ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់កាបូនបានទំាងថវិកា និងបង្ហាញពីកិច្ចប្រឹងប្រែងការពារព្រៃឈើរបស់កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាទទួលបានថវិកាចំនួន ១១,៦ លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney…

រាជធានីភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាទទួលបានថវិកាចំនួន ១១,៦ លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci ។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូន សាក ល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui» ហើយបច្ចុប្បន្ននេះ តំបន់ការពារធម្មជាតិចំនួន ៤ ក្នុងខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានផ្ទៃដីសរុប ចំនួន ៥៤៦,១២៩,៤១ ហិកតា កំពុងសិក្សាដើម្បីវាយតម្លៃ មុននឹងដាក់លក់កាបូននៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្តផងដែរ ។

មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន បានប្រគល់តួនាទីនឹងឱ្យអង្គការ WCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះ ។ ក្រុមការងារកំពុងតែឈានដល់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ពិនិត្យទៅលើការចាប់ផ្តើមក្នុងការធ្វើកំណត់តំបន់ ក្នុងការសិក្សា វាយតម្លៃលើកម្រិត បាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់ហ្នឹង ហើយបន្ទាប់ទៅនឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យ លើស្ថានភាពទាំងអស់ហ្នឹង មុននឹងដាក់លក់ជាសាធារណៈ ហើយព័ត៌មានដែលពាក់ព័ន្ធនឹងដាក់ជូនសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹង ។

លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ ។ បន្ថែមនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម ។

លោកបានបន្ថែមថា ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន ។ លោកបានគូសបញ្ជាក់ថា នេះជាមោទភាពមួយដែលកម្ពុជា ពីមុនត្រូវរងការរិះគន់ ពីសំណាក់មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ ។ ដូច្នេះ តាមរយៈការតាំងនេះរបស់កម្ពុជាលើកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារព្រៃឈើរបស់ខ្លួន ។

«ការរៀបចំគម្រោងលក់ឥណទានកាបូននេះ គឺអង្គការរបស់លោកបានរៀបចំដកស្រង់នូវបទពិសោធន៍មួយចំនួនដែលអង្គការ WCS បាននឹងកំពុងតែអនុវត្តបានដោយជោគជ័យ ចំពោះការងាររៀបចំគម្រោងរេដបូកនេះ នៅភាគខាងកើតប្រទេសកម្ពុជា គឺក្នុងដែនជម្រកសត្វព្រៃកែវសីមា ដូច្នេះ សម្រាប់បទពិសោធន៍ដែលយើងទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃកែវសីមា ដែលមានរយៈពេល ១ ឆ្នាំកន្លងមកនេះ នឹងត្រូវយកមកអនុវត្តគម្រោងនេះ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ» នេះជាការបញ្ជាក់របស់លោក កែន សេរីរដ្ឋា ។

សូមជម្រាបថា តំបន់ការពារធម្មជាតិទាំង ៤ នៅក្នុងខេត្តព្រះវិហារ ដែលកំពុងឈានទៅដល់ការលក់កាបូនស្ម័គ្រនេះគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត ១០,០០០ គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត ៥ ប្រភេទមាន ៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំ-កស ជាដើម ៕