រាជធានីភ្នំពេញ ៖ កុំថាឡើយមនុស្សសា បើសូម្បីតែយក្សាដែលមានរិទ្ធីអំណាចស្រែកបែកអកាសសារមិនខ្លាចអ្វីទាំងអស់ ក៏បានត្អូញត្អែរពីការរកចំណូលសម្រាប់ចិញ្ចឹមជីវិតនាសម័យកាលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នាពេលនេះផងដែរ។ ធ្លាប់តែស្រែកគ្រហឹមរង្គើលឆាកមួយយប់ទល់ភ្លឺ ពេលនេះតួអង្គយក្សល្ខោនមួយរូប បែរជាស្ងួតជើងធ្មេញស្រែកមិនលឺសម្លេង ដោយសារជួបវិបត្តិរកប្រាក់ចំណូលស្ទើរមិនបាន ព្រោះតែមេរោគកូវីដ១៩ កំពុងតែយាយីនាពេលនេះ។
តួអង្គយក្សក្នុងវង់ល្ខោនមួយនៅរាជធានីភ្នំពេញ គឺលោក ជី ចំណាប់ បានប្រែពីការស្រែកបែកអាកាសសារ មកស្រែកថ្ងូរដូចព្រាប ព្រោះតែលោកបានបាត់ចំណូលទាំងស្រុងពីការសម្តែងល្ខោននេះដោយសារជំងឺកូវីដ១៩។
លោកបានអះអាងប្រាប់កោះសន្តិភាពថា តាំងពីការញាំញីដោយសារកូវីដមក លោកស្ទើរដាច់បាយ ប្រសិនបើពឹងផ្អែកលើអាជីពសម្តែងល្ខោននេះតែមួយមុខ។ លោកបញ្ជាក់ថា បច្ចុប្បន្នលោកគ្រាន់មានមុខរបរក្រៅតិចតួចសម្រាប់ដោះស្រាយជីវភាព តែមិនបានគ្រប់គ្រានឡើយ ពោលគឺចំណូលបានតិចបំផុត។
លោកបន្ថែមថា លោកបានធ្វើការងារលក់តាមអនឡាញ ដោយការងារនេះគឺបានចំណូលដោយថ្ងៃ ហើយខ្លះបានចំណេញតិចតួច ហើយខ្លះបានត្រឹមរួចខ្លួនប៉ុណ្ណោះ។ តួអង្គយក្សល្ខោនដែលមានវ័យ២៣ឆ្នាំនេះ បានលើកឡើងបន្ថែមថា ការងារលក់តាមអនឡាញរបស់លោកបើប្រៀបធៀបជាមួយនឹងការសម្តែងល្ខោននោះ មានការខុសគ្នា។ លោកថា ខុសគ្នាគឺការសម្តែងល្ខោនពេលមានគេជួលច្រើន គឺក្នុងមួយខែលោកអាចនៅសល់ប្រាក់ចម្លោះមួយលានរៀល បន្ទាប់ពីផាត់ការចំណាយ។
លោកបញ្ជាក់ថា ជាទូទៅការសម្តែងតួរបស់លោកមួយយប់ អាចទទួលបានចម្លោះពី១០ទៅ១៥ម៉ឺនរៀល តាមជិត ឬឆ្ងាយ។ ហើយក្នុងរដូវកាលគេជួលច្រើន ពោលគឺក្នុងមួយខែអាចសម្តែងបាន១០រោងនោះ សម្រាប់រូបលោកផ្ទាល់មួយខែលោកអាចសល់ប្រាក់ចន្លោះ១លានទៅ២លានរៀលដែរ។
យ៉ាងណា បើតាមតួអង្គយក្សល្ខោនដែលមានដើមកំណើតនៅព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកំណ្តាល លោក ជី ចំណាប់ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលចូលក្នុងសហគមន៍រហូតមកទល់ពេលនេះ លោកបានពើបប្រទះនូវបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារមិនអាចប្រកបអាជីពល្ខោននេះបាន។
លោកថា បច្ចុប្បន្ន លោកត្រូវរកប្រាក់ ដើម្បីផ្គត់ផ្គង់គ្រួសារ ព្រមទាំងមើលជំងឺម្តាយដែលបញ្ហាក្រលៀនមិនមានលទ្ធភាពបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទេ ដោយបានត្រឹមផឹកថ្នាំខ្មែរនៅផ្ទះប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក ជី ចំណាប់ បានចូលប្រឡូកក្នុងអាជីពតួល្ខោនបាសាក់តាំងពីឆ្នាំ២០១៣មក ពោលគឺតាំងពីលោកមានអាយុ១៣ឆ្នាំមកម្ល៉វ។ យ៉ាងណា លោករំពឹងថា បញ្ហាជំងឺកូវីដ១៩ នៅកម្ពុជា អាចនឹងឆាប់ថមថយនាពេលឆាប់ៗខាងមុខនេះ ដើម្បីអោយរូបលោក និងអ្នកសិល្បៈជាច្រើនទៀតអាចចេញសម្តែង ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាពឡើងវិញ៕
ចែករំលែកព័តមាននេះ