ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច កោះហៅម្តាយ និងចៅស្រី ២នាក់ ដែលរងរបួស ដោយកូនបង្កើត ជាមន្រ្តីយោធា​ វាយ ទៅសាកសួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ម្តាយ និងចៅ ២នាក់ ដែលរងរបួស ដោយសារតែកូនប្រុសបង្កើត ជាមន្រ្តីយោធាវាយដុំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានសមត្ថកិច្ចនគរបាល បានហៅ​ទៅសាកសួរ…

រាជធានីភ្នំពេញ៖ ម្តាយ និងចៅ ២នាក់ ដែលរងរបួស ដោយសារតែកូនប្រុសបង្កើត ជាមន្រ្តីយោធាវាយដុំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានសមត្ថកិច្ចនគរបាល បានហៅ​ទៅសាកសួរ នៅអធិការដ្ឋានខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា។ សមត្ថកិច្ចហៅជនរងគ្រោះ ទៅបំភ្លឺ នេះ បន្ទាប់ពីបណ្តាញសង្គម បានបង្ហោះព្រោងព្រាត ជុំវិញការប្រើហឹង្សានេះ។

ម្តាយបង្កើត ដែល​រងការវាយដុំពីកូនបង្កើត ក្នុងទំនាស់ដណ្តើមសម្បត្តិនេះ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ នៅ យឹម អាយុ ៧៨ឆ្នាំ រងរបួសជាំក្រោមភ្លែកខាងឆ្វេង ស្នាក់នៅភូមិធំខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រីឯ​ចៅស្រី រងរបួស ១.ឈ្មោះ វៃ ស្រីភឿន អាយុ ២២ឆ្នាំ ជាអ្នកចម្រៀង ដើរច្រៀងភ្លេងការ រងរបួសជាំក្បាលជង្គង់ជើងខាងស្តាំ និងប៉ោងថ្ងាស ២.ឈ្មោះ វៃ ស្រីភ័ស អាយុ ២៧ឆ្នាំ រងរបួសជាំក្រោមភ្នែកខាងស្តាំ និងប៉ោងថ្ងាស។

ចំណែកកូនបង្កើត ដែលជាប់ចោទវាយម្តាយ ឈ្មោះ ប៉ាន់ វណ្ណា ហៅ នូវ វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ដែលគេអះអាងថា ជាមន្ត្រីយោធា នៅបញ្ជាការដ្ឋានអង្គរក្ស មានឋានន្តស័ក្តិ ថ្នាក់វរៈសេនីយ៍ទោ។

តាមនគរបាលខណ្ឌព្រែកព្នៅ ហេតុការណ៍ទាស់ទែង រហូតវាយម្តាយបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ១៥រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ នៅ​ផ្ទះមួយកន្លែង ក្នុងភូមិធំខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការទាស់ទែងគ្នានេះ ផ្តើម​ចេញរឿងជម្លោះដណ្តើមដីកេរ្តិ៍​។

ប្រភពព័ត៌មានអោយដឹងទៀតថា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ចៅស្រី ឈ្មោះ ស្រី ភ័ស (ជនរងគ្រោះ) បានសម្រាកពីការងារ ទៅលេង​ជីដូន និងប្អូនស្រី នៅផ្ទះកើតហេតុខាងលើ ខណៈនោះ ប្រពន្ធជនបង្ក ដែលជាកូនប្រសារ ក៏បានយកទូរសព្ទថតរូប ផ្ញើឲ្យប្តី ស្រាប់តែមួយសន្ទុះ កូនប្រុស (ជនដៃដល់) ដែលម្តាយ ប្តឹងកាត់ការចោល មានដិកាសម្រេចរបស់តុលាការរួចហើយនោះ មកដល់ រករឿង និងវាយទៅលើម្តាយ និងចៅស្រីទាំង ២នាក់ បណ្តាលអោយរងរបួសតែម្តង។

បន្ទាប់ពីរងរបួស ស្រ្តីជាម្តាយ និងចៅ ក៏បានទៅដាក់ពាក្យបណ្តឹង នៅស្នាក់ការប៉ុស្តិ៍ប៉ូលិស សង្កាត់​ពញាពន់ ហើយសមត្ថកិច្ច ពុំបានឃាត់ខ្លួនជនបង្កនោះទេ។ តែដោយសា​រមានការបង្ហោះ​តាមបណ្តាញសង្គម និងសារ​ព័ត៌មាន ទើបត្រូវបាននគរបាលខណ្ឌព្រែកព្នៅ អញ្ជើញជនរងគ្រោះ ទៅបំភ្លឺ នៅព្រឹកថ្ងៃទី៩មិថុនានេះ។

តាមស្រ្តីរងគ្រោះ ដែលជាម្តាយ​ គាត់មានកូនប្រុសចំនួន ២នាក់ កូនប្រុសច្បងឈ្មោះ ប៉ាន់ វី និងកូនទី២ ដែលជាជនបង្ក មានឈ្មោះ ប៉ាន់ វណ្ណា។ លុះក្រោយមក កូនប្រុសច្បង មានប្រពន្ធ និងកូនចំនួន ៣នាក់ ប្រុស១ ស្រី២ តែ​អកុសលឪពុកម្តាយ បានស្លាប់ទៅ នៅសល់តែចៅ ៣នាក់ រស់នៅជាមួយ។ ក្រោយមក ចៅប្រុសម្នាក់ បានស្លាប់ទៀត នៅសល់ចៅស្រី ២នាក់ ដែលគាត់ចិញ្ចឹម។

ស្រ្តីរងគ្រោះ បានអោយដឹងថា ដោយសារតែភាពលោភលន់ ចង់បានរបស់កូនប្រុស (ជនបង្ក)បានលួងលោមអោយគាត់លក់ដីជាបន្តបន្ទាប់ រហូតដល់ដីជាចំណែក​របស់ចៅ ហើយយកប្រាក់​ ទៅទិញឡាន ស៊ីចាយអស់ ដោយពុំអោយប្រាក់គាត់ឡើយ​។

ដោយសារតែទ្រាំនឹងទង្វើកូនបែបនេះ មិនបាន គាត់ក៏បានដាច់ចិត្ត ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានសុំកាត់កាលកូនឈ្មោះ ប៉ាន់ វណ្ណា ហៅ នៅ វណ្ណា នេះ។

ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចលេខ ៨២៤ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្រេចបញ្ចប់ទំនាក់ទងរវាងម្តាយ និងកូន តែកូនប្រុសនេះ នៅតែទៅផ្ទះម្តាយ និងចង់បានដី ដែលជាចំណែករបស់ចៅ ដែលនៅសល់នោះបន្តទៀត ក៏​កើតទៅជាទំនាស់ វាយមកលើគាត់ និងចៅតែម្តង។

ទោះបីជាយ៉ាងណា កោះសន្តិសភាព ពុំទទួលការបំភ្លឺ​ណាមួយ​ពី​មន្រ្តីយោធា ដែល​ជាប់ចោទវាយម្តាយនោះទេ​។

ចំណែកសមត្ថកិច្ច អោយដឹងថា ក្នុងរឿងនេះ សមត្ថកិច្ច នឹងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ ម៉េងធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ