ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីនិងកូនប្រុសលើកឡើងអ្វីខ្លះពាក់ព័ន្ធនឹងថ្ងៃ២០ មិថុនា នេះ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃនេះកាលពី ៤៤ ឆ្នាំមុន ជាថ្ងៃដែលសម្តេចតេជោ បានប្រើប្រាស់ជីវិតជាដើមទុន ដើម្បី រំដោះជាតិ និងរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ចេញពីរបបវាលពិឃាតខ្មែរក្រហម ។

រាជធានីភ្នំពេញ ៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាខួប៤៤ឆ្នាំ (២០មិថុនា ១៩៧៧-២០មិថុនា ២០២១) នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេចតេជោ បានប្រើប្រាស់ជីវិតជាដើមទុន ដើម្បី រំដោះជាតិ និងរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ចេញពីរបបវាលពិឃាតខ្មែរក្រហម ។

បើទោះបីជាសម្តេចនៅថ្ងៃនេះកំពុងស្ថិតក្នុងកំលុងពេល ១៤ ថ្ងៃនៃការធ្វើចត្តាឡីស័កក្រោយប៉ះពាល់ដោយប្រយោលជាមួយអ្នកកើតកូវីដ១៩ សម្តេចនៅតែចែករំលែកនូវរឿងរ៉ាវដែលបានកើតឡើងកន្លងមក ខណៈកូនប្រុសពៅរបស់សម្តេច គឺលោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក៏បានសរសេររៀបរាប់លម្អិតអំពីការលះបង់របស់លោកឪពុក សម្រាប់ជាតិមាតុភូមិ ។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ថ្ងៃទី 20 មិថុនាឆ្នាំ 2021 នេះគឺជាខួប 44ឆ្នាំនៃយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រជាជនពីរបបដ៏ខ្មៅងងឹតប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។ សម្តេចបញ្ជាក់ថា”ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាន នយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ?”។

សម្តេចលើកឡើងថា សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំនួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ ។

ដោយឡែក លោក ហ៊ុន ម៉ានី បានបង្ហោះរូបថតសម្តេចជាច្រើនសន្លឹកកាលពីពេលចេញទៅប្រយុទ្ធ អមជាមួយសារយ៉ាងដូច្នេះថា កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រលាញ់ស្មើរកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថានខ្ពស់បំផុត។ ការចាប់ផ្តើមដំណើរឆ្ពោះទៅការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផ្តើមនៃចលនាតស៊ូមួយ គួបផ្សំនឹងចលនាតស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ទារុណកម្ម និងរបបទាសភាព ហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រានមានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរ ព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួយ។

លោក ហ៊ុន ម៉ានី បានបន្តថា «ក្នុងការចងចាំនេះ គឺបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់សម្តេចតេជោក្នុងនាមជាបុគ្គលផ្ទាល់ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាក និងអាក្រក់បំផុតក្នុងជីវិតរបស់លោក។ ការឈឺចាប់សែនវេទនានេះ កាន់តែធ្វើឱ្យលោកពិបាកទ្វេដងក្នុងការខាំមាត់សង្កត់ចិត្ត អត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃទាំងឡាយដែលខ្លួនលោកផ្ទាល់ និងគ្រួសារដែលជាជនរងគ្រោះមួយក្នុងចំណោមក្រុមគ្រួសាររាប់លានផ្សេងទៀត បានជួបប្រទះ ដើម្បីផ្តោតស្រួចឆ្ពោះទៅការផ្តួលរលំរបបឃោឃៅមួយនេះ ​និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់លោក។ ដោយសារការតាំងចិត្ត លះបង់ខ្ពស់ និងភាពវៃឆ្លាតក្នុងការក្តាប់សភាពការណ៍ទាំងក្នុង និងក្រៅប្រទេស ទើបបេសកកម្មដ៏សែនគ្រោះថ្នាក់ និងស្ទើរតែគ្មានសង្ឃឹមពីពេលចាប់ផ្តើម បានប្រែក្លាយទៅជាចលនារំដោះជាតិមាតុភូមិ ដែលបាននាំមកនូវការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨ និងដែលនាំទៅដល់ជ័យជំនះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។ ផ្តើមចេញពីថ្ងៃ២០ មិថុនា ១៩៧៧ នោះហើយ ដែលដំណើរកម្ពុជាបានចាប់ផ្តើមវិលកង់ក្នុងជំហានស្វាហាប់ និងក្នុងតម្រាយផ្លូវភ្លឺស្វាងក្នុងការបង្របង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ប្រែក្លាយកម្ពុជាពីគំនរផេះផង់ និងភាពខ្ទេចខ្ទាំ ឆ្ពោះទៅរកកោះសន្តិភាព វឌ្ឍនភាព និងវិបុលភាព ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីៗដែលយើងបានឃើញ និងកំពុងរស់នៅក្នុងសព្វថ្ងៃ គឺកើតចេញពីការសម្រេចចិត្ត និងដាក់ចេញនូវទស្សនវិស័យច្បាស់លាស់របស់មេដឹកនាំកម្ពុជា ដែលកំពុងកាន់ចង្កូតនាវាយើងសព្វថ្ងៃនេះ» ។

មុននឹងបញ្ចប់ អ្នកតំណាងរាស្ត្ររូបនេះបានពោលបញ្ជាក់ថា សន្តិភាព គឺពិតជារតនសម្បត្តិដ៏មានតម្លៃវិសេសវិសាលមិនត្រឹមតែចំពោះថ្នាក់ដឹកនាំ និងយុទ្ធជននាសម័យកាលមុនប៉ុណ្ណោះទេ។ តែវារិតតែមានតម្លៃសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់កម្ពុជាថែមទៅទៀត។ ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់បំផុតរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាថាអនាគតកម្ពុជានឹងមិនអនុញ្ញាតឱ្យសោកនាដកម្មក្នុងអតីតកាលអាចមកយាយី គម្រាមកំហែងដល់សន្តិភាពដែលយើងមាននៅពេលនេះបានឡើយ ទោះជាក្នុងតម្លៃណាក៏ដោយ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ