ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែនជម្រកសត្វព្រៃ​ឆែប មាន​សត្វ​ត្មាត ៦១ ក្បាល ក្នុងនោះ មាន​ត្មាតផេះ ៤០ ក្បាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជំរឿន​សត្វ​ត្មាត ប្រចាំឆ្នាំ​២០២១ នៅ​កម្ពុជា បានធ្វើ​ឡើង ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​៩ ខែមិថុនា…

រាជធានី​ភ្នំពេញ​៖ ជំរឿន​សត្វ​ត្មាត ប្រចាំឆ្នាំ​២០២១ នៅ​កម្ពុជា បានធ្វើ​ឡើង ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅ ៤ កន្លែង ក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។ ទីតាំង​ទាំង ៤​កន្លែង​នេះ គេ​ជឿជាក់ថា មាន​វត្តមាន​សត្វ​ត្មាត រស់នៅ​។

​ក្រសួងបរិស្ថាន ប្រកាសថា នេះ​ជាការ​អង្កេត​តាមដាន​ជីវៈចម្រុះ នៅក្នុង​តំបន់ការពារធម្មជាតិ នៅ​កម្ពុជា ដើម្បី​ឲ្យ​ដឹងថា​តើ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា មាន​វត្តមាន​សត្វព្រៃ ជីវៈចម្រុះ​អ្វីខ្លះ​? ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​ផែនការ​ការពារ​និង​អភិរក្ស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ថែរក្សា​ឱ្យបាន​នូវ​ជីវៈចម្រុះ ដែល​កម្ពុ​ជាមាន​។

​ប្រភពដដែលបានបន្តថា ជំរឿន​សត្វ​ត្មាត នៅ​ប្រទេស​កម្ពុជា ធ្វើឡើង​ដោយ​ការប្រមូល​ទិ​ន្ន័​ន័យ​ពី ៤ ទីតាំង​ផ្សេងគ្នា នៅក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​អនុវត្ត និង​ចូលរួម​ដោយ​ក្រុមការងារ​សត្វ​ត្មាត​កម្ពុជា (CVWG ) ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ ACCB) និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅក្នុង​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។

គួរ​កត់សម្គាល់ថា នៅ​អាហារ​ដ្ឋា​ន​ត្មាត ក្នុងភូមិ​ដង​ផ្លិត ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប នៅពេល​ផ្តល់​ចំណី​ប្រចាំខែ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ អ្នកជំនាញ​បាន​រកឃើញ​វត្តមាន​សត្វ​ត្មាត ចំនួន ៦១ ក្បាល ក្នុងនោះ រួមមាន ត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើង​ចំនួន ២ ក្បាល និង​ត្មាត​ត្មាត​ត្នោត ចំនួន ១៩ ក្បាល​។

​នៅក្នុង​ខេត្តព្រះវិហារ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស​នៅតាម​តំបន់ការពារធម្មជាតិ តាមរយៈ​ការផ្តល់​ចំណី​បន្ថែម​មួយខែ ២​ដង ដល់​សត្វ​ត្មាត និង​ការពារ​សំបុក​ពង​កូន អភិវឌ្ឍន៍​នូវ​ការយល់ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត នៅក្នុង​ខេត្តព្រះវិហារ​។ ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២១ មានការ​រៀបចំ​ការផ្តល់​ចំណី​បន្ថែម តាមរយៈ​ការធ្វើ «​អាហា​រដ្ឋា​ន​ត្មាត​» ចំនួន ១០​ដង ដើម្បី​តាមដាន​ចំនួន​សត្វ​ត្មាត​។ សត្វ​ត្មាត ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត នៅលើ​ពិភពលោក តែ​នៅមាន​វត្ត​មាននៅ​កម្ពុជា រួមមាន ត្មាតផេះ ត្មាត ភ្លើង និង​ត្មាត​ត្នោត ហើយ​សត្វ​ត្មាត​ទាំងនោះ មាន​វត្ត​មាននៅ​ភូមិ​ដង​ផ្លិត ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​។
​លោក​ថា សត្វ​ត្មាត​មាន​វត្តមាន នៅ​កម្ពុជា មានតែ​បី​ប្រភេទ​គឺ ១)​ត្មាតភ្លើង ២)​ត្មាត​ត្នោត និង ៣)​ត្មាតផេះ​។

សត្វ​ត្មាត ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ពី​ផែនដី មាន​វត្ត​មាននៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ក្រចេះ នៃ​ប្រទេស​កម្ពុជា​។ ក្រសួងបរិស្ថាន​ បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ធ្វើ​ជំរឿន​សត្វ​ត្មាត​ចំនួន ៥ ដង​ក្នុង​មួយឆ្នាំ​។

​តាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០ ចំនួន​សត្វ​ត្មាត​ច្រើន​បំផុត​មាន​ត្រឹម ១២៩​ក្បាល​ប៉ុណ្ណោះ​ក្នុងប្រទេស​កម្ពុជា​។ ពួកវា​រស់នៅ​ជា​ហ្វូង ហើយ​ស៊ី​សាកសព​ជា​អាហារ​។

សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ក្នុងការ​បាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុងក​ម្រិត​មួយគួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន ដោយ​សហការ​ជាមួយ​អង្គការ ដៃគូ នានា​ខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​ក៏ដោយ​។

មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា មូលហេតុ ដែលនាំឱ្យ​សត្វ​ត្មាត នៅក្នុង​ប្រទេស​កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។

លោក​រដ្ឋលេខាធិការ ក៏បាន​ថ្លែងថា ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន បាន​ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង ដើម្បី​ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល​នេះ ក៏​ជា​មូលហេតុ​ចម្បង ដែល​បណ្ដាលឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ ដោយសារតែ​សត្វ​ត្មាត​ទាំងនោះ ស៊ី​សាល​សពសត្វ​ស្លាប់ ដោយសារតែ​ថ្នាំពុល​។

​មន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងថា សត្វ​ត្មាត ជា​សត្វ​ស្លូត និង​ជា​អ្នក​ដែល​សម្អាត​បរិស្ថាន ដោយ​ស៊ី​គម្រង់​សាកសព​សត្វ​ផ្សេងទៀត ជា​អាហារ ហើយ​ការពារ និង​អភិរក្ស​សត្វ​ត្មាត បាន​គង់វង្ស វា​ជាការ​ថែរក្សា​មរតក​ធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំងមូល ជា​តម្លៃ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​សម្រាប់​ទេសច​រណ៍​ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ