផលប្រយោជន៍វិញ គឺ​ប្រជាពលរដ្ឋយ៉ាងច្រើន ពិសេស​អ្នក​ធ្វើដំណើរឆ្លងកាត់តំបន់នោះ រួមទាំង​លើកកម្ពស់​សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សម្រាប់​អ្នកធ្វើដំណើរ ដោយថ្មើរជើង។

ប្រជាពលរដ្ឋ រស់នៅតាមផ្លូវ​ទាំងនោះ និងអ្នកលក់ដូរ សូមគិត​ពីប្រយោជន៍រួម ជាជាង​ការរំលោភចិញ្ចើមផ្លូវ និងការរំលោភ​យកផ្លូវ ធ្វើជាកម្មសិទ្ធិ លក់ដូរ​ ដែលបម្រើតែប្រយោជន៍ខ្លួនឯង។ រីឯអាជ្ញាធរសមត្ថកិច្ច ក៏គួរតែ​អនុវត្តជាប្រចាំ ដោយតម្លាភាព មិនប្រកាន់បក្សពួក និងមិនទទួលលុយកាកពីប្រជាពលរដ្ឋ អ្នកលក់ដូរដែល​រំលោភបំពានចិញ្ចើមផ្លូវ និងទ្រូងផ្លូវទាំងនោះទេ​។ ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមផ្លូវ​នេះ អាជ្ញាធរ​សមត្ថកិច្ច គួរតែធ្វើឲ្យជាប់លាប់ ជាប្រចាំ​ និងគ្មានការលើក​លែងឡើយ​៕