ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​ម្នាក់​ទើប​ចេញពី​ធ្វើការ​ជួប​គ្រោះ អស់ទាំង​លុយ​ជាង​៣​ពាន់​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ជា​កម្មការិនី​រោងចក្រ និង​ជា​អ្នក​ចង.ការ​ប្រាក់​ផង បាន​រង​របួសធ្ងន់​ដោយ​បាក់ឆ្អឹង​ដង​កា​បិត ហើយ​អស់ទាំង​លុយ​ជាង​៣០០០​ដុល្លារ ទូរស័ព្ទ​ដៃ និង​ឯកសារ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ចេញពី​រោងចក្រ​ឆ្ពោះទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​កម្មការិនី​រោងចក្រ និង​ជា​អ្នក​ចងការ​ប្រាក់​ផង បាន​រង​របួសធ្ងន់​ដោយ​បាក់ឆ្អឹង​ដង​កា​បិត ហើយ​អស់ទាំង​លុយ​ជាង​៣០០០​ដុល្លារ ទូរស័ព្ទ​ដៃ និង​ឯកសារ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ចេញពី​រោងចក្រ​ឆ្ពោះទៅ​ផ្ទះ ហើយ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​តាម​ផ្លូវ បណ្តាល​ឱ្យ​ដួល​ច្រងាប់​ច្រងិល ចំណែក​ជនសង្ស័យ​ក៏​គេច​បាត់​ស្រមោល​អស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវជាតិ​លេខ​៣ មុខ​វិ​ទ្យ​ស្ថាន​ស្រាវជ្រាវ​កសិកម្ម ចំណុច​ភូមិ​គោក​ខ្សាច់ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ យិ​ន ធី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ អូរ​លីវ និង​ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​នៅ​ក្នុង​រោងចក្រ​ផង​ដែរ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្របែក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​៩០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-3378 ជា​មធ្យោបាយ ។ ចំណែក​សម្ភារៈ​ដែល​បាត់បង់ បើ​តាម​ស្ត្រី​រង​គ្រោះ​គ្រាន់តែ​ប្រាប់​ថា លុយ​ជាង​៣០០០​ដុល្លារ ទូរស័ព្ទ​ដៃ I phone 11pro មួយ​គ្រឿង និង​ឯកសារ​មួយ​ចំនួន​ទៀត ។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​រោងចក្រ​កាត់ដេរ អូ​លីវ ស្ថិត​នៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​២ ដោយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ផ្ទះ​វិញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម តាម​ពីក្រោយ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​មិន​ចាំ​ម៉ាក បាន​តាម​ពីក្រោយ​ជនសង្ស័យ​ដែរ បន្ទាប់​មក​ក៏​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល បណ្តាល​ឱ្យ​រង​របួស​បាក់ឆ្អឹង​ដងកាំបិត​ស្តាំ ថែម​ទាំងអស់​លុយ​ជាង​៣០០០​ដុល្លារ​ទៀត ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​លើកដាក់​លើ​គ្រែ​រោង​ប៉ះ​កង់ បន្ទាប់​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​បាន​មក​ដល់ ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល ប៉ុន្តែ​ទោះបីជា​រថយន្ត​គ្លីនិក​ហៅ​ឡើង​លើ​រថយន្ត​ក៏​ដោយ ក៏​ជន​រង​គ្រោះ​មិន​ព្រមទៅ​ដែរ សុខចិត្ត​ហៅ​ក្រុម​គ្រួសារ​មក​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​យក​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង ។

ក្រោយមក​នៅ​កន្លែង​កើតហេតុ ក៏​វត្តមាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​សាកសួរ​ជុំវិញ​រឿងហេតុ​ខាងលើ​ដែរ តែ​ដោយសារ​ជន​រង​គ្រោះ​ក្នុង​សភាព​របួសធ្ងន់​ផង​នោះ ទើប​ការ​ដាក់​ពាក្យបណ្តឹង​មាន​តែ​រង់ចាំ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ