ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេការ​និង​ជា​សន្តិសុខ​ផ្សារ​ឯករាជ្យ​២​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន ដកហូត​បាន​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​២​ដើម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​តាម​ការ​អះអាង​ពី​កន្លែង​កើតហេតុ​ថា​ជា​មេការ និង​ជា​សន្តិសុខ​ផ្សារ​ឯករាជ្យ​២ ត្រូវ​បាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​តាម​ការ​អះអាង​ពី​កន្លែង​កើតហេតុ​ថា​ជា​មេការ និង​ជា​សន្តិសុខ​ផ្សារ​ឯករាជ្យ​២ ត្រូវ​បាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ស៊ើប​ដឹង​ថា បាន​រកស៊ី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ផ្សារ​ខាងលើ និង​នៅ​តំបន់​ជុំវិញ​នោះ​យ៉ាង​សកម្ម​បំផុត ព្រម​ទាំង​​ដកហូត​បាន​កាំភ្លើង​​ខ្លី​ម៉ាក​រ៉ូ​ឡូ​ចំនួន​២​ដើម និង​គ្រាប់​ជាង​១០​គ្រាប់ រួម​ទាំង​​វត្ថុតាង​គ្រឿង​ញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុង​បន្ទប់​លេខ​២១៦ ជាន់​ទី​២ ផ្សារ​ឯករាជ្យ​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឈ្មោះ ឈូក ចំរើន ភេទប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​មេការ និង​ជា​សន្តិសុខ​ផ្សារ​ឯករាជ្យ​២ ស្នាក់​នៅ​ក្នុង​បន្ទប់​ខាងលើ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​លេខ​៣ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ខណៈ​ពេល​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បាន​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ​ចំនួន​២​ដើម ដែល​ក្នុង​នោះ​១​ដើម​មាន​គ្រាប់​ចំនួន​៦​គ្រាប់ និង​មាន​លេខ​៥២២៦៣០១៥២៣ និង​១​ដើម​ទៀត​មាន​គ្រាប់​ចំនួន​៥​គ្រាប់ មាន​លេខ​៣៨S, កុំព្យូទ័រ​ឡេ​ប​ថប​ម៉ាក​ASUS ១​គ្រឿង និង​ទូរស័ព្ទ​ដៃ​៤​គ្រឿង ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំ​នប់​នោះ​ដែល​បានដឹង​ពី​សកម្មភាព​របស់​ជន​នោះ ដែល​បាន​ធ្វើការ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ និង​តំបន់​ជុំវិញ​នោះ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ហើយ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​ ចូល​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ និង​បាន​ឆែកឆេរ​ក្នុង​បន្ទប់​ស្នាក់​នៅ​រក​ឃើញ​វត្ថុ​តាង​ខាងលើ និង​អាវុធ​ដែល​ដកហូត​មាន​ដល់​ទៅ​២​ដើម ដែល​សង្ស័យ​ថា ជា​អាវុធ​ខុសច្បាប់​ទៀត​ផង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង​ដែល​ដកហូត ត្រូវ​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕