ឧបករណ៍នេះ មានឈ្មោះថា អង្កួច ឬកង្កួច ឬអន្កួច និយមហៅតាមតំបន់ផ្សេងៗគ្នា ជាឧបករណ៍តន្ត្រីម្យ៉ាងប្រើទោល តាំងពីដើមជារៀងរហូតមក ពុំដែលយកទៅចូលរួមប្រគំជាមួយនឹងឧបករណ៍តន្ត្រីទៀតណាឡើយ ហើយក៏គ្មានសំខាន់នៅក្នុងពិធីណា ដែរ ។ ឧបករណ៍នេះ មានកំណើតយូរលង់មកហើយនៅលើទឹកដីយើងនេះ ប៉ុន្តែពុំសូវសម្បូរសោះរហូតមកដល់សព្វថ្ងៃនេះ ។
តាមបន្ទូលរបស់សម្តេចសង្ឃរាជជួន ណាត ក្នុងឆ្នាំ១៩៦៥ នៅមហាកុដិនាវត្តឧណ្ណាលោម ក្នុងឱកាសប្រជុំតូច ជាមួយនឹងក្រុមនិស្សិតផ្នែកតន្ត្រីបុរាណយើងខ្ញុំ ដឹកនាំដោយលោកហង្ស ធុនហាក់ និងលោកេឆង ផុន ស្តីអំពីបញ្ហាតន្ត្រីបុរាណ ព្រះអង្គមានបន្ទូលថា “អង្កួចធ្វើអំពីឫស្សី ខ្មែរយើងធ្វើត្រាប់ តាមជនជាតិរស់នៅលើកោះប័រណេអូ (Borneo) អង្កួចធ្វើអំពីដែក ខ្មែរយើងធ្វើត្រាប់តាមជនជាតិម៉ុងហ្គោលី (Mongolia) រីឯអង្កួចខ្សែ ខ្មែរយើងបង្កើតដោយខ្លួនឯងដោយបំបែកចេញមកពីឧបករណ៍ម្យ៉ាងឈ្មោះអន់ ថួច ធ្វើអំពីបំពង់ឫស្សីប៉ុនកដៃ ស្រដៀងគ្នានឹងត្រដោកឫស្សីដាក់ខ្សែមួយ គោះដោយអន្លូងតូចប៉ុនចង្កឹះ ឮសូរតែម្យ៉ាងគ្មានបទបែបទេ ប៉ុន្តែក្រោយមកគេយកអន់ថួចនេះ មកដាក់ផ្អឹបនឹងមាត់ត្រង់ចុងម្ខាងនៃខ្សែ គោះបញ្ចេញបទបែបបានយ៉ាងស្រួល, ឧបករណ៍អង្កួចទាំងអស់់ខាងលើនេះមិនសំខាន់ក្នុងពិធីណាឡើយ” ។
តាមបន្ទូលរបស់សម្តេចសង្ឃខាងលើនេះមានលក្ខណៈសមស្របដែរ ពីព្រោះទំនាក់ទំនងស្អិតល្មួតរវាងខ្មែរនឹងជនជាតិជ្វាមានតាំងពីយូរយារណាស់មកហើយ ពិសេសក្នុងរាជស្តេចជ័យវរ្ម័នទី២ នាចុងឆ្នាំនៃសតវត្សទី៨ ។ ទំនាក់ទំនងខ្មែរនឹងម៉ុងហ្គោលីមានតាំងពីក្នុងរាជស្តេចគូប៊ីឡៃខាន់ (Koubilai Khan ស្តេចម៉ុងហ្គោល) ។ ស្តេចអង្គនេះបានបញ្ជាឱ្យឧត្តមសេនីយ៍សុង ហ្គាទូ (Songatou) ចូលមកទន្ទ្រានទឹកដីខ្មែរក្នុងឆ្នាំ១២៨៣ ដល់ឆ្នាំ១២៨៥ ខ្មែរត្រូវបញ្ជូនសួយសារអាករទៅថ្វាយស្តេចគូប៊ីឡៃខាន់ (ក) ។ ទំនាក់ទំនងបែបនេះអាចជាប្រភពនៃការឆ្លងគ្នាខាងវិស័យវប្បធម៌ (មានអង្កួចដែក) ក៏សឹងមាន ។
សព្វថ្ងៃនេះ អង្កួចធ្វើអំពីឫស្សីមាននៅខេត្តសៀមរាបយា៉ងតិចតួួចបំផុត ហើយពុំសូវមានអ្នកពូកែលេងវាឡើយ ។ អង្កួចធ្វើអំពីដែកមាននៅខេត្តពោធិ៍សាត់តំបន់ភ្នំក្រវាញ មានក្នុងចំណោមជនជាតិ ប៉ុន្តែមិនសម្បូរទេ ។ អង្កួចខ្សែមាននៅខេត្តមណ្ឌលគិរីក្នុងចំណោមជនជាតិដែរ ប៉ុន្តែអង្កួចបែបនេះស្ទើរតែបាត់បង់ទៅហើយ ។ អង្កួចទាំង៣បែបនេះមានរបៀបប្រើប្រាស់ និងរបៀបធ្វើមិនដូចគ្នាទេ ។
អង្កួចធ្វើអំពីឫស្សី មានទំហំប៉ុនម្រាមដៃប៉ុន្តែសំប៉ែត មានប្រវែងជាងមួយចំអាមដៃ។ អណ្តាតធ្វើអំពីបន្ទះឫស្សីតូចស្តើងវែង ដែលឆ្កឹះចេញពីចំកណ្តាលនៃតួ ។ គេត្រូវយកបន្ទះឫស្សីជាប់ថ្នាំងម្ខាងបិតឱ្យជមក្បាលបន្តិច បន្ទាប់ពីថ្នាំងមក គេត្រូវបិទឱ្យស្តើងរៀវទៅខាងចុង ។ អណ្តាតត្រូវបិតឱ្យស្តើងដើម្បីងាយរលាស់ចេញសំនៀងបានល្អ។ នៅពេលផ្លុំម្តងៗ គេយកអង្កួចទៅដាក់ចន្លោះបបូរមាត់ទាំងពីរ ហើយកៀបឱ្យមានលំនឹងត្រង់ចំណុចចុងអណ្តាត អង្កួចមិនឱ្យប៉ះធ្មេញ
ទេ ។ គេប្រើម្រាមដៃផ្ទាត់អណ្តាតឱ្យរលាស់លាន់សំនៀងឮឡើង ។ ដើម្បីឱ្យបានទៅជាបទបែបតាមគេចង់បាននោះ គេប្រើបបូរមាត់ទាំងពីរបិទបើកផង គូបផ្សំនឹងអណ្តាតយើងផង និងខ្យល់ផ្លុំពីក្នុងផង ។
អង្កួចធ្វើអំពីដែកមានរាងដូចស្លឹកឈើ ខ្លះទៀតមានរាងមូលដូចព្រះចន្ទ ។ អង្កួចនេះ គេយកដែកសរសៃ ឬដែកផ្សេងទៀត ដែលមានសាច់ស្វិតមកធ្វើ ។
អណ្តាតធ្វើអំពីដែករស់ដូចជាដែករណារជាដើម ហើយមានបណ្តោយវែងជាងតួ ។ ផ្នែកខាងគល់អណ្តាតធំ ជាប់នឹងតួចំកណ្តាលផ្នែកខាងចុងតូចស្តើងរៀវ ង ពីត្រឹមផុតតួទៅមានត្រម៉ោងមូលតូចមួយនៅខាងចុងផុត សំរាប់សំរួលដល់ម្រាមដៃនៅពេលគោះអណ្តាតនោះម្តងៗ ។ នៅពេលផ្លុំម្តងៗ គេយកតួអង្កួចមកពិតនឹងធ្មេញឱ្យជាប់ដើម្បីសំរួលដល់ការរលាស់អណ្តាត ។ គេយកម្រាមដៃទៅគោះបញ្ចូលត្រង់ត្រម៉ោងមូលខាងចុង ដើម្បីឱ្យអណ្តាតរលាស់មាន សំនៀងឮឡើង ។
ដើម្បីឱ្យបានទៅជាបទបែប ត្រូវគួបផ្សំការបិទបើកបបូរមាត់ជាមួយនឹងអណ្តាតយើងខាងក្នុងរួមផ្សំនឹងខ្យល់ផ្លុំ ឬខ្យល់បឺតចូលផងដែរ ។
អង្កួចធ្វើអំពីខ្សែ មានប្រវែងមិនលើសពីមួយសាច់ឫស្សីទេ មានទំហំប៉ុនកដៃឬតូចជាង ។ គេយកឫស្សីមួយសាច់ដោយទុកថ្នាំងសងខាង រួចចោះប្រហោងប៉ុនចង្កឹះ តាមបណ្តោយរហូតពីថ្នាំងម្ខាងទៅថ្នាំងម្ខាងទៀត ។ នៅចំពីលើប្រហោងបណ្តោយនោះមានលាតសន្ធឹងដោយខ្សែសំនៀងធ្វើអំពីខ្សែកៅស៊ូសំប៉ែតតូចល្មមមួយ ដែលចង ភ្ជាប់ចុងសងខាងត្រង់ថ្នាំងមានកំណល់តូចពីរ ដែលកល់ខ្សែត្រង់ចុងប្រហោងសងខាងឱ្យផុតពីបំពង់ឫស្សី ងាយនឹងគោះខ្សែនោះឱ្យចេញសំនៀង ។ គេយកអង្កួចមកផ្អិបនឹងមាត់ត្រង់គល់ខ្សែម្ខាង រួចគេយកអន្លូងធ្វើអំពីបន្ទះឫស្សីតូចស្តើងមួយមកគោះខ្សែឱ្យចេញសំនៀង ។ គេប្រើសំនៀងទៅតាមបទបែបដោយសារការបើកបិទបបូរមាត់ទាំងពីរគួបផ្សំនឹងការកំរើកអណ្តាតយើងខាងក្នុង ដូចអង្កួចទាំងពីរប្រភេទខាងលើដែរ ។
អង្កួចឫស្សី និងអង្កួចដែករបស់យើងមានសណ្ឋានរាងរៅមិនប្រែប្រួលទេ តាំងពីសម័យដើមដ៏យូរលង់រហូតមកដល់បច្ចុប្បន្ននេះ ៕ (ស្រាវជ្រាវដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)
ចែករំលែកព័តមាននេះ