ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​កង្កែប នៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ត្អូញត្អែរថា គ្មាន​ទីផ្សារ

1 ខែ មុន
  • Banteay Meanchey

​ខេត្តបន្ទាយមានជ័យ​៖ កសិករ​នៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ប្រកប​របរ​ចិញ្ចឹម​កង្កែប បាន​ត្អូញត្អែរ ខណៈ​កង្កែប​របស់​ពួក​គាត់ បាន​ផល​ហើយ តែ​ឆ្នាំនេះ គ្មាន​ទីផ្សារ​លក់​មិន​ចេញ​។ ក្រុម​អ្នក​ចិញ្ចឹម​កង្កែប…

​ខេត្តបន្ទាយមានជ័យ​៖ កសិករ​នៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ប្រកប​របរ​ចិញ្ចឹម​កង្កែប បាន​ត្អូញត្អែរ ខណៈ​កង្កែប​របស់​ពួក​គាត់ បាន​ផល​ហើយ តែ​ឆ្នាំនេះ គ្មាន​ទីផ្សារ​លក់​មិន​ចេញ​។ ក្រុម​អ្នក​ចិញ្ចឹម​កង្កែប ព្រួយបារម្ភ និង​ជួបប្រទះ​បញ្ហា ដោយ​គ្មាន​ប្រាក់​សងបំណុល​ធនាគារ ដែល​អ្នកស្រុក​ហៅថា បង់​អង្គការ និង​គ្មាន​ប្រាក់​ទិញ​ចំណី​ឲ្យ​ប​ង្កែ​ប​ស៊ី​។ តែ​ខាង​មន្ទីរ​ពាណិជ្ជកម្ម សូម​ឲ្យ​ទាក់ទង​មក នឹង​រក​ទីផ្សារ​លក់​កង្កែប​ឲ្យ​។​

​បងប្រុស ស្រី សុខា រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត ជា​កសិករ​ចិញ្ចឹម​ប​ង្កែ​ប បាន​រៀបរាប់ថា គាត់​បាន ប្រកប​របរ​ចិញ្ចឹម​កង្កែប​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ឆ្នាំនេះ បាន​ចិញ្ចឹម​កង្កែប ចំនួន ៦​ស្បៃ​។ ក្នុង ១​ស្បៃ ដាក់​កង្កែប​ប្រហែល ១ ០០០​ក្បាល យ៉ាងតិច​។ គាត់​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន ក្នុង​ការទិញ​ចំណី​ឲ្យ​ប​ង្កែ​ប​ស៊ី ហើយ​សព្វថ្ងៃនេះ ១​ថ្ងៃ ត្រូវ​ចំណាយ​ចំណី ១​ការុង ស្មើនឹង ៨​ម៉ឺន​រៀល ឲ្យ​កង្កែប​ស៊ី ជា​រៀងរាល់ថ្ងៃ​។ ដោយសារតែ​លក់​មិន​ចេញ គ្មាន​ទីផ្សារ ធ្វើ​ឲ្យ​គាត់​ជួប​ការលំបាក គ្មាន​ថវិកា​នឹង​ទិញ​ចំណី ឲ្យ​កង្កែប​ស៊ី ហើយ​ខ្ចីលុយ​ធនាគារ យកមក​ទិញ​ចំណី​ឲ្យ​វា​ស៊ី កាន់តែ​ជួប​នូវ​ការលំបាក​បន្ថែមទៀត ដោយ​កង្កែប​សព្វថ្ងៃ លក់​មិន​ចេញ​ទាល់តែសោះ​។​

​កសិករ​រូបនេះ បន្តថា បើ​ឆ្នាំទៅ​មិញ គ្រាន់​មាន​ទីផ្សារ មាន​ម៉ូយ​។ មកដល់​ឆ្នាំនេះ ជួប​បញ្ហា​ជំងឺ​កូ​វីដ​១៩ គ្មាន​ម៉ូ​យមក​ទិញ​ទាល់តែសោះ​។

​ចំណែកឯ​បងប្រុស ពុធ ឈួ​ង កសិករ​ចិញ្ចឹម​កង្កែប នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត​នោះដែរ ក៏បាន​លើក ឡើង មិន​ខុស​នឹង​បងប្រុស ស្រី សុខា ទេ​។ គាត់​សព្វថ្ងៃ ចិញ្ចឹម​កង្កែប ចំនួន ១១​ស្បៃ​។ ក្នុង ១​ស្បៃ ក៏​មិនតិចជាង ១០០០​ក្បាល​ដែរ​។ ហើយ​លក់​មិន​ចេញ នៅពេល​ទទួលផល​ហើយ​នោះ ព្រោះតែ​គ្មាន​ទីផ្សារ​។​

​ក្រុម​អ្នក​ចិញ្ចឹម​កង្កែប ក៏បាន​សំណូមពរ ដល់​អាជ្ញាធរ ក៏ដូចជា មន្ទីរជំនាញ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម ជួយ​រក​ទីផ្សារ ដល់​ពួកគាត់ បាន​លក់​ប​ង្កែ​ប ដើម្បី​យកលុយ​បង់​ធនាគារ និង​បាន​ទិញ​ចំណី ឲ្យ​ប​ង្កែ​ប ដែល​នៅ​តូចៗ បន្ថែមទៀត​។​

​ជាមួយគ្នា​នោះដែរ លោក ហួត សា​វឺ ចៅសង្កាត់​ភ្នៀ​ត បាន​បញ្ជាក់ថា នៅក្នុង​ទូទាំង​សង្កាត់​ភ្នៀ​ត​នេះ មាន​កសិករ​ចិញ្ចឹម​កង្កែប ចំនួន ៥៨​គ្រួសារ បច្ចុប្បន្ន ជួប​បញ្ហា​ទីផ្សារ​លក់​កង្កែប មិន​ចេញ​។ ដូច្នេះ​ក្នុង​លោក​នាម​លោក ដែលជា​អាជ្ញាធរ​មូលដ្ឋាន ក៏​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង ខេត្ត ក៏ដូចជា​មន្ទីរជំនាញ និង​មន្ទីរ​ពាក់ព័ន្ធ ជួយ​រក​ទីផ្សារ​កង្កែប​ដល់​កសិក​រ ដែល​បាន​ខិតខំ​ចិញ្ចឹម​កង្កែប បាន​លក់​ចេញ​ផង ដើម្បី​បាន​ថវិកា​នោះ​ដោះស្រាយ​បង់​ធនាគារ និង​ដើម្បី​ជីវភាព​របស់​ពួកគាត់​។​

​ជុំវិញ​បញ្ហា​នេះ លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ទទួលបន្ទុក​ការិយាល័យ អភិវឌ្ឍន៍​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​បញ្ហា​ទីផ្សារ​កង្កែប ដែល​កសិករ នៅក្នុង​សង្កាត់​ភ្នៀ​ត ជួបប្រទះ​នេះ ក្នុងនាម​មន្ទីរ នឹង​ខិតខំ​ជួយ​រក​ទីផ្សារ​ជូន​ពួកគាត់ ហើយ​មួយវិញទៀត បងប្អូន​អ្នក​ចិញ្ចឹម​កង្កែប ដែល​កំពុង​ជួបប្រទះ​បញ្ហា​ទីផ្សារ មន្ទីរ​សូម​លើកទឹកចិត្ត​ឲ្យ​ពួកគាត់ អាចមក​លក់ដូរ​នៅ​ផ្សារ​សហគមន៍​របស់​ខេត្ត​បាន ដោយ​មិនមាន​គិត​តម្លៃ​ស្តង់​នោះទេ តែ​ត្រូវ​ទាក់ទង​មក​មន្ទីរ​ជាមុនសិន តាមរយៈ​លោក សោម សុខា អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លេខ​ទូរ​សព្ទ 017 84 54 84 ក្រុមការងារ នឹង​សម្រួល​កន្លែង​លក់ដូរ ជូន​បងប្អូន​៕ ណុប រក្សា