ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជាង ១០០ គ្រួសារ នៅកោះកុង រកចំណូលពី ៤ ទៅ ៦ លានដុល្លារក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមខ្យងចំពុះទា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាសហគមន៍ពាមក្រសោប ប្រមាណ ១១៥ គ្រួសារ នៅខេត្តកោះកុង បានកំពុងកាក់កបនៅក្នុងរបរចិញ្ចឹមខ្យងចំពុះទា ដោយសារ ខ្សងមួយប្រភេទនេះបានក្លាយជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម…

រាជធានីភ្នំពេញ ៖ ប្រជាសហគមន៍ពាមក្រសោប ប្រមាណ ១១៥ គ្រួសារ នៅខេត្តកោះកុង បានកំពុងកាក់កបនៅក្នុងរបរចិញ្ចឹមខ្យងចំពុះទា ដោយសារ ខ្សងមួយប្រភេទនេះបានក្លាយជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យ ។ ប្រជាពលរដ្ឋនៅក្នុងតំបន់ទេសចរណ៍ដ៍សំ ខាន់មានធម្មជាតិល្អ ខ្យល់អាកាសបរិសុទ្ធនេះបានចិញ្ចឹមខ្យងចំពុះទា តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល ឲ្យវាតោងនៅក្នុងផ្ទៃទឹកសមុទ្រប្រមាណ ៥០ ហិកតា ។ ក្នុងមួយឆ្នាំ ខ្យងចំពុះទា ឲ្យផលជាមធ្យម ៣ ១៦៣ តោន ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ ។ ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥ ០០០រៀល និងចំហុយបកសំបករួចមានតម្លៃ ៦០ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណពី ៤ ៥០០ ០០០-៦ ០០០ ០០០ ដុល្លាក្នុងមួយឆ្នាំ ។

បើតាមក្រសួងបរិស្ថានឲ្យដឹងថា បច្ចុប្បន្ននេះ ខ្យងចំពុះទា ដែលផលិតដោយសហគមន៍ពាមក្រសោប ភាគច្រើនត្រូវនាំចេញទៅប្រទេសថៃ និង វៀត ណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ ។ ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូ នឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ ។

ខ្យងចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅ ឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជាប្រេងខ្យងបានដែរ ។ រីឯកាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបាន កិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ ។

មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា​ កាលពីឆ្នាំកន្លងទៅបានចុះទៅដល់សហគមន៍ពាមក្រសោប និងបាននិយាយថា តំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុង ដែលជាកន្លែងប្រភពគ្រំ ឬខ្យងចំពុះទា ជាប្រភពចំណូលយ៉ាងសំខាន់ ដែលអាចឲ្យពលរដ្ឋចំនួន ៣៥០ គ្រួសារចិញ្ចឹមលក់ ក្នុងតម្លៃពី ២៥០០ រៀល ទៅ ៣០០០ រៀល ក្នុងមួយគីឡូក្រោម ។ លោកថា ម្ហូបអាហារដែលច្នៃពីខ្យងចំពុះទា គឺផ្តល់ឱជារសដ៏ឈ្ងុយឆ្ងាញ់ ដែលអាចឲ្យម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាននានា យកទៅច្នៃជាម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវ ។ ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខ្យងចំពុះទានៅខេត្តកោះកុងនេះ ជាប្រភេទអាហារសមុទ្រដែលនាំចេញទៅប្រទេសថៃ និងវៀតណាមផងដែរ ។

«គ្រំចំពុះទាផលិតផលក្នុងស្រុកមកពីតំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុង និមិត្តរូបនៃនិរន្តភាពធនធានធម្មជាតិ កើតចេញពីសុខដុមរមណីយកម្ម រវាងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្សដើមកោងកាង ។ ម្ហូបដ៏ចាប់ចិត្តផ្សាភ្ជាប់រវាងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការអភិរក្សដើមកោងកាង ដើម្បីនិរន្តរភាពបរិស្ថាន» នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ