ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានថា បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ មានទាំងប្រុសទាំងស្រីចំនួន៨នាក់បន្ថែមទៀត ក្នុងនោះក៏មានទារិកាអាយុ៧ខែម្នាក់ដែរ តាមរយៈឧបករណ៍តេស្តរហ័ស Rapid Test ។
សេចក្តីរាយការណ៍បន្តថា នាព្រឹកថ្ងៃទី១០ ខែមិថុនា ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័កជាំក្សាន្ត បានចុះយកសំណាកលើកទី២ ចំនួន៦៤នាក់ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញអ្នកផ្ទុកជំងឺកូវី១៩ ចំនួន៦នាក់ ក្នុងនោះស្រី៥នាក់ ដែលមាន ១-ឈ្មោះ សេង ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ២-ឈ្មោះអៀង សូនីតា ភេទស្រី អាយុ១៣ឆ្នាំ ៣-ឈ្មោះជឿន ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ ៤-ឈ្មោះសឿន ហេង ភេទប្រុស អាយុ១៨ឆ្នាំ និង៥-ឈ្មោះ អៀង កញ្ចនា ភេទស្រី អាយុ៧ខែ និងទី៦-ឈ្មោះ ឈឿម ស្រីកា ភេទស្រី អាយុ៦ឆ្នាំ អ្នកទាំងអស់គ្នារស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នបានបន្តបញ្ជូនមកធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកំរិតស្រាលសាលាបឋមសិក្សាស្ថាពរ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀលនោះផងដែរ។
សូមបញ្ជាក់ថា អ្នកផ្ទុកកូវីដ១៩ ទាំង៦នាក់ខាងលើនេះ បានយកសំណាកលើកទី១ ជាលទ្ធផលគឺអវិជ្ជមាន ហើយលើកទី២ ក៏ស្រាប់តែរកឃើញ មានវិជ្ជមានកូវីដ១៩ ពោលគឺបានធ្វើចត្តាឡីស័កអស់រយៈពេល១៣ថ្ងៃមកហើយ បើគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ។ ហើយអ្នកជំងឺកូវីដ១៩ទាំង៦នាក់នេះ គឺជាអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ នៅក្នុងពិធីភ្ជាប់ពាក្យមួយនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវីហារ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ ។
ដោយឡែកអ្នកជំងឺ២នាក់ទៀត គឺជាអ្នកដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ គឺទី១-ឈ្មោះ សៀង ម៉ាប់ អាយុ៣០ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងទី២-ឈ្មោះ កែ ស៊ីន អាយុ៧៨ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។
គួរបញ្ជាក់ថា បើគិតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន២៤នាក់ហើយមានទាំងប្រុស មានទាំងស្រី ក្នុងនោះជាសះស្បើយចំនួន៥នាក់ ។
ចែករំលែកព័តមាននេះ