ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ សំណូមពរឲ្យមន្ត្រីជំនាញ​អភិវឌ្ឍន៍ជនបទ ជួយជួសជុលផ្លូវក្រាល​កៅស៊ូមួយខ្សែ​ឡើងវិញ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រវែងជិត ១០គីឡូម៉ែត្រ ដែលរងការបំផ្លាញ ដោយសារទឹកជំនន់ ហូរច្រុះដាច់ជាង ១០កន្លែង កាលពីអំឡុងខែតុលា  ឆ្នាំ២០២០…

ខេត្តបន្ទាយមានជ័យ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រវែងជិត ១០គីឡូម៉ែត្រ ដែលរងការបំផ្លាញ ដោយសារទឹកជំនន់ ហូរច្រុះដាច់ជាង ១០កន្លែង កាលពីអំឡុងខែតុលា  ឆ្នាំ២០២០ កន្លងទៅ នៅក្នុងឃុំបត់ត្រង់ តភ្ជាប់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពេលនេះ ត្រូវបានប្រជាពលរដ្ឋ សំណូមពរឲ្យមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទ ជួយជួសជុលឡើងវិញ ដើម្បីសម្រួលក្នុងការធ្វើដំណើរ។ ផ្លូវ១ខ្សែនេះ កន្លែងខ្លះ មានការខូចខាតខ្លាំង។

ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយជាប់ផ្លូវកៅស៊ូ ដែលរងការខូចខាតខាងលើ បានសំណូមពរឲ្យអាជ្ញាធរ និងមន្ទីរអភិវឌ្ឍន៍ជនបទ ជួយជួសជុលផ្លូវឡើងវិញ ឲ្យបានឆាប់រហ័ស ក្រោយពីទឹកជំនន់ហូរច្រោះដាច់ជាក្រឡុកធំៗ អស់រយៈពេលជិត ១ឆ្នាំមកហើយ ដោយកន្លែងខ្លះ ដាច់ចំមុខផ្ទះរបស់ពួកគាត់។

ពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែខាងលើ ជាផ្លូវដ៏មានសារៈសំខាន់ សម្រាប់ធ្វើដំណើរ  ដឹកទំនិញ កសិ​ករ​ផលផ្សេងៗ  ដែលតភ្ជាប់ពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទៅកាន់ស្រុកបរវេល ខេត្តបាត់ដំបង​។

ជាមួយនោះ លោក សៃ ឡៅ មេឃុំបត់ត្រង់ បានប្រាប់ថា ផ្លូវកៅស៊ូនេះ មានប្រវែងជិត ១០គីឡូម៉ែត្រ ដែលរងការខូចខាត ដោយទឹកជំនន់ហូរច្រោះដាច់ កាលពីឆ្នាំកន្លងទៅមានច្រើនកន្លែង ដែលកន្លែងខ្លះមានប្រវែង ២០ម៉ែត្រ ខ្លះ ៣០ម៉ែត្រ ទៅ ៥០ម៉ែត្រ និងខ្លះទៀតជាង១០០ម៉ែត្រ ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ប្រវែងខូចខាតសរុបជិត៩០០ម៉ែត្រ។

ទន្ទឹមនោះដែរ លោកក៏បានស្នើសុំឲ្យទៅខាងស្រុកមង្គលបូរី ដើម្បីដាក់បន្តទៅខាងមន្ទីរអភិវឌ្ឍន៍ហើយ ដើម្បីជួយជួសជុលផ្លូវឲ្យពលរដ្ឋប្រើប្រាស់ឡើងវិញ។

ប៉ុន្តែ​លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ កាលពី​ល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២១ បានលើកឡើងថា ចំពោះផ្លូវកៅស៊ូពីរជាន់ ពីចំណុចឃុំបត់ត្រង់ ទៅឃុំរហាត់ទឹកនេះ មានប្រវែង ៨.៩០០ម៉ែត្រ ហើយរងការខូចខាត ដោយទឹកជំនន់ច្រើនកន្លែងនោះ លោកបានធ្វើរបាយការណ៍ ទៅថ្នាក់លើហើយ ដោយលោកបានស្នើសុំទៅខាង​ក្រសួងរួចហើយ និងរង់ចាំគម្រោងខាងធនាគារ វើលបែង (Worldbank) និង ADB ធ្លាក់មក ទើបចាប់ផ្តើមធ្វើការជួសជុល ដើម្បីសម្រួល និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ៕ ណុបរក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ