ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • សៀមរាប

ខេត្តសៀមរាប៖ ក្នុងរយៈពេល ១០ថ្ងៃ ក្នុងដើមខែមិថុនានេះ នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រាង្គប្រាសាទអង្គរ​ដ៏ល្បីល្បាញ​របស់កម្ពុជា បានឆ្លងរាលដាល​ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍​ កើនឡើងរហូតដល់ ២២៣នាក់​…

ខេត្តសៀមរាប៖ ក្នុងរយៈពេល ១០ថ្ងៃ ក្នុងដើមខែមិថុនានេះ នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រាង្គប្រាសាទអង្គរ​ដ៏ល្បីល្បាញ​របស់កម្ពុជា បានឆ្លងរាលដាល​ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍​ កើនឡើងរហូតដល់ ២២៣នាក់​ ដោយធ្វើអោយចំនួនសរុបឡើងដល់ ៣៤៤នាក់ នៅក្នុងខេត្តសៀមរាទាំងមូល​​។ ភាពធ្ងន់ធ្ងរ​នៃការឆ្លងរាលដាលកូវីដ១៩ នឹងជះឥទ្ធិ​ពល អាក្រក់​ដល់វិស័យទេសចរណ៍ ដែលមានសារសំខាន់ ជាអាយុជីវិតនៃខេត្តនេះ ក៏ដូចជាប្រទេសកម្ពុជា។

ដោយពិចារណាទៅលើសារសំខាន់ខ្លាំងនៃខេត្តសៀមរាប សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស​ វាតម្រូវអោយមានការចាត់វិធានការមានប្រសិទ្ធ​ភាពបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការរាលដាល​នៃមេរោគកូវីដ១៩។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា គិតត្រឹម​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅ​ខេត្តសៀមរាប មានអ្នកវិជ្ជមាន​ជំងឺកូវីដ-១៩ សរុបចំនួន ៣៤៤នាក់ បានព្យាបាលជាសះស្បើយចំនួន ១០៦នាក់ ស្លាប់ ២នាក់ និង ២៣៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​។

ចំពោះមុខការឆ្លងរាលដាលក្នុងសហគមន៍​ទ្រង់ទ្រាយធំនេះ រដ្ឋបាលខេត្តសៀមរាប បានចាត់វិធានការ ឆ្លើយ​តបបន្ទាន់ តាមរយៈការបិទខ្ទប់តំបន់ឆ្លងទាំងនោះ ធ្វើតេស្ត​អ្នកពាក់ព័ន្ធ ហើយអ្នករកឃើញឆ្លង នាំយកទៅព្យាបាល និងអ្នកពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័ក​។  

រដ្ឋបាលខេត្តសៀមរាប ក៏បានបន្តប្រកាសអំ​ពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយ​ប្រយោល​ជាមួយអ្នកវិជ្ជមាន​ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ​

នៅពេលរកឃើញអ្នកឆ្លងកើនឡើងកាន់តែច្រើននេះ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១០មិថុនា ឆ្នាំ២០២១ បានសម្រេចកំណត់ក្រហម ក្នុងភូមិចំនួនបួន​នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់ អ្នកពាក់ព័ន្ធ អនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកធ្វើតេស្តស្រាវជ្រាវមេរោគកូវីដ-១៩​។ តំបន់ក្រហម ដែលត្រូវបិទខ្ទប់ថ្មីនេះ គឺ​ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុង​សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប​។​

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់​ «តំបន់ក្រហម»  នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម «តំបន់លឿងទុំ» នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម និង «តំបន់លឿង» នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។ ការកំណត់​តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងឃុំទាំងនេះ ដោយសារតែ​មានប៉ូលិស​នៅអធិការស្រុក និង​ក្រុម​ប្រឹក្សាឃុំជាច្រើននាក់ រកឃើញឆ្លងកូវីដ១៩​ ចេញពី​ពិធីជួបជុំ​ជប់លៀងមួយ នៅ ភោជនីយដ្ឋានមួយកន្លែង ក្នុង​ស្រុកសូត្រនិគម​។​​

ដូច្នេះ​ជារួម ចង់មិនចង់​ ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាថ្មីទៀត ក្នុងរយៈពេលចុងក្រោយ ឆ្លងចូលក្នុងសហគមន៍​ទ្រង់ទ្រាយធំ នៅខេត្តសៀមរាប នៅឃុំមួយចំនួន​ក្នុងស្រុកសូត្រនិគម ស្រុកជីក្រែង និងនៅសង្កាត់​មួយចំនួន នៅក្រុងសៀមរាបនេះ ពិតជា​បង្ក​ផលប៉ះពាល់​កាន់តែខ្លាំង​ថែមទៀត លើវិស័យ​ទេសចរណ៍ ដែល​រងផលប៉ះពាល់រួចទៅហើយ នៅខេត្តប្រាង្គប្រាសាទ​ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាយរបស់កម្ពុជាយើងនេះ​។

ទន្ទឹមនឹងវិធានការ​ឆ្លើយតប​បន្ទាន់​ មានការបិទខ្ទប់​កន្លែងផ្ទុះការឆ្លងរាតត្បាត​កូវីដ បិទភូមិ បិទឃុំសង្កាត់ ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រដ្ឋបាលខេត្តសៀមរាបប​ ក៏បាន​ចុះ​អនុវត្តផាកពិន័យ​ដល់អាជីវករ នៅក្នុងផ្សារលើធំថ្មី និងបងប្អូនប្រជាពលរដ្ឋ ដែលមិនពាក់ម៉ាស់ និងពាក់មិនបានត្រឹមត្រូវ ដើម្បីរឹតបន្តឹង ក៏ដូចជាការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២១​។

ការផ្សព្វផ្សាយពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ត្រូវធ្វើឡើង​ជាបន្តបន្ទាប់ គឺវិធានការ ៣កុំ និង៣ការពារ។ ៣កុំ គឺ​កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា និង ៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សា គម្លាតបុគ្គល។ អាជ្ញាធរខេត្តសៀមរាប ក៏បានផ្សព្វផ្សាយតាមឧឃោសនស័ព្ទ និងការបិទផ្សាយលិខិតប័ណ្ណ​ទៀតផង។

​ដូច្នេះ​នៅពេលនេះ អាជ្ញាធរខេត្ត​ បានចាត់វិធានការ​ទប់ស្កាត់ និងការពារ​ការឆ្លងរាលដាលរួច​ហើយ។ ជំហានបន្ទាប់ មានតែប្រជាពលរដ្ឋគ្រប់រូប មិនថា ចាស់ មិនថាក្មេងទេ ត្រូវតែបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងកូវីដ។ នោះគឺ​ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម និងលាងសម្អាតដៃញឹកញាប់។ បើមិនចាំបាច់ កុំចេញក្រៅផ្ទះ ហើយ​ការធ្វើទេសចរណ៍​ ទៅដើរ​លេង​នៅតំបន់ទេសចរណ៍នានា រាប់ទាំងប្រាង្គប្រាសាទអង្គរវត្តយើង ក្នុងអំឡុងពេលនេះ គួរតែ​ផ្អាកសិន។ ចាំដល់​កូវីដស្ងប់ស្ងាត់ ចាំយើងដើរលេង ក៏មិនទាន់យឺត ពេលឡើយ។

វិស័យទេសចរណ៍ គឺជាបេះដូងសេដ្ឋកិច្ចរបស់ខេត្តសៀមរាប បើសិនជាខេត្តនេះ នៅតែ​បន្តមានការរាលដាល​ខ្លាំងនៃកូវីដ១៩នោះ វានឹងបន្តធ្វើអោយថប់ដង្ហើមសេដ្ឋកិច្ចរបស់ខេត្ត។ វានឹងអាចបន្តធ្វើអោយសណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ត្រូវបិទទ្វារ ហើយប្រជាជនជាច្រើន បាត់បង់ការងារ និងមុខរបរ។

ដូច្នេះ​បើសិនជាយើងចង់ឃើញសេដ្ឋកិច្ច និងវិស័យទេសចរណ៍​នៃខេត្តសៀមរាប ឆាប់ក្រោកចេញ​ពីវិបត្តិយ៉ាង​ឆាប់រហ័ស តាមដែលអាចធ្វើទៅបាននោះ ទាំងអាជ្ញាធរ និងទាំង​ប្រជាជន ត្រូវតែចាត់វិធានការ និងចូលរួម​យ៉ាងមាន​ប្រសិទ្ធ​ភាពបំផុត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ១៩យ៉ាងមានប្រសិទ្ធភាព។ ការចូលរួម​​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង​ នៅពេល​ខេត្តសៀមរាប​ ចាប់ផ្តើម​ចាក់វ៉ាក់សាំង នាពេលឆាប់ៗខាងមុខ ក៏ជា​មធ្យោបាយ​មួយ​​ ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាល​​ជំងឺកូវីដ​ផងដែរ៕​