ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ កំពត និងកំពង់ស្ពឺ ទទួលភ្ញៀវទេសចរ​ច្រើន​ជាងគេ នាចុងសប្តាហ៍ កន្លងទៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ​របាយការណ៍ក្រសួងទេសចរណ៍​ បានឲ្យដឹងថា នាសប្តាហ៍កន្លងទៅនេះគិតចាប់ពីថ្ងៃទី១៨-២០ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេចរ ចំនួន ១០៩.០៩៥ នាក់។ ក្នុងនោះ…

រាជធានីភ្នំពេញ៖ ​របាយការណ៍ក្រសួងទេសចរណ៍​ បានឲ្យដឹងថា នាសប្តាហ៍កន្លងទៅនេះគិតចាប់ពីថ្ងៃទី១៨-២០ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេចរ ចំនួន ១០៩.០៩៥ នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ១០៧.៧៦២ នាក់ ខណៈភ្ញៀវទេសចរ​អន្តជាតិផ្ទៃក្នុង ចំនួន ១.៣៣៣ នាក់។

តាមរបាយការណ៍ ​ចំនួនភ្ញៀវទេសចរខាងលើនេះ មានការកើនទ្បើងប្រមាណ ៥៣,៩៣% បើប្រៀបធៀបនឹងសប្តាហ៍កន្លងទៅ។ ប៉ុន្តែបើប្រៀបទៅនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ២៨,៧២%។

ក្រសួង​ទេសចរ​បាន​បញ្ជាក់​ថា ការកើនទ្បើងនៃភ្ញៀវទេសចរ ធៀបនឹងសប្តាហ៍កន្លងមក​នេះ ដោយសារមានថ្ងៃ​សម្រាកនៃព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-ថ្ងៃអាទិត្យ មានរយៈពេល ៣ថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ មានពេលវេលាច្រើន ក្នុងការចេញទៅកម្សាន្ត នៅតាមគោលដៅទេសចរណ៍​នានា​។

ក្រសួង ក៏បានឲ្យដឹងដែរថា គោលដៅទេសចរណ៍​ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជន ដែលមានការកែឆ្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជា​និន្នាការថ្មីនៃការធ្វើដំណើរកម្សាន្ត ក្នុងបរិបទគន្លងថ្មី ជាពិសេសការងាយស្រួល ក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ និង​មិត្តភក្តិ​។

ទន្ទឹមនោះ ទោះបីមានការកើនទ្បើងនៃជំងឺកូវីដ១៩ នៅតំបន់មួយចំនួន នៅតាមរាជធានីខេត្ត តែនៅតាមគោលដៅ​ទេសចរណ៍ខ្លះ ក៏នៅតែមានភ្ញៀវទេសចរ​ទៅលំហែរកម្សាន្តខ្លះផងដែរ។

ចំណែកគណៈបញ្ជាការឯកភាពរាជធានីខេត្ត នៅតែបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធាន​សុវត្ថិភាព​នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ និង៣ការពារ។

របាយការណ៍ក្រសួងទេសចរណ៍​ បានបញ្ជាក់បន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរ ទៅសម្រាក​កម្សាន្តនាសប្តាហ៍កន្លងទៅ រួមមាន៖ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរ ចំនួន ២០.៧១៦នាក់ ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ ១៩.៤១៦នាក់​ ខេត្តកំពង់ស្ពឺទទួលបានចំនួន ១២.៣២០នាក់ ខេត្តបាត់ដំបង ទទួលបានចំនួន ៩.៦៨៨នាក់ ខេត្តព្រះសីហនុ ទទួលបានចំនួន ៨.៧៨៣​នាក់ និង​ខេត្តកែប ទទួលបានចំនួន ៨.៣៤០នាក់៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ