ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបន្តគាំទ្រការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសផ្សព្វផ្សាយពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី​រវាង​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក​ វ៉ាង យី ទីប្រឹក្សារដ្ឋ…

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសផ្សព្វផ្សាយពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី​រវាង​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក​ វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុង​ឆុងឈីង ប្រទេសចិន​។ កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈ ស្ដីពី ការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្រសួងការបរទេសកម្ពុជា ប្រកាសថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យ​កាន់​តែ​ស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យ​ជាច្រើន​​ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក​ ប្រាក់ សុខុនបានសម្តែង​នូវអំណរគុណ​យ៉ាង​ជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍​វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ​ចំពោះ​ថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១​-២០២១)។

លោកបានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាន​នូវ​សមិទ្ធផល​ដ៏ធំធេង​ក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុង​ការ​​កសាងសង្គមប្រកបដោយវិបុលភាពមធ្យម។

ចំណែក លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិន ដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង​ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី​។ ចិន ក៏បានសន្យាថា នឹងនាំចូលផលិតផល​កសិកម្ម​បន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ដើម្បីបន្តជួយកម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺរា​តត្បាត សកលកូវីដ-១៩  រដ្ឋាភិបាលចិន នឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជា​ក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគ​សម្ភារៈ​វេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ។​

ក្រសួងការបរទេស ប្រកាសថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង  សម្រាប់ការផ្តល់​សច្ចាប័នលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាង​ប្រទេស​ទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗ​ចំនួនពីរគឺ៖ អនុស្សរណៈ​នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​ទូរគម​នាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងគម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យ​វប្បធម៌ សម្រាប់ឆ្នាំ២០២១-២០២៥ ក៏ដូចជាការសម្ពោធនូវការ​បើកការិយាល័យកុងស៊ុលចិននៅ​ខេត្ត​ព្រះសីហនុ។

នៅរសៀលថ្ងៃទី៨មិថុនានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​បាន​ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ និងមានជំនួបទ្វេភាគីជាមួយលោក​​ឧបនាយករដ្ឋមន្រ្តី ដុន  ប្រាមុតវីណៃ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ៕