ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបង​បង្កើន​ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​លិច​​ទឹក

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ និង​មន្ត្រី​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង​ បង្កើន​ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក ក្រោម​ការ​ជំរុញ​ពី​លោក ងួ​ន រតនៈ គណ​អភិបាលខេត្ត​បាត់ដំបង បាន​ប្រកាសណែ​នាំ​មក​ថា…

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ និង​មន្ត្រី​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង​ បង្កើន​ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក ក្រោម​ការ​ជំរុញ​ពី​លោក ងួ​ន រតនៈ គណ​អភិបាលខេត្ត​បាត់ដំបង បាន​ប្រកាសណែ​នាំ​មក​ថា កន្លង​មកនេះ រដ្ឋបាល​ខេត្តបាត់ដំបងបាន​ធ្វើការ​ទប់ស្កាត់ បង្ក្រាប ការ​ទន្ទ្រាន​ដី​រដ្ឋ ជា​ពិសេស​ដី​ព្រៃ​លិច​ទឹក ដែល​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​ បាន​រំលោភ​បំពាន​យក ហើយ​រដ្ឋបាល​ខេត្ត​ក៏​បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង អប់រំ​ផ្សព្វផ្សាយ ដើម្បី​ធ្វើការ​ហាមឃាត់​ប្រជាពលរដ្ឋ​ដែល​រំលោភ​បំពាន​ដី​រដ្ឋ​ផង​ដែរ ។ ហើយរដ្ឋបាល​ខេត្ត​បាន​បង្កើត​ទីបញ្ជាការ​ស្រាល​ប្រចាំការ ដើម្បី​កំណត់​មុខ សញ្ញា ជនល្មើស និង​បាន​កសាង​សំណុំរឿង​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​មួយ​ចំនួន​ផង​ដែរ ។

រាល់​ការ​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ រដ្ឋបាល​ខេត្ត​ក៏មានការលំបាក និង​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត ដោយសារ​ទីតាំង​ដី​ព្រៃ​លិច​ទឹក និង​ដែន នេសាទ​មាន​ទំហំ​ធំ ហើយ​មន្ដ្រី​មាន​ចំនួន​តិច ខ្វះខាត​ធនធាន​មធ្យោបាយ ថវិកា និង​សម្ភារ ក្នុង​ការ​ចុះ​ទប់ស្កាត់​ជាដើម​។ លោក ម៉ឹ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ ​មិថុនា ​ថា លោក​តែងតែ​ដឹកនាំ​ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​ឲ្យ​យល់​ដឹង​ពី​ផ្លូវច្បាប់​ទាក់ទង​និង​ព្រៃ​លិច​ទឹក​នេះ និង​បាន​ដឹកនាំ ចុះ បង្ក្រាប​និង​កំណត់​មុខសញ្ញា​មេ​ក្លោ​ង​ជា​ច្រើន ដើម្បី​រៀបចំ​បញ្ជូន សំណុំរឿង​ទៅ​តុលា​ការ ។

អាជ្ញាធរ​ស្រុក ឃុំ ភូមិ ក៏​បាន​សហការ​ជាមួយ​មន្ត្រី​ជលផល សហគមន៍​នេសាទ និង​កងកម្លាំង តាម​ឃ្លាំមើល​ជា​ប្រចាំ នៅ​តំបន់​ព្រៃ​លិច​ទឹក ដើម្បី​ការពារ​មិន​ឲ្យ​ជនល្មើស​រុករាន​ថ្មី​ៗ​បន្ត​ទៀត ហើយ​អាជ្ញាធរ​ខេត្តបាត់ដំបង​ និង​មន្ត្រី​ជំនាញ​បាន​បង្កើន​ការ យកចិត្តទុកដាក់​ដោយ​សហការ​ជាមួយ​សហគមន៍​នេសាទ កងកម្លាំង​និង​ង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ទប់ស្កាត់​ការ​រុករាន​ព្រៃ​លិច ទឹក​ដើម្បី​បង្កបង្កើន​ផល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ហ្វូង​មច្ឆា​ជាតិ និងជីវៈចម្រុះ ។

លោក កក អ៊ី​ឡែ​ន នាយ​រង ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ព្រៃ​លិច​ទឹក ដែលក្រុម​ល្មើស រុករាន ភាគច្រើន​នៅ​តំបន់​ពីរ​និង​តំបន់​បី ដែល​ក្រុម​ជនល្មើស​បាន ប្រើ​ល្បិច​ផ្សេង​ៗ ដើម្បី​រុករាន​យក​ដី​មក​បង្កបង្កើន​ផល ។ ​ដោយ​ជនល្មើស​ខ្លះ​បាន​ប្រើ​ល្បិច​ដុត​ព្រៃ ហើយ​បាន​យក ស្រូវ​ទៅ​ព្រួស​នៅ​ពេល​យប់​ដោយ​បន្លំ​ថា​ជា​ដីស្រែ​ចាស់ ខ្លះ​ទៀត​បាន ប្រើប្រាស់​គ្រឿងចក្រ​រុករាន​ពី​ខាងក្នុង​ដោយ​ទុក​ព្រៃ នៅ​សងខាង បន្លំ​ភ្នែក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរជាដើម ។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា រយៈកាល​ចុង​ក្រោយ​នេះ​សកម្មភាព​រុករាន​ព្រៃ​លិច​ទឹក យក​ធ្វើស្រែ​ពី​សំណាក់​ជនខិលខូច​នៅ​តែ​ផុលផុស ដោយ​ប្រើប្រាស់​រូបភាព​ផ្សេង​ៗ បើ​ទោះបីជា អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់​យ៉ាង ណា​ក៏​ដោយ​។

លោក​បន្ត​ទៀត​ថា តាម​តួលេខ​ដែល​ចុះ​ស្រាវជ្រាវ​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០២០ ក្រុម​ជនល្មើស​បាន រុករាន​នៅ​ស្រុក​ចំនួន​បួន ដែល​មាន ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប មានស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង ស្រុក​ថ្មគោល អស់​ព្រៃ​លិច​ទឹក​ចំនួន ១០ ៩៩២ ហិ​កតា នៅ​ក្នុង​តំបន់​ពីរ​និង​តំបន់​បី និង ភ្លើង​ឆេះ​ព្រៃ អស់​ចំនួន ជាង​៨​ពាន់​ហិ​កតា​។ លោក កក អ៊ី​ឡែ​ន​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារ​តែ​ការ​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​មាន​សកម្មភាព​ផុលផុស អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​និង​ទប់ស្កាត់​ចំពោះ​សកម្មភាព​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ ។

នៅ​ដើមឆ្នាំ​២០២១​នេះ បង្ក្រាប​បាន​១១​ករណី ឃាត់ខ្លួន​ជនល្មើស​១៦​នាក់ និង​គ្រឿងចក្រ​៥​គ្រឿង​ព្រមទាំង​សម្ភារ​ជា​ច្រើន​ទៀត​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់ ។ លោក​បញ្ជាក់​ថាបើ​គិត​តាំងពី​ឆ្នាំ​២០១៥​មក មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​គ្នា ឃាត់ខ្លួន​ជនល្មើស​ដែល​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក បាន​៨០ នាក់ និង​គ្រឿងចក្រ ព្រមទាំង សម្ភារ​ជា​ច្រើន បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ទោះបី​យ៉ាងណា​មន្ត្រី​រដ្ឋបាល​ជលផល​ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​បង្ការ​ទប់ស្កាត់​ការ​រុករាន ព្រៃ​លិច​ទឹក មានការ​លំបាក​ផង​ដែរ​ដោយសារ​ទំហំ​ព្រៃ​លិច​ទឹក​នៅ​ខេត្តបាត់ដំបង​មាន​រហូត​ដល់​ជាង​២០​ម៉ឺន​ហិ​កតា ចំណែក​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​មាន​តែ​ជាង​២០​នាក់ កំពុងធ្វើការ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា រដ្ឋបាល​, វា​រីរ​ប្ប​កម្ម និង ទប់ស្កាត់​បទល្មើស​ជាដើម ។​លោក​បន្ថែម​ថា​ក្រៅពី​នោះ​មន្ត្រី​នៅ​ខ្វះខាត មធ្យោបាយ សម្ភារ ថវិកា​ក្នុង​ការ​ចុះ​បង្ក្រាប​ផង​ដែរ​។

លោក​បញ្ជាក់​ថា​ដូច្នេះ ទាមទា​ឲ្យ​មានការ​ចូលរួម​សហការ​យ៉ាង​សកម្ម​ពី អាជ្ញាធរ កងកម្លាំង ប្រដាប់​អាវុធ មន្ត្រី​សហគមន៍ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​គ្នា​ទប់ស្កាត់​ទាំងអស់​គ្នា​។ ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០១១ បាន​កំណត់​ដី​ព្រៃ​លិច​ទឹក​នៅ​៦​ខេត្ត​ជុំវិញ បឹង​ទន្លេសាប មាន​ចំនួន ៦៤៧ ៤០៦​ហិ​កតា ដោយឡែក​ខេត្តបាត់ដំបង​មានព្រៃ​លិច​ទឹក​ចំនួន ២០៦ ៩៥៣​ហិ​កតា ។ ​

អត្ថបទសរសេរ ដោយ