ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មរតក​តេ​ជោ បុរី​ស្វា​រៈ ផ្តួចផ្តើម​កសាង​ដោយ​រាជរដ្ឋាភិបាល សម្រេច​បាន​៩០%​ហើយ និង​បញ្ចប់​នៅ​ដើមឆ្នាំ​២០១៦​នេះ

8 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ទី​អារាម​មួយ​កន្លែង​ដែល​ទើប​កកើត​ថ្មី ឈ្មោះ​វត្ត​មរតក​តេ​ជោ​បុរី​ស្វា​រៈ ដែល​ជាទី​អារាម​ផ្តួចផ្តើម​សាងសង់​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយ​ពេល​បង្កើត​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ស្ថិត​ក្នុង​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត សម្រេច​បាន​៩០%​ហើយ

ខេត្តព្រះវិហារ ៖ ទី​អារាម​មួយ​កន្លែង​ដែល​ទើប​កកើត​ថ្មី ឈ្មោះ​វត្ត​មរតក​តេ​ជោ​បុរី​ស្វា​រៈ ដែល​ជាទី​អារាម​ផ្តួចផ្តើម​សាងសង់​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយ​ពេល​បង្កើត​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ស្ថិត​ក្នុង​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត សម្រេច​បាន​៩០%​ហើយ នឹង​សាងសង់​បញ្ចប់​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក សួ​ស យ៉ា​រ៉ា តំណាងរាស្ត្រ​ខេត្តព្រះវិហារ បាន​ថ្លែង​ក្នុង​ឱកាស​ដង្ហែ​អង្គ​កឋិនទាន​របស់​លោក និង​អាជ្ញាធរ​ខេត្តព្រះវិហារ រួម​ជាមួយ​ក្រុមការងារ​អាជ្ញាធរ​ពិសេស​ថ្នាក់​ជាតិ​ប្រចាំ​តំបន់​ប្រាសាទព្រះវិហារ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា ទី​អារាម​ក៏​ដូច​ជា​សមិទ្ធផល​ជា​ច្រើន ដែល​កកើត​ឡើង​ទាំង​អស់នេះ ដោយ​មានការ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពី​​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ប្តូរ​ទីលំនៅ​ប្រជាជន​ពី​ចំណុច​ភូមិ​គ​១ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ដែល​រស់នៅ​ក្នុង​តំបន់​អភិរក្ស និង​ការពារ​ដោយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដើម្បី​មក​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ថ្មី ដែល​កកើត​ឡើង​ក្នុង​ឆ្នាំ​២០១០​កន្លង​ទៅ ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ទី​អារាម​ខាងលើ​ដែល​កំពុង​សាងសង់​នៅ​ពេល​នេះ​សម្រេច​បាន​លទ្ធផល ៩០%​ហើយ នៅ​សល់​តែ​១០%​ប៉ុណ្ណោះ នឹង​សាងសង់​បញ្ចប់​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​នេះ និង​រង់ចាំ​ការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៦​នេះ ។

លោក អ៊ុ​ន ចាន់​ដា អភិបាលរង​ខេត្តព្រះវិហារ ជំនួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ បាន​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើត​ឡើង​នូវ​សមិទ្ធផល​នានា​ជា​ច្រើន​ដូច​ជា សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ផ្លូវថ្នល់​ខ្វាត់ខ្វែង នៅ​ក្នុងភូមិ​ថ្មី​ខាងលើ​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួក​គាត់ ។

សូម​បញ្ជាក់​ថា ការ​ដង្ហែ​អង្គ​កឋិនទាន​ខាងលើ​នេះ ជា​លើក​ទី​៦​ហើយ ដែល​ដង្ហែ​ចូល​វត្ត​មរតក​តេ​ជោ បុរី​ស្វា​រៈ ស្ថិត​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ដែល​បច្ច័យ​ទាំងអស់​បាន​មក​ពី​ការ​ចូលរួម​ពី​បណ្តា​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស រួម​ជាមួយ​ស្ថាប័នរដ្ឋ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្តែង​បច្ច័យ​ដែល​បាន​មក​ពី​ការ​ដង្ហែ​អង្គ​កឋិនទាន​នៅ​ថ្ងៃ​ដែរ​សរុប​ចំនួន​៩៩៩៩៩​ដុល្លារ​អា​មេ​រិ​ក ៕