ខេត្តកណ្តាល ៖ ក្រុមចោរជិះរថយន្តដើរប្លន់ម៉ូតូពីពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានជាច្រើនលើក ដែលប្រព្រឹត្តនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទីយប់ ចំណុចលើផ្លូវជាតិលេខ៦ មុខឡឥដ្ឋរបស់ឈ្មោះព្រាប កុយ ក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលនោះ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «លួចមានស្ថានទម្ងន់ទោស» តាមបញ្ញាត្តិមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
ជនរងគ្រោះខាងលើឈ្មោះយ៉ុន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ AMK ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទីលំនៅសព្វថ្ងៃក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនត្រូវចោទមានគ្នា៤នាក់ ក្នុងនោះស្រីម្នាក់ ដោយ ៖
ទី១-ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
ទី២-ឈ្មោះ ស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (គូរដណ្តឹងរបស់ម៉ាលីរ៉យ៉ើរ) មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៧១ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ទី៣-ឈ្មោះ ទិត្យ បញ្ញាខារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៤៩ ផ្លូវលំ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង
ទី៤- ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់អីវ៉ាន់តាមអនឡាញ មានទីលំនៅបច្ចុប្បន្នក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលទទួលបានបញ្ជាក់ថា មុនកើតហេតុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥និង១០នាទីទៀបភ្លឺ ចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះរបស់ឈ្មោះនូ នៀត ក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាលនោះ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ឃុំ និងកម្លាំងប្រជាការពារ ចេញល្បាតពួនស្ទាក់ និងបន្តការស្រាវជ្រាវ ក្នុងភូមិសាស្ត្រស្រុក ដើម្បីច្បាមចាប់មុខសញ្ញាជនសង្ស័យជិះរថយន្តម៉ាក TOYOTA PRIUS ដែលធ្វើសកម្មភាពលើជនរងគ្រោះ ។
ប្រភពដដែលបន្តថា រហូតមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទី កម្លាំងសកមត្ថកិច្ចក៏បានចេញល្បាតពួនស្ទាក់ រហូតដល់វេលាម៉ោង០៣និង០០នាទី ក៏បានឃើញរថយន្ត និងជនសង្ស័យខាងលើ ឈប់នៅចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានការសង្ស័យកម្លាំងល្បាតក៏បានឈប់រថយន្តបម្រុងចុះសួរនាំ និងត្រួតពិនិត្យ ភ្លាមៗនោះជនសង្ស័យក៏បាននាំគ្នាបើករថយន្តរត់គេចតាមបណ្ដោយផ្លូវជាតិលេខ៦ លុះពេលមកដល់ចំណុចតារាងបាល់នំបញ្ចុករបស់ឈ្មោះ យឹម ប៊ុនលាង ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជនសង្ស័យក៏បានទម្លាក់ដាវចោលនៅទីនោះ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការដេញពីក្រោយ រហូតមកដល់ចំណុចមុខឡឥដ្ឋរបស់ឈ្មោះ ព្រាប កុយ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏ត្រូវកម្លាំងសមត្ថកិច្ចយើងមួយក្រុមទៀត ធ្វើការស្ទាក់ចាប់បានរថយន្តនោះជាប់តែម្តង ហើយក៏បាននាំជនសង្ស័យ និងរថយន្តខាងលើ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។
ប្រភពដដែលបន្តទៀតថា លុះនៅវេលាម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃបន្ទាប់ ប្រជាពលរដ្ឋឈ្មោះ ខន សុផល ភេទស្រី អាយុ៥៤ឆ្នាំ បានជិះម៉ូតូទៅទិញបន្លែ និងត្រីសាច់នៅផ្សារព្រែកអញ្ចាញ ហើយក៏រើសបានដាវនោះតែម្តង ហើយរហូតដល់ម៉ោង១០និង០០នាទីព្រឹក ទើបឈ្មោះ ខន សុផល បានយកដាវដែលរសើបាននោះមកប្រគល់ឱ្យសមត្ថកិច្ច ។
គួរបញ្ជាក់ថា នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា «នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមខ្លួនបានមកឈប់រថយន្តទីតាំងខាងលើ ដើម្បីរៀបចំធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចឃាត់បាន។ ហើយកន្លងមក ក្រុមខ្លួនធ្លាប់មកធ្វើសកម្មភាពក្នុងស្រុកមុខកំពូលតាមបណ្ដោយផ្លូវជាតិលេខ៦នេះ ចំនួន៣លើកមកហើយ ហើយក៏បានសម្រេចចំនួន១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះឈ្មោះយ៉ុន សុផានិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥និង១០នាទីទៀបភ្លឺ នៅចំណុចភូមិក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយយកបានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន០១គ្រឿង ក្រោយពីយកម៉ូតូបានហើយ ក៏យកទៅលក់ឲ្យឈ្មោះទី នៅម្ដុំឃ្លាំងរំសេវ រាជធានីភ្នំពេញ ក្នុងមួយគ្រឿងបានតម្លៃ៦០០$។
ចែករំលែកព័តមាននេះ