អត្ថាធិប្បាយ៖ ផែនការរំដោះទន្លេ នៅរាជធានីភ្នំពេញ អាចនឹងមិនសម្រេចតាមផែនការទេ
- ភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនានេះ ជាឱសានវាទ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ១សប្តាហ៍ គិតពីថ្ងៃទី២មិថុនា ដើម្បីឲ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី…
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនានេះ ជាឱសានវាទ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ១សប្តាហ៍ គិតពីថ្ងៃទី២មិថុនា ដើម្បីឲ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី…
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនានេះ ជាឱសានវាទ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ១សប្តាហ៍ គិតពីថ្ងៃទី២មិថុនា ដើម្បីឲ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។ ប៉ុន្តែ១សប្តាហ៍មកនេះ មានផ្ទះបណ្តែតទឹក និងបែត្រីតិចតួចណាស់ ដែលបានចល័តចេញពីដៃទន្លេសាប ទៅកាន់ទន្លេមេគ្គក្រោម និងខ្លះអូសចេញទៅខេត្តកណ្តាល។ ប៉ុន្តែបែចិញ្ចឹមត្រី ដែលអូសទៅដល់ទឹកដីខេត្តកណ្តាល ត្រូវបានអាជ្ញាធរខេត្តកណ្តាល ដេញឲ្យវិលមកកន្លែងដើមវិញ។
យ៉ាងហោចណាស់ មានបែចិញ្ចឹមត្រីចំនួន ៥ នៅក្នុងដៃទន្លេសាប ក្នុងខណ្ឌឬស្សីកែវ និង ខណ្ឌព្រែកព្នៅ បានចាកចេញ ទៅរកទីតាំងថ្មី តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ តែត្រូវបានអាជ្ញាធរ នៅស្រុកពញាឮ ខេត្តកណ្តាល ដេញឱ្យត្រឡប់មកកន្លែងដើមវិញ។
ក្រៅពីនេះ នៅតាមទន្លេបាសាក់ ក្នុងទឹកដីខណ្ឌច្បារអំពៅ ខាងសង្កាត់ព្រែកប្រា ក៏ដូចជានៅផ្ទះបណ្តែតទឹក នៅជិតស្ពានព្រែកព្នៅ ក៏មានក្រុមអ្នកចិញ្ចឹមត្រី និងអ្នករស់នៅលើផ្ទះបណ្តែតទឹក ដែលជាអនិកជនវៀតណាម បានផ្តិតមេដៃតវ៉ា រហូតដល់មានអន្តរាគមន៍ពីស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដើម្បីស្នើសុំដល់អាជ្ញាធររាជធានីភ្នំពេញ ឲ្យពន្យារពេល រហូតដល់ ៦ខែទៀត ទម្រាំចាប់ត្រីលក់អស់ពីបែចិញ្ចឹមទាំងអស់នោះ។
ចំពោះការស្នើសុំពន្យារពេលនេះ ក៏ត្រូវបានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឆ្លើយតបនឹងអ្នកកាសែតថា សាលារាជធានីភ្នំពេញ កំពុងពិចារណា។ ដំបូង អាជ្ញាធររាជធានីភ្នំពេញ សម្រេចថា ក្រោយថ្ងៃផុតកំណត់ នាថ្ងៃទី៩មិថុនា គឺអាជ្ញាធរសមត្ថកិច្ចចម្រុះ នឹងដឹកនាំប្រតិបត្តិការអនុវត្តវិធានការបណ្តេញចេញ ដោយកំណត់ធ្វើមុនគេ នៅខណ្ឌព្រែកព្នៅ នាថ្ងៃសៅរ៍ ទី១២មិថុនា។
ប៉ុន្តែបើតាមការតវ៉ា ធ្វើលិខិតផ្តិតមេដៃ ដោយមានទាំងអន្តរាគមន៍ពីទូតវៀតណាមផង រួមទាំងការរកកន្លែងថ្មី តាំងនៅមិនបាន ក្នុងទឹកទន្លេ នៅខេត្តកណ្តាលផង ទាំងនេះ អាចនឹងធ្វើឲ្យផែនការរំដោះទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាគម្រោងរបស់លោកអភិបាល ឃួង ស្រេង មិនទាន់អាចសម្រេចបានតាមផែនការនៅឡើយទេ។
ជាការពិតហើយ ការរស់នៅលើទឹក និងការចិញ្ចឹមត្រីក្នុងបែធំៗនេះ ដូចការលើកឡើងក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺកន្លងមក មានជនឱកាសនិយមមួយចំនួន បានលបលួច ធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោរបង់ ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹក មិនស្អាតផងដែរ។
ចំពោះមុខនៅពេលផុតឱសានវាទនេះ ជាដំណោះស្រាយ អាជ្ញាធររាជធានីភ្នំពេញ អាចសម្របសម្រួល រកកន្លែងថ្មី នៅលើគោក ដោយមានទាំងស្រះចិញ្ចឹមត្រី ហើយផ្ទេរឲ្យអ្នកចិញ្ចឹមត្រីតាមបែក្នុងទន្លេទាំងអស់នោះ ចាប់ត្រី យកទៅចិញ្ចឹមក្នុងស្រះលើគោកវិញ។ ឬក៏អាចអូសយកបែត្រីទាំងអស់នោះ ទៅកន្លែងសមគួរណាមួយ នៅក្នុងទីតាំងសមស្របទម្រាំត្រីធំ អាចចាប់លក់បាន។
សម្រាប់អ្នករស់នៅលើផ្ទះបណ្តែតទឹក គឺជាជម្រើសដ៏ល្អ អាជ្ញាធររាជធានីភ្នំពេញ ត្រូវសហការ ជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ស្រង់យកអ្នកទាំងនោះ មករស់នៅលើគោក នៅតំបន់ដីគោកណាមួយ ដែលអាជ្ញាធររៀបចំ ដូចករណីនៅខេត្តកំពង់ឆ្នាំង ជាឧទាហរណ៍។
ករណីនេះ ត្រូវការពេលយូរបន្តិចទម្រាំរៀបរយ។ តែបើថា ដេញឲ្យតែផុតៗពីទឹកទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺចេះតែធ្វើទៅបានហើយ តែទៅដល់ខេត្តកណ្តាល អាជ្ញាធរខេត្តកណ្តាល មិនអនុញ្ញាតឲ្យឈប់ ក៏ត្រូវដេញចុះដេញឡើង ហើយរសាត់អណ្តែតលើទឹក យូរៗទៅ នឹងវិលចុះវិលឡើង មកដល់ភូមិសាស្ត្ររាជធានីភ្នំពេញវិញដដែល នៅថ្ងៃក្រោយ ជាមិនខាន។
ជាការពិតហើយ ស្ទើរតែទាំងអស់ អ្នករស់នៅលើទឹក និងអ្នកចិញ្ចឹមត្រីក្នុងបែធំៗតាមទន្លេនោះ ជាជនជាតិវៀតណាម ខ្លះជាអនិកជនរស់នៅខុសច្បាប់ ហើយខ្លះទៀត ក៏បានរៀបចំឯកសារ មានទាំងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថែមទៀត។ ប៉ុន្តែរបៀបរស់នៅ សម្លៀកបំពាក់ និងសំឡេងនិយាយ ចេញមក នៅតែគេអាចកត់សម្គាល់ថា ជាជនជាតិវៀតណាម។
ដូច្នេះ ដើម្បីឲ្យផែនការរំដោះទន្លេចេញពីក្រុមអ្នករស់នៅលើទឹក និងអ្នកចិញ្ចឹមត្រីតាមបែធំៗ ទទួលបានជោគជ័យ រក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មនានា ចាំបាច់ណាស់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយសមាគម និងស្ថានទូតវៀតណាម រៀបចំឲ្យម្ចាស់បែចិញ្ចឹមត្រីផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ នៅលើផ្ទៃទន្លេទាំងអស់ ត្រូវឡើងលើគោក។ រកកន្លែងរស់នៅលើគោក ប្តូរមុខរបរនេសាទ ហើយបើជាអ្នកចិញ្ចឹមត្រី ក៏ត្រូវជាអ្នកចិញ្ចឹមត្រី នៅក្នុងស្រះ លើគោក។
យ៉ាងណាក៏ដោយ កន្លងមក តាមការកត់សម្គាល់ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រើវិធានការរដ្ឋបាលជាច្រើនរួចមកហើយ លើករណីប្រជាជនកម្ពុជា ដែលរឹងទទឹង មិនរុះរើចេញក្នុងករណីជម្លោះដីធ្លីជាច្រើន មានជាអាទិ៍ នៅបុរីកីឡា នៅបឹងកក់ នៅដីក្រហម និងនៅសហគមន៍សំបុកចាប ជាដើម។ ប៉ុន្តែទន្ទឹមនឹងវិធានការរដ្ឋបាល និងការចាប់ខ្លួនអ្នកតវ៉ាដាក់ពន្ធនាគារផងនោះ កន្លងមក អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានរៀបចំដី ជាកន្លែងរស់នៅថ្មី សម្រាប់បងប្អូនប្រជាជន ដែលត្រូវបណ្តេញចេញទាំងនោះ តាំងទីលំនៅថ្មី។
ចុះពេលនេះ ពេលដែលឱសានវាទចូលមកដល់ ហើយក៏មានការតវ៉ាផ្តិតមេដៃប្តឹងដល់ស្ថានទូតវៀតណាមផង ទូតវៀតណាម ក៏បានលូកដៃអន្តរាគមន៍ ការពារប្រជាជនរបស់គេផង តើផែនការរំដោះទន្លេរបស់លោកឃួងស្រេង អាចសម្រេចបានទេ?
ដំណោះស្រាយ មានតែការសម្របសម្រួល រកទីតាំងថ្មីនៅលើគោក និងត្រូវរកកន្លែងចិញ្ចឹមត្រីថ្មី សម្រាប់អ្នកមានបែត្រី ឬក៏ពន្យារពេល រហូតដល់ត្រីធំ ចាប់លក់អស់ហើយ ចាំរុះរើចេញ។ តែចំណុចនេះ ក៏ត្រូវធ្វើខសន្យាត្រឹមត្រូវ ហើយពេលអស់ត្រីក្នុងបែ ក៏នៅតែត្រូវរកទីតាំងដីលើគោក សម្រាប់ក្រុមអ្នករស់នៅលើបែត្រីទាំងនោះដែរ៕
ចែករំលែកព័តមាននេះ