ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើពេលតែ ៣ ឆ្នាំ លោក ហួត លាង អភិវឌ្ឍន៍ការចិញ្ចឹមគោពី ៣៨ ក្បាល ដល់ ៤០០ ក្បាល

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ដំបូងឡើយ លោក ហួត លាង កសិករនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ…

រាជធានីភ្នំពេញ ៖ ដំបូងឡើយ លោក ហួត លាង កសិករនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាអ្នកចិញ្ចឹមគោតាមធម្មជាតិ ។ គោរបស់លោក លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និងមិនបានអនុវត្តជីវសុវត្ថិភាព មិនខុសពីគោអ្នកស្រុកនោះឡើយ ។ នៅឆ្នាំ ២០១៣ លោកមានគោ ៧ ក្បាល ៣ ឆ្នាំបន្ទាប់មកចំនួនគោកើបាន ៣៨ ក្បាល ប៉ុន្តែដោយសារការចិញ្ចឹមខ្វះបច្ចេកទេស ធ្វើឲ្យរបរចិញ្ចឹមគោរបស់លោកស្ទើរដួលរលំ ។

កសិករ ហួត លាង ដែលបច្ចុប្បន្នជាម្ចាស់កសិដ្ឋានចិញ្ចឹមគោពូជ និងលក់សាច់ផងបានឲ្យដឹងថា ក្រោយពីបានមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានចុះណែនាំ និងផ្ដល់បច្ចេលទេសចិញ្ចឹមមានដូចជាការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង ការទម្លាក់សត្វល្អិត និងការធ្វើជីវសុវត្ថិភាព ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ននេះលោកមានគោ ៤០០ ក្បាល ។

គោទំាងជាង ៤០០ ក្បាល ជាកូនគោជំទង់ គោមេ និងគោបា ។ ជាមធ្យមកសិកររូបនេះ អាចលក់គោបានចំនួនពី ៦ ទៅ ៨ ក្បាលមួយថ្ងៃ ។ ចំពោះតម្លៃគោរស់ទិញចូល ១៣ ៨០០ រៀលក្នុងមួយគីឡូក្រាម និងលក់ចេញ ១៤ ៥០០ រៀលក្នុងមួយគីឡូក្រាម ។ លើសពីនេះ បច្ចុប្បន្នកសិដ្ឋានលោកមានវាលស្មៅចំនួន ៦ ហិកតា សម្រាប់ទុកឲ្យសត្វស៊ី ដោយលាយផ្សំជាមួយចំណីសម្រេច កាកស្រាបៀ និងដំឡូងមី ។ ក្រៅពីចំណូលបានពីលក់គោរស់ នៅមានចំណូលដ៏សំខាន់មួយទៀតគឺលក់លាមកម៍គោ ក្នុង ១ ឆ្នាំប្រមាណជាជាង ៨០ លានរៀលទៀតផង ។ 

នៅព្រឹកថ្ងៃទី ១២ មិថុនានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅដល់កសិកដ្ឋានរបស់លោក ហួត លាង ។ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យលោក ហួត លាង ឲ្យបន្តខិតខំលើការងារបច្ចេកទេសចិញ្ចឹម និងប្រសិទ្ធភាពសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ធ្វើយ៉ាងណារក្សាបាននូវនិរន្តរភាពនៃកំណើនផលិតកម្មគោសាច់ និងកំណើនសេដ្ឋកិច្ចគ្រួសារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារសាច់ដែលមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ។

ជាការកត់សម្គាល់នៅក្នុងការងារផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រុមការងារកំពុងកែលម្អពូជសត្វមានគោ ជ្រូកជាដើមនោះ តាមរយៈការចុះចុះអប់រំផ្សព្វផ្សាយពីការជ្រើសរើសពូជសត្វគ្រប់ប្រកបដោយគុណភាព ការលើកកម្ពស់ការយល់ដឹងខ្ពស់ពីការប្រើប្រាស់ចំណីសត្វនិងចំណីផ្សំស្រេចប្រកបដោយគុណភាពនិងសុវត្ថិភាព ព្រមទំាងបន្តផ្សព្វផ្សាយអំពីអត្ថប្រយោជ៍នៃការដាំដំណាំចំណីសត្វ ការធ្វើសួនដំណាំចំណីសត្វជាដើម ៕