ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ស្នើគ.ជ.ប លុបចោលគម្រោងបោះឆ្នោតសាកល្បង ថ្ងៃ២០មិថុនា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បន្ថែមលើសារជាសំឡេង នៅព្រលប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិត…

ភ្នំពេញ៖ បន្ថែមលើសារជាសំឡេង នៅព្រលប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិត ជូនគ.ជ.ប ស្នើ​ឲ្យគ.ជ.ប លុបចោលគម្រោងរៀបចំការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី២០ ខែមិថុនាខាងមុខ​។

ក្នុងលិខិត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ផ្អែកលើ​ស្ថានភាព​ជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល សុំ​ឯកឧត្តមប្រធានលុបចោល​ការបោះឆ្នោតសាកល្បង នៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោង​នឹងរៀបចំ​ធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ​»។​

ភ្លាមៗ គ.ជ.ប ក៏បានចេញលិខិត សម្រេច​លុបចោលគម្រោង​រៀបចំការបោះឆ្នោតសាកល្បង​ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ផងដែរ​។

សូមរម្លឹកថា ក្នុងសារសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រ​ពីការបោះឆ្នោតសាកល្បង​នោះឡើយ។ សម្តេចថា តាមគម្រោង នៅខេត្តមួយចំនួន ពិសេសខេត្តសៀមរាប ដែលកំពុងឆ្លងរាលដាលជំងឺកូវីដ១៩ នឹង​ប្រមូលផ្តុំប្រជាពលរដ្ឋ រៀនបោះឆ្នោត នៅថ្ងៃទី១០មិថុនា ស្អែកនេះ​​។

ប៉ុន្តែ​សម្តេចតេជោ បានគូសបញ្ជាក់ម្តងហើយម្តងទៀត ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូម​កុំ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេស​យើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីការរៀបចំលិខិតផ្លូវការ ទៅកាន់គជប ដើម្បី​ស្នើ​ឲ្យលុបចោលគម្រោងរៀបចំ​សាកល្បង​បោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ។

សម្តេចតេជោ លើកឡើងថា យើងគោរព​ឯករាជ្យភាព​របស់គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង​សម្ពាធ​ពីការវ៉ៃលុករបស់កូវីដផង និងការស្តារ​សេដ្ឋកិច្ចឡើងវិញផង​៕