ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរបាន​ប្រើ​កម្លាំងរាប់រយ​នាក់ ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទះទឹក​ បែ​ចិញ្ចឹម​ត្រី​តាម​ការ​គ្រោងទុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​នានា នៅ​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ​បាន​ប្រើ​កម្លាំង​រាប់រយ​នាក់​ចុះ​អនុវត្តន៍​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ទៅ​តាម​ការ​គ្រោងទុក ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​នានា នៅ​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ​បាន​ប្រើ​កម្លាំង​រាប់រយ​នាក់​ចុះ​អនុវត្តន៍​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ទៅ​តាម​ការ​គ្រោងទុក ។

ដោយឡែក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រើ​កម្លាំង​ប្រមាណ​មិន​តិច​ជាង​២០០​នាក់​នោះ​ទេ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដែល​ដឹកនាំ​ដោយ​លោក សុខ សម្បត្តិ បាន​ជួប​ប្រមូលផ្តុំ​គ្នា​នៅ​វត្ត​គ្រួ​ស ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​ចុះទូក​ជា​ច្រើន​គ្រឿង​ណែនាំ​អោយ​ម្ចាស់​បែ​ទាំងនោះ រុះរើ​ចេញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ​គេ​ឃើញ​សមត្ថកិច្ច​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​អូស​បែ​ចេញ​យក​ទៅ​ទុក​នៅ​ត្រង់​សង្កាត់​សំរោង ព្រុំប្រទល់ ស្រុក​ពញាឮ ខេត្តកណ្តាល និង​មួយ​ចំនួន​ទៀត​ក៏​បាន​បន្ត​រុះរើ​ដោយ​ខ្លួនឯង និង​បាន​មក​ធ្វើ​រោង និង​ប្រក់​តង់​ស្នាក់​នៅ ឯ​មាត់ច្រាំង​ទន្លេ ។ ចំណែក​មួយ​ចំនួន​ទៀត​នៅ​ស្ងៀម​នៅឡើយ ។

នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​ព្រែក​ព្នៅ តាម​លោក សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បានអោយ​សារព័ត៌មាន​ដឹង​ថា មាន​បែ​ចិញ្ចឹម​ផ្ទះទឹក​ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ប្រមាណ​ជា​៣០០​ខ្នង និង​បាន​រុះរើ​បាន​ប្រមាណ ៧០​ខ្នង រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ និង​បាន​បន្ត​រុះរើ បន្ត​ទៀត ។

ចំណែក រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ ២០២១​នេះ​ដែរ ក៏​បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​២០០​នាក់​ដែរ ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ ។ នៅ​ព្រឹក​នោះ​គេ​ឃើញ​សមត្ថកិច្ច​បាន​ចែង​ចែក​ជា​ក្រុម​ៗ​ចុះ​ទៅ​តាម​សង្កាត់​នីមួយ​ៗ ។

ទន្ទឹម​នោះ​ម្ចាស់​បែ​ក៏​បាន​បន្ត​រុះរើ​បណ្តើរ​ៗ និង​មួយ​ចំនួន​ទៀត បាន​ធ្វើ​កិច្ចសន្យា​រុះ​ដោយ​ខ្លួនឯង និង​ខ្លះ​អាជ្ញាធរ​ក៏​បាន​ជួយ​រុះរើ​ផង​ដែរ ។ តាម​អាជ្ញាធរ អោយ​ដឹង​ថា នៅ​ក្នុង​ការ​អនុវត្ត​នេះ​មិន​មាន​បាតុភាព​អ្វី​នោះ​ទេ ។

គួរ​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​តម្រូវ​អោយ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយៈពេល​០១​ស​ប្តា​ហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ ។

តាម​សេចក្តី ជូនដំណឹង​របស់រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ និង​សាធារណៈជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ នៅ​លើ​ផ្ទៃ​ទន្លេ​ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ​គោក​រាក់​ពិសេស ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់ ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ​ធ្វើ​អោយ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ជី​វះ​ចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល បរិស្ថាន​និង​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព រាជធានី​ភ្នំពេញ​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ ។

បន្ទាប់​ជូនដំណឹង ហើយ​អាជ្ញាធរ​តាម​បណ្តាល​ខណ្ឌ​នានា ក៏​បាន​ចុះ​ផ្សព្វ​ជា​បន្តបន្ទាប់ ហើយ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​ទាំងនោះ​មួយ​ចំនួន​បាន​រុះរើ​ដោយ​ខ្លួនឯង និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​កម្លាំង​រុះ​នោះ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ