- ភ្នំពេញ
ភ្នំពេញ៖ ជារឿងមិនគួរកើតមាន ប៉ុន្តែក្នុងសង្គមយើង ករណីកូនបង្កើតដេញម្តាយចាស់ជរា ចេញពីផ្ទះកេរ្តិ៍ បានកើតឡើងជាហូរហែ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តណាណានោះទេ។ នេះជារឿងអយុត្តិធម៌…
ភ្នំពេញ៖ ជារឿងមិនគួរកើតមាន ប៉ុន្តែក្នុងសង្គមយើង ករណីកូនបង្កើតដេញម្តាយចាស់ជរា ចេញពីផ្ទះកេរ្តិ៍ បានកើតឡើងជាហូរហែ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តណាណានោះទេ។ នេះជារឿងអយុត្តិធម៌…
ភ្នំពេញ៖ ជារឿងមិនគួរកើតមាន ប៉ុន្តែក្នុងសង្គមយើង ករណីកូនបង្កើតដេញម្តាយចាស់ជរា ចេញពីផ្ទះកេរ្តិ៍ បានកើតឡើងជាហូរហែ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តណាណានោះទេ។ នេះជារឿងអយុត្តិធម៌ និងខុសខាងសីលធម៌ធ្ងន់ធ្ងរ ដែលកូនបង្កើត ប្រព្រឹត្តកំហុសឆ្គងដ៏ធំបែបនេះ។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះតាមហ្វេសប៊ុកថា មានលោកយាយ នៅខេត្តកំពង់ស្ពឺម្នាក់ ទាក់ទងមកលោក ដោយគិតស្មានតែលោកជា “ចៅក្រមកាត់ក្តី” ទើបគាត់មកសុំពឹង អោយជួយរកយុត្តិធម៌ជូនគាត់ផង។
លោក ដួង តារា បន្តថា លោកបានប្រាប់ណែនាំគាត់ អោយទៅរកមេធាវីជួយការពារក្តី បើលោកយាយមានរឿង អយុត្តិធម៌។ តែគាត់បានប្រាប់ថា គ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវី ដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះ គាត់បានចងការប្រាក់គេបាន ១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ ១ពាន់ទៀត។ មកទល់ពេលនេះ គាត់នៅមិនទាន់អាចរកលុយគ្រប់ចំនួន ហើយមិនដឹងថា ត្រូវធ្វើយ៉ាងណា។ ដោយពិបាកចិត្តខ្លាំងពេក ទើបលោកយាយ សម្រេចចិត្ត ដាក់លិខិតគោរពសុំអន្តរាគមន៍ មកសម្តេចតេជោ ហើយក៏បានជួបលោកដួងតារា ដោយមានផ្លែឈើ ៣ថង់ មកជាមួយផង។
លោកយាយ ប្រាប់លោក ដួង តារា ថា កូនស្រីបង្កើតគាត់ អាយុជាង ៣០ឆ្នំា បានបណ្តេញគាត់ចេញពីផ្ទះ ដែលគាត់បានរស់នៅ ចិញ្ចឹមបីបាច់ថែរក្សាកូនម្នាក់នេះ ចាប់តាំងពីតូច រហូតដល់ពេញវ័យ មានប្តី មានកូន តែចុងក្រោយ ត្រូវបានកូនស្រីសងគុណវិញ ដោយការបណ្តេញចេញពីផ្ទះ។ ស្តាប់ទៅរន្ធត់ចិត្តខ្លាំងណាស់ លោកដួងតារា សន្យាថា នឹងពិនិត្យសំណើសុំរបស់លោកយាយ។
លោក ដួង តារា បានលើកឡើងថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។
ករណីកូនបណ្តេញម្តាយចេញពីផ្ទះដូច្នេះ ក៏កើតឡើងកាលពីប៉ុន្មានឆ្នាំមុន នៅរាជធានីភ្នំពេញ ម្តុំជិតផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។ ករណីស្រដៀងគ្នានេះ ក៏បានកើតឡើងដែរ នៅអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ក៏ព្រោះតែកូនប្រុសនោះ ស្តាប់តាមប្រពន្ធខ្លាំងពេក រហូតដល់ភ្លេចគុណម្តាយ ដណ្តើមយកផ្ទះកេរ្តិ៍ ក្រោមហេតុផលថា បានឲ្យលុយទៅម្តាយឪពុក និងបងប្អូនអស់ហើយ ថ្លៃផ្ទះកេរ្តិ៍នោះ ជាដើម។
យ៉ាងណាក៏ដោយ ករណីកូនដណ្តើមយកផ្ទះកេរ្តិ៍ រហូតដល់បណ្តេញម្តាយ ដែលជាស្ត្រីមេម៉ាយចេញពីផ្ទះនេះ ជារឿងអកុសល ហើយសង្គមយើង ក៏ថ្កោលទោស និងស្អប់ខ្ពើមកូនអកតញ្ញូ កូនតិរច្ឆានប្រភេទនេះដែរ។
គុណឪពុកម្តាយ ដែលបានបង្កើតកូនមក មិនថា ក្នុងគ្រួសារនោះ មាន ឬក្រ មានកូនច្រើន ឬកូនតិច ឬក៏សូម្បីកូនតែម្នាក់នោះទេ គឺគុណឪពុកម្តាយ មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។ បើកូនហ៊ានដល់ថ្នាក់ឈ្លោះទាស់ទែង ប្តឹងផ្តល់ឪពុកម្តាយ រហូតឡើងសាលាឃុំសាលាសង្កាត់ និងតុលាការ គឺមិនគួរទាល់តែសោះហើយ។ លើសលោះអ្វី កូនៗ គួរតែគិតពិចារណា ឲ្យអ្នកម្តាយលោកឪពុក ឈ្នះទៅ។ កេរ្តិ៍អាករទាំងអស់ រាប់ទាំងដីធ្លី ផ្ទះសម្បែង មាសពេជ្រ គឺគង់តែនឹងម្តាយឪពុក ចែកឲ្យកូនៗទេ លោកមិនអាចយកទៅបានឡើយ នៅពេលស្លាប់។
កូនៗ ត្រូវតែទ្រាំនឹងឪពុកម្តាយ ដែលចាស់ៗខ្លះ ពេលចាស់ទៅ អាចនិយាយច្រើនបន្តិច ចិត្តក៏ច្រើនបន្តិចពិតមែនហើយ តែចូរកូនៗ កុំភ្លេចថា កាលពីកូនៗទាំងនោះ នៅតូច គឺនិយាយច្រើនលើសឪពុកម្តាយចាស់ៗនេះ ច្រើនរយលានដងទៅទៀត តែឪពុកម្តាយ មិនដែលធុញទ្រាន់នឹងកូនៗម្តងណាឡើយ។
កាលពីពេលកូនៗ នៅតូចៗ ឪពុកម្តាយនេះឯងហើយ ដែលងូតទឹកឲ្យ មើលថែកូនៗ ស្រឡាញ់ស្មើកែវភ្នែករបស់លោកទាំងទ្វេ ហើយសូម្បីតែបត់ជើងធំតូច លើពួកគាត់ ក៏ឪពុកម្តាយ មិនដែលមាត់មួយម៉ាត់ដែរ។ ផ្ទុយទៅវិញ ឪពុកម្តាយ ធ្វើជាបង្គន់សម្រាប់កូន និងលាងគូទ ដុសក្អែលឲ្យកូន ដោយពេញចិត្ត ហើយមិនទាររកកម្រៃ សូម្បីមួយកាក់ មួយសេនពីកូនសោះឡើយ។
កូនធំបន្តិច ឪពុកម្តាយក៏ខិតខំគ្រប់បែបយ៉ាង ដើម្បីឲ្យកូនបានទទួលទានរបស់ឆ្ងាញ់ៗ ទិញសម្លៀកបំពាក់ឲ្យកូន និងឲ្យកូនបានចូលរៀនសូត្រនឹងគេថែមទៀត។ ឪពុកម្តាយ តែងតែខ្វល់ខ្វាយ គិតដល់កូនទាំងអស់ តាំងពីចាប់កំណើតក្នុងផ្ទៃ រហូតដល់កើត និងរហូតដល់ធំពេញវ័យ។ សូម្បីតែពេលកូនៗ មានប្រពន្ធ មានប្តី មានកូន និងរហូតដល់មានចៅទៅទៀត បើសិនជាឪពុកម្តាយ នៅមានជីវិតរស់នៅ លោកទាំងពីរ នៅតែគិតដល់កូនចៅរបស់លោកជានិច្ច ដល់ថ្ងៃស្លាប់ ទើបឪពុកម្តាយ ឈប់គិត ឈប់បារម្ភពីកូន និងពីចៅ។
ប៉ុន្តែទន្ទឹមនឹងនោះ ឪពុកម្តាយ រួមទាំងថ្នាក់ដឹកនាំ ក៏ត្រូវតែប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤យ៉ាង ចំពោះកូនចៅ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។ មេត្តា គឺសេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យកូនចៅគ្រប់រូប ទទួលបានសេចក្តីសុខ។ ករុណា សេចក្តីអាណិតអាសូរ ចំពោះកូនចៅគ្រប់រូប ពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឱ្យពួកគេគ្រប់រូប ឆាប់រួចចាកសេចក្តីទុក្ខនោះ។ មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយ បានទទួលសេចក្តីសុខចម្រើន។ ឧបេក្ខា ជាការតាំងសន្តានចិត្តជាកណ្តាល កាត់សេចក្តីដោយប្រើប្រាជ្ញា។
ក្រៅពីព្រហ្មវិហារធម៌ ៤ប្រការខាងលើនេះ ឪពុកម្តាយ និងថ្នាក់ដឹកនាំទាំងអស់ ក៏ត្រូវតែវៀរចាកឲ្យបាននូវអគតិ ឬការលម្អៀង ៤យ៉ាង រួមមាន៖ ១-ឆន្ទាគតិ លម្អៀងព្រោះស្រឡាញ់ចូលចិត្ត ២-ទោសាគតិ លម្អៀងព្រោះស្អប់ ៣-មោហាគតិ លម្អៀងព្រោះល្ងង់ខ្លៅ និង៤-ភយាគតិ លម្អៀង ព្រោះខ្លាច។
ប្រសិនបើឪពុកម្តាយ និងថ្នាក់ដឹកនាំ ប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤ប្រការ និងចៀសវាងនូវអគតិទាំង ៤ នោះកូនចៅ អ្នកក្រោមបង្គាប់ ក៏ស្រឡាញ់ចូលចិត្តឪពុកម្តាយ និងថ្នាក់ដឹកនាំនោះនោះ ហើយដឹងគុណ និងគោរពឪពុកម្តាយ និងថ្នាក់ដឹកនាំ ដោយមិនពិបាកប្រដៅណែនាំនោះទេ។
ដូច្នេះករណីកូនបង្កើត ជ្រុលជ្រោះបណ្តេញម្តាយចេញពីផ្ទះដូច្នេះ មិនគួរកើតឡើងទេ ហើយក៏រឹតតែមិនត្រូវ ឲ្យកើតមាន ក្នុងសង្គមខ្មែរយើង ដែលប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា ជឿលើកម្មផលនេះទៅទៀត។
ចូរកុំភ្លេចថា នៅពេលលោកអ្នកមានគុណ នៅមានជីវិតចុងក្រោយនេះហើយ ជាពេលវេលារឹតតែសំខាន់បំផុត សម្រាប់កូនៗ ដើម្បីមើលថែទាំ ចិញ្ចឹមលោក។ គេថា ធ្វើបុណ្យ ទាន់ខែភ្លឺ។ កុំចាំដល់លោកធ្វើមរណកាលទៅហើយ ទើបទៅយំស្រែក សោកស្តាយ ហើយពេលសែនផ្នូរ ឆេងម៉េង ឬក៏បុណ្យទានម្តងៗ ទិញសុទ្ធតែជ្រូកខ្វៃ និងរបស់មានតម្លៃជាច្រើនទៀត ដាក់សែន មានទាំងដុតឡាន និងដុតទាំងផ្ទះក្រដាស ដើម្បីឲ្យឪពុកម្តាយ ដែលចែកឋានទៅហើយនោះ។
ចុះពេលលោកអ្នកមានគុណ នៅមានជីវិត ហេតុអ្វីក៏កូនៗ ចៅៗ មិនគិតគូរពីលោក មិនទិញរបស់ល្អៗ ឆ្ងាញ់ពិសា មានទាំងជ្រូកខ្វៃ មាត់ស្ងោរ ជាដើម ជូនពួកគាត់ហូបពិសា ឬក៏ធ្វើផ្ទះស្អាតៗ ឲ្យពួកគាត់រស់នៅ? ហើយសូម្បីតែផ្ទះរបស់គាត់សោះ ហេតុអ្វីក៏ត្រូវដណ្តើម ត្រូវបណ្តេញគាត់ចេញពីផ្ទះរបស់គាត់ដូច្នេះទៅវិញ?
ទោះជាក្នុងហេតុផលអ្វីក៏ដោយចុះ កូនៗគួរតែចិញ្ចឹមអ្នកម្តាយលោកឪពុក ហើយបើថា បានទិញដីផ្ទះកេរ្តិ៍ពីម្តាយហើយ ក៏គួរតែចិញ្ចឹមលោក ហើយឲ្យគាត់រស់នៅជាមួយ ព្រោះគាត់អាយុ ៧០ឆ្នាំ ឬ ៨០ឆ្នាំទៅហើយ ពេលនេះ តើគាត់អាចរស់នៅបានប៉ុន្មានឆ្នាំតទៅទៀត? នេះជាសីលធម៌ គុណធម៌ និងទាមទារឲ្យមានការរៀនសូត្រចេះដឹង ដើម្បីកុំឲ្យកូនចៅ ក្លាយជារមិលគុណ អកតញ្ញូ និងជាកូនតិរច្ឆាន ធ្វើរឿងមិនគួរគប្បីដូច្នេះ៕
(រូបថតតំណាង)
ចែករំលែកព័តមាននេះ