ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រណាំង​កង់​ជម្រើសជាតិ​៣​នាក់​ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​បារាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កីឡាករ​ជម្រើសជាតិ​ទោចក្រយាន​​ចំនួន​៣​នាក់ និង​គ្រូបង្វឹក​ម្នាក់​បាន​ស្នើ​សុំ​ទិ​ដ្ឋា​ការ​ពី​ស្ថានទូត​បារាំង​កាលពី​

រាជធានី​ភ្នំពេញ​ ៖ កីឡាករ​ជម្រើសជាតិ​ទោចក្រយាន​​ចំនួន​៣​នាក់ និង​គ្រូបង្វឹក​ម្នាក់​បាន​ស្នើ​សុំ​ទិ​ដ្ឋា​ការ​ពី​ស្ថានទូត​បារាំង​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទទួល​បាន​សិទ្ធិ​ទៅ​ហ្វឹកហាត់​បន្ត​ក្នុង​ការ​បង្កើន​បច្ចេកទេស​បន្ថែម​នៅ​ទីនោះ​រយៈពេល​៣​ខែ សម្រាប់​ត្រៀម ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេ​ម លើ​ទី​៣២ ឆ្នាំ​២០២៣​។

គ្រូបង្វឹក​កីឡា​ទោចក្រយាន​ជម្រើសជាតិ​កម្ពុជា​ គឺ​លោក ខ្លូត ករណី ដែល​ត្រូវ​ដឹកនាំ​កីឡាករ​ទាំង​៣​នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស បារាំង​នា​ពេល​ខាង​មុខ​នេះ​បាន​បញ្ជាក់​ថា​ ថ្ងៃនេះ​យើង​បាន​ទៅ​ស្នើ​សុំ​ការ​ផ្តល់​ទិ​ដ្ឋា​ការ​ពី​ស្ថានទូត​បារាំង​ដើម្បី​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​៣​ខែ​ជាមួយ​ក្រុម​កីឡាករ​អាជីព​នៅ​ទីនោះ​។ ​លោក​ជឿជាក់​ថា​ ការ​ហ្វឹកហាត់​នៅ​ប្រទេស​អឺរ៉ុប​ជា​លើក​ដំបូង​របស់​កម្ពុជា​នេះ​នឹង​ជួយ​បង្កើន​គុណភាព​បច្ចេកទេស​កីឡាករ​យើង​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ពីព្រោះ​នៅ​ទីនោះ​នឹង​មានការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​ដើម្បី​បង្កើន​សមត្ថភាព​ដល់​កីឡាករ​របស់​កម្ពុជា​សម្រាប់​ត្រៀម ស៊ី​ហ្គេ​ម នៅ ចុងឆ្នាំ​២០២១ ឬ​អាច​ឆ្នាំ​២០២២ និង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​នៅ​កម្ពុជា​។

កីឡា​ជម្រើសជាតិ​ប្រណាំង​កង់​គក់​ទាំង​៣​នាក់​នេះ​រួម​មាន ១-​កីឡាករ គឹ​ម ចាន់ធូ​ ២-កីឡាក​សាន ណា​ម៉ា និង​៣-កីឡាករ សាន ណា​ម៉ា​វ ពួក​គេ​ចេញ​ទៅ​ហ្វឹកហាត់​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ទាំងស្រុង​ពី​លោកស្រី ប៉ែន ស្រី​មុំ ប្រធាន​សមាគម​ប្រណាំង​ទោចក្រយាន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​មួយទៀត​នៅ​ប្រទេស​បារាំង​ផង​ដែរ​ដោយ​សមាគម​នេះ​នឹង​ជួយ​ដល់​ការ​ស្នាក់​នៅ​ហូប​ចុក​និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុងការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ដកស្រង់​បច្ចេកទេស​ទៀត​ផង​។

កីឡាករ​ជម្រើសជាតិ​កីឡា​ទោចក្រយាន​ក៏​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​បន្ត​ការ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​ជាមួយ​ក្រុម​កីឡាករ​អាជីព នៅ​ប្រទេស​បារាំង និង​នាំ​យក​នូវ​សិទ្ធ​ផល​ពី​ការ​ហ្វឹកហាត់​នោះ​មក​បម្រើ​ដល់​ការ​ប្រកួត​នានា សម្រាប់​ជាតិ​កម្ពុជា នា​ពេល​ខាង​មុខជា​បន្ទា​បន្ទាប់ ជា​ពិសេស គឺ​គោលដៅ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ តែ​ម្តង​។

លោក​នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​លើក​ឡើង​ថា​តាម​ពិត​ការ​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នេះ​សហព័ន្ធ​បាន​គិតគូរ​ជា​យូរ​មក​ហើយ​ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​ទើប​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​អាក់​ខានទៅ​វិញ ហើយ​នៅ​ពេល​នេះ​ទើប​យើង​ទទួល​បាន​ឱកាស​ចេញ​ទៅ​បង្កើន​បច្ចេកទេស​សា​ជា​ថ្មី​។

លោក​អះអាង​បន្ត​ទៀត​ថា​ ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ពី​ឯកឧត្តម​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ដោយ​ធ្វើ​យ៉ាង​ប្រឹងប្រែង​ជំរុញ​ឲ្យ​គុណភាពបច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ប្រណាំង​កង់​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួត​អន្តរជាតិ ជា​ពិសេស​គឺ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ ។​ តាម​ការ​គ្រោងទុក​នា​ពេល​ខាង​មុខ​នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាការិនី​១​ក្រុម​ទៀត​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេសផង​​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ