ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ផ្ទុះ​កូ​វី​ដ​ជា​ចង្កោម​ច្រើន​កន្លែង ក្រោយ​ចប់​ពិធីបុណ្យ​ប្រពៃណី និង​សាសនា​មួយ​ចំនួន

2 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​១០ ខែមិថុនា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​បែប​ប្រពៃណី និង​

ម៉ា​ឡេ​ស៊ី ៖ ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​១០ ខែមិថុនា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​បែប​ប្រពៃណី និង​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​បង្ក​ឱ្យ​មានការ​ផ្ទុះ​ឡើង​ការ​ឆ្លង​កូ​វី​ដ​១៩ ជា​ចង្កោម​ចំនួន​៦០​កន្លែង ក្នុង​រដ្ឋ​មួយ​ចំនួន ដែល​មាន​ចំនួន​៣,៥១១​ករណី ត្រូវ​បាន​រក​ឃើញ​។

ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា អាជ្ញាធរ​បាន​និយាយ​ថា ការ​ឆ្លង​ជា​ចង្កោម​ចំនួន​៥៨​កន្លែង ជាប់​ទាក់ទង​នឹង​ពិធីបុណ្យ Hari Raya Puasa និង ២​ចង្កោម​ទៀត ជាប់​ទាក់ទង​នឹង​ពិធីបុណ្យ Hari Gawai​។ ហើយ​ក្នុង​នោះ មនុស្ស​សរុប​ចំនួន​១៣,០២៣​នាក់ ត្រូវ​បាន​ធ្វើតេស្ត​សំណាករ​កកូ​វី​ដ​១៩ ដោយ​២៧​ភាគរយ​នៃ​ពួក​គេ បាន​បង្ហាញ​លទ្ធផល «​វិជ្ជមាន​»​។

រដ្ឋ Sabah មាន​ចំនួន​ឆ្លង​ជា​ចង្កោម​ខ្ពស់​បំផុត ដែល​មាន​ចំនួន​១១​កន្លែង​។ ខណៈ​ដែល​រដ្ឋ Sarawak មាន​ចំនួន​៨​កន្លែង និង​រដ្ឋ Kedah មាន​ចំនួន​៧​កន្លែង​។

ដោយឡែក​រដ្ឋ Perak និង Kelantan រក​ឃើញ​មាន​ចំនួន​៦​កន្លែង​ដូច​គ្នា​។ ស្រប​ពេល​រដ្ឋ Johor និង Pahang ក៏​មាន​ចំនួន​៥​កន្លែង​ដូច​គ្នា ។ រដ្ឋ Melaka ក៏​ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​៣​កន្លែង​ផង​ដែរ​។ ខណៈ​នៅ​តំបន់ Labuan, រដ្ឋ Selangor និង​រដ្ឋ Penang មាន​ចំនួន​២​កន្លែង​ដូច​គ្នា​។

ចំណែកឯ​ការ​ឆ្លង​ជា​ចង្កោម​ចំនួន​៣​ផ្សេង​ទៀត ជាប់​ទាក់ទង​នឹង​ការ​ប្រារព្ធ​ពិធីបុណ្យ​នៅ​ទីក្រុង Kuala Lumpur, រដ្ឋ Negeri Sembilan និង​រដ្ឋ Terengganu​។

លោក Noor Hisham Abdullah អគ្គនាយក​សុខាភិបាល​បានឱ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​ថា ការ​ឆ្លង​ជា​ចង្កោម​ទាំងនេះ បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា​.​ប់​ចំនួន​២០​នាក់ និង​មាន​អ្នកជំងឺ​ចំនួន​១១​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ថែទាំ​នៅឡើយ​។ ដែល​កំពុង​នាំ​មក​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង សម្រាប់​រដ្ឋាភិបាល​។

គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​៦៣៩,៥៦២​នាក់​។ ក្នុង​នោះ​ចំនួន​៧៩,៨៤៨​នាក់ មិន​ទាន់​ជា​សះស្បើយ​។ ខណៈ​ដែល​អ្នក​ស្លាប់​សរុប​មាន​ចំនួន​៣,៦៨៤​នាក់​៕ (​ដកស្រង់​ចេញពី Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ