ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ពន្ធនាគារ ឆ្លង​កូ​វីដ ក្នុងនោះ អ្នក​ជាប់ឃុំ ជាង ១​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង

1 ខែ មុន
  • Phnom Penh

​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​ពន្ធនាគារ ចំនួន ៧ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ រួមមាន​៖ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​ទី​២…

​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​ពន្ធនាគារ ចំនួន ៧ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ រួមមាន​៖ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​ទី​២ ពន្ធនាគារ​រាជធានី​ភ្នំពេញ ពន្ធនាគារ​ខេត្តកណ្តាល ពន្ធនាគារ​ខេត្តកំពង់ស្ពឺ និង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។ ក្នុងពេល​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅក្នុង​ពន្ធនាគារ​នេះ ក្រុម​អ្នក​ជាប់ឃុំ ក៏ត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​ជាង ១​ម៉ឺន​នាក់​ហើយ​។​

​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ពន្ធនាគារ នៅ​កម្ពុជា មកដល់ពេលនេះ មាន​ចំនួន ៧​ពន្ធនាគារ រួមមាន​៖ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​ទី​២ ពន្ធនាគារ​រាជធានី​ភ្នំពេញ ពន្ធនាគារ​ខេត្តកណ្តាល ពន្ធនាគារ​ខេត្តកំពង់ស្ពឺ និង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ ជំងឺ​កូ​វីដ​១៩ នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​សប្តាហ៍​ទី​១ នៃ​ខែឧសភា គឺ​កើតឡើង​ដំបូង លើ​ជន​ជាតិចិន ម្នាក់ ដែល​ត្រូវ​បណ្តេញចេញ ពេល​អនុវត្ត​ទោស​ចប់​។ ដោយឡែក នៅ​ពន្ធនាគារ ៦​ផ្សេងទៀត ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ មិនត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លើក​បង្ហាញ​ពី​ប្រភព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ឡើយ​។ ក្នុងនោះ ចំនួន​អ្នក​ជាប់ឃុំ រួមទាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដែល​ឆ្លង​កូ​វីដ នៅក្នុង​ពន្ធនាគារ​ទាំង ៧​នោះ ក៏​មិន​ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បង្ហាញ​ពី​ចំនួន​ឲ្យ​ដឹង​ជាក់លាក់​ទេ តែ​ថា ការឆ្លង​នៅ​កន្លែង​នីមួយៗ មាន​ប្រមាណ​ពី ១០ ទៅ ២០% នៃ​ចំនួន​ជន​ជាប់ឃុំ​សរុប​។​

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លើកឡើងថា «​យើង​បាន​ញែក​ចេញ​ដាក់​នៅ​ដោយឡែក ហើយ​ដំណើរការ​ព្យាបាល​តាម​ច្ចេកទេស​សុខា​ភិ​ា​ល បូកផ្សំ​នូវ​ការយកចិត្តទុកដាក់ បំ​បិ​ន​អាហារ​រូប​ត្ថ​ម្ភ​បន្ថែម ដាំទឹក​ក្រូចឆ្មារ ទឹក​ស្លឹកគ្រៃ ទឹក​ខ្ញី ឲ្យ​ហូប​ជាប្រចាំ គួបផ្សំ​ការចេញ​ហាត់ប្រាណ​ទៀងទាត់​ជាប្រចាំ ឃើញថា ស្ថានភាព​សុខភាព​របស់​ពួកគេ​បានល្អ​ប្រសើរ ចំពោះ​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ ដូចជា សួត របេង អេដស៍​។​ល​។ ធ្ងន់ធ្ងរ យើង​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ តាម​គោលការណ៍​សុខាភិបាល​»​។​

​យ៉ាងណាក៏ដោយ ក្នុង​សេចក្តីប្រកាស អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​លើកឡើងថា ជន​ជាប់ឃុំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ទី​២ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ១​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Sinovac គ្រប់​ចំនួន​ទាំង ២​ដូ​ស​។ ថ្មីៗ​នេះ សម្តេច​តេ​ជោ ក៏បានផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Covishield ( Astra Zeneca ) ដើម្បី​ចាក់​ដល់​ជន​ជាប់ឃុំ នៅ​ពន្ធនាគារ​ខេត្តកណ្តាល កំពង់ស្ពឺ បន្ទាយមានជ័យ កំពត និង​ពន្ធនាគារ​ខេត្តស្វាយរៀង ចំនួន ៦៧៦០​ដូ​ស​ថែមទៀត​។​

សេចក្តីប្រកាស ក៏បាន​លើកឡើងថា ក្រោម​ការ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​សុខាភិបាល អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​សម្រប​សម្រួលការ​ពិនិត្យ​សំណាក​ជន​ជាប់ឃុំ​ទាំងអស់ ចំនួន ៣​លើក បន្ទាប់ពី​បាន​រកឃើញថា មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​ខេត្ត ទាំង ៧​ពន្ធនាគារ ហើយ​ជា​លទ្ធផល គិត​ត្រឹម​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​មួយចំនួនធំ នៅ​គ្រប់​គោលដៅ​ទាំងអស់ ជាពិសេស​ខេត្ត​ព្រះសីហនុ ពិនិត្យឃើញ​អវិជ្ជមាន​ប្រមាណ ៩២% នៃ​ចំនួន​អ្នក​ឆ្លង​សរុប​៕