សារព័ត៌មានបរទេសផ្សាយថា សហគមន៍អន្តរជាតិដើម្បីការពារធម្មជាតិ និងធនធានធម្មជាតិ(IUCN) បានឱ្យដឹងកាលពីថ្ងៃទី១៩ វិច្ឆិកា ២០១៥ថា ចំនួនខ្លាឃ្មុំតំបន់ប៉ូលរស់នៅតំបន់អាកទិចនៃប៉ូលខាងជើង មាននៅសេសសល់ប្រមាណពី២២.០០០ទៅ៣១.០០០ក្បាលប៉ុណ្ណោះ ក្នុងពេលបច្ចុប្បន្ន ។
ទោះបីជាបែបណាក៏ដោយ ស្ថានភាពនៃបម្រែបម្រួលសីតុណ្ហភាពនៅលើលោកដែលមាននិន្នាការធ្ងន់ឡើងជាលំដាប់នឹងផ្តល់ផលប៉ះពាល់ដល់ការរស់នៅរបស់ខ្លាឃ្មុំតំបន់ប៉ូលអាចធ្វើឱ្យខ្លាឃ្មុំប្រភេទនេះផុតពូជក្នុងពេលអនាគត។ ក្រៅពីនេះលទ្ធផលស្រាវជ្រាវនោះដែលរៀបចំ និងប្រមូលទិន្នន័យជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៨ រហូតមកបញ្ជាក់ថា នឹងមាននិន្នាការខ្ពស់ ដែលចំនួនខ្លាឃ្មុំតំបន់ប៉ូលធ្លាក់ចុះជាង៣០% ក្នុងរយៈពេលពី៣០ឆ្នាំទៅ៤០ឆ្នាំខាងមុខ ។
លោកស្រីអីុងហ្គ័រ អ៊ែនដឺសេន នាយក IUCN បានអំពាវនាវដល់ពិភពលោកត្រូវបង្កើនកិច្ចព្យាយាមក្នុងការកាត់បន្ថយការបញ្ចេញកម្តៅ ដើម្បីទប់ស្កាត់ការរលាយទឹកកកនៅប៉ូលខាងជើង ដែលកំពុងរលាយឆាប់ និងធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីខែកញ្ញា ២០០២រហូតមក ៕
ចែករំលែកព័តមាននេះ