ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណែងប្រធានគ.ជ.បថ្មីជានរណា? ត្រឹមថ្ងៃទី ៨ មិថុនា មានបេក្ខភាពតែម្នាក់គត់បានដាក់ពាក្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

គិតត្រឹមថ្ងៃទី ៨ ខែមិថុនា មានបេក្ខជនតែម្នាក់គត់បានដាក់ពាក្យជាផ្លូវការសម្រាប់តំណែងជាប្រធាន គ.ជ.ប ថ្មីជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។

រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ៨ ខែមិថុនា មានបេក្ខជនតែម្នាក់គត់បានដាក់ពាក្យជាផ្លូវការជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ប្រកួតប្រជែងតំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) ។ នេះបើតាមឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋសភា​​បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព នារសៀលថ្ងៃទី ៨ ខែមិថុនា នេះ ។

ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសនិងបើកទទួលពាក្យពីសាធារណជនសម្រាប់ការជ្រើសរើសមុខតំណែងជាប្រធានថ្មីរបស់ គ.ជ.ប រយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមិថុនា​វេលាម៉ោង ៥ ៖៣០ នាទីល្ងាច ។ យ៉ាងណាមិញ ត្រឹមថ្ងៃទី២ នៃការបើកទទួលពាក្យ គឺមានបេក្ខជនចំនួន ២ រូបបានមកទទួលពាក្យទៅបំពេញ ហើយមានតែមួយរូបប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ៨ មិថុនា បានយកពាក្យមកដាក់ជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាផ្លូវការ សុំ​ឈរឈ្មោះជាបេក្ខជន​ប្រធានគ.ជ.ប ថ្មី ។

«បាទ គិតមកដល់ពេលនេះ មាន ២ រូបបានមកសុំបែបបទយកទៅ ហើយក្នុងនោះគឹមានមួយរូប បានយកពាក្យមកដាក់ជាផ្លូវការសម្រាប់សុំឈរឈ្មោះជាបេក្ខជនប្រធាន គ.ជ.ប ថ្មី» ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង ។ អ្នកនាំពាក្យ​រដ្ឋសភា​​រូបនេះបានបន្តទៀតថា បន្ទាប់ពីបិទ​ឈប់ទទួលពាក្យ​ វេលាម៉ោង ៥៖ ៣០ នាទីល្ងាច នៅថ្ងៃទី១១ ខែមិថុនា គឺ​នៅថ្ងៃចន្ទ ទី១៤មិថុនា ខ្ញុំ ខាងអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងធ្វើរបាយការណ៍ជូនគណអនចិន្ត្រៃយ៍រដ្ឋសភា អំពីលទ្ធផលនៃការជ្រើសរើសថាមានបេក្ខជនប៉ុន្មាននាក់គ្រប់លក្ខខណ្ឌ ប៉ុន្មាននាក់មិនគ្រប់លក្ខខណ្ឌ ដើម្បីពិនិត្យនិងសម្រេច» ។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍បន្តថា ហើយនៅថ្ងៃអង្គារ ទី១៥មិថុនា គឺតាមច្បាប់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំដើម្បីពិនិត្យរបាយការណ៍ ហើយនិងសម្របសម្រួលជាមួយគណបក្សដែលស្នើតែងតាំង លោក ស៊ិក ប៊ុនហុក លើកមុន (គណបក្សប្រជាជនកម្ពុជា) ដើម្បីឱ្យគណបក្សនយោបាយឲ្យគាត់ ធ្វើការសម្របសម្រួល​ជ្រើសរើស ក្នុងរយៈពេល ៣ថ្ងៃ​ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ។

ក្រោយពីសម្របសម្រួលឱ្យបានជាបេក្ខជនយ៉ាងយូរត្រឹមថ្ងៃទី ១៧ ខែមិថុនា រួចនោះគណបក្សនឹងយកបេក្ខជនម្នាក់ ផ្ញើមកឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចចុងក្រោយ ដើម្បីដាក់ជូនទៅសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ។ គណបក្ស​នយោបាយ ដែលរដ្ឋសភា នឹង​ចេញលិខិតជូន​​ឲ្យធ្វើការសម្របសម្រួល​ជ្រើសរើសបេក្ខភាពនោះ គឺគណបក្សប្រជាជនកម្ពុជា ដែល​ជាគណបក្ស​បានតែងតាំង​ឯកឧត្តម ស៊ិក ប៊ុនហុក លើកមុន​នោះ»។​

សូមរម្លឹកថា ការប្រកាសជ្រើសរើសប្រធាន គ.ជ.ប ថ្មីនាពេលនេះធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានប្រជុំ​សម្រេច​យល់ព្រម​លើការស្នើសុំ​របស់​ឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានដាក់ពាក្យលាលែង​ពីប្រធាន គ.ជ.ប ដោយយោងលើបញ្ហាសុខភាព ។

​គូរបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ិក ប៊ុនហុក មានអាយុ ៧៥ឆ្នាំ នៅឆ្នាំ២០២១ នេះត្រូវបានរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​​មេសា ឆ្នាំ​២០១៥​ បោះឆ្នោត​ជ្រើសតាំង​ជាប្រធានគ.ជ.ប រួមជាមួយនឹងអនុប្រធាន និងសមាជិក ៧រូបទៀត តាមរូបមន្ត ៤-១-៤ ដែលជារូបមន្តរៀបចំឡើងក្រោយកិច្ចប្រជុំរាប់ខែរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ ក្នុងការតាក់តែងច្បាប់ថ្មីៗជាមួយចំនួនពាក់ព័ន្ធនឹងស្ថាប័នគជប។

សម្រាប់រូបមន្ត ៤-១-៤ សម្រាប់តំណែងប្រធាន និងអនុប្រធានរបស់ គ.ជ.ប គឺ  គណបក្សប្រជាជនកម្ពុជា ៤រូប សង្គមស៊ីវិល ១រូប និងគណបក្សសង្គ្រោះជាតិ ៤រូប ។ នៅថ្ងៃទី១៣មេសា ឆ្នាំ២០១៥ ឯកឧត្តម ស៊ិក ប៊ុនហុក បានចូលកាន់តំណែង​ជាប្រធានគ.ជ.ប ជំនួសឯកឧត្តម អ៊ឹម សួស្តី​  ជាផ្លូវការ ដូច្នេះមុនសុំលាឈប់ពីតួនាទីជាប្រធានគ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បានកាន់តំណែងនេះជាង ៦ ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ