ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មាន​សត្វ​ក្ងោក​ចន្លោះ​ពី​២​ពាន់​ទៅ​៣​ពាន់​ក្បាល​កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

សត្វ​ក្ងោក​បៃតង​ដែល​ជា​ប្រភេទ​សត្វ​កម្រ ស្ថិត​ក្នុង​គ្រោះថ្នាក់​នៅ​ភព​ផែនដី​ចំណាត់ថ្នាក់ ក្នុង​បញ្ជី​ក្រហម​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ IUCN ត្រូវ​បាន​រក​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ សត្វ​ក្ងោក​បៃតង​ដែល​ជា​ប្រភេទ​សត្វ​កម្រ ស្ថិត​ក្នុង​គ្រោះថ្នាក់​នៅ​ភព​ផែនដី​ចំណាត់ថ្នាក់ ក្នុង​បញ្ជី​ក្រហម​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ IUCN ត្រូវ​បាន​រក​ឃើញ​ថា មាន​ចំនួន​កើនឡើង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី រួម​នឹង​ដែនជម្រកសត្វព្រៃ​ផ្សេង​ទៀត នៅ​តំបន់​ភាគ​ខាងកើត​ទន្លេមេគង្គ ក៏​ត្រូវ​បាន​កត់​សម្គាល់ថា មាន​កំណើន​វត្តមាន​សត្វ​ក្ងោក​នេះ តាម​រយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។

និន្នាការ​នៃ​ចំនួន​សត្វ​ក្ងោក​បៃតង​នៅ​លើ​ពិភពលោក​មានការ​ថយ​ចុះ ប៉ុន្តែ​សម្រាប់​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា មាន​ចំនួន​កើនឡើង​នៃ​សត្វ​ក្ងោក​។ នេះ​គឺជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​ពិភពលោក​ក្នុង​ការ​ថែរក្សា​និង​អភិរក្ស​ជីវៈចម្រុះ ដូច​ជា​សត្វ​ក្ងោក​ដែល​ជា​ប្រភេទ​ពូជ​បក្សី​មាន​មាឌធំ មាន​សម្រស់​ស្រស់​ស្អាត​នៅ​លើ​ផែនដី​នេះ​។

ក្រសួងបរិស្ថាន​បរិស្ថានបានសម្តែងការអរគុណ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អង្គការ​ដៃគូ​ដែល​បាន​រួម សហការ​គ្នា​ការ​ការពារ និង​អភិរក្ស​សត្វព្រៃ និង​អរគុណ​ដៃគូ​នានា​ដែល​បាន​ទិញ​ឥណទាន​កាបូន​ពី​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ដែល​បាន​ចូលរួមរ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​។ ច្រើន​ជាង​៣​ភាគ​៤​នៃ​ប្រភេទ​សត្វព្រៃ​ត្រូវ​បាន​រក​ឃើញ​ថា ស្ថិត​ក្នុង​ស្ថានភាព ថេរ​ឬ​ល្អ​ប្រសើរ​។

ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការ​អនុវត្ត​គម្រោង​ដែល​រក្សា​បាន​នូវ​ភាព​សម្បូណ៌​បែប​នៃ​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​តំបន់ការពារធម្មជាតិ​។ ការ​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព ទាំង​ការ​អនុវត្ត​ច្បាប់ និង​ការ​រៀបចំ​ផែណការ​អភិរក្ស​បាន​ត្រឹមត្រូវ រួម​នឹង​ការ​ចូលរួម​ពី​សហគមន៍ បាន​ធ្វើ​ឱ្យ​ល្បាយ​នៃ​សត្វ​ក្ងោក​ដែល​ជា​សត្វ​កម្រ​នេះ មាន​ចំនួន​កើនឡើង​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​។

យោង​តាម​របាយការណ៍​សិក្សា​រួម​គ្នា​រវាង​ក្រសួងបរិស្ថាន និង​អង្គការ​សមគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) អំពី​ស្ថានភាព​សត្វព្រៃ​រយៈពេល​១០​ឆ្នាំ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ចេញផ្សាយ​កាលពី​ខែតុលា ឆ្នាំ​២០២០ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​នេះ មាន​សត្វ​ក្ងោក​បៃតង​ចំនួន ៩៦៦ ក្បាល​កំពុង​រស់នៅ ហើយ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា នៅ​តែ​ជា​តំបន់​ដែល​មាន​តម្លៃ​ជីវៈចម្រុះ​ខ្ពស់​ដោយសារ​តែ​មាន​កំណត់​ត្រា​ជីវៈចម្រុះ​ខ្ពស់​ជាង​តំបន់​ការពារ​ផ្សេង​ទៀត ក្នុង​ប្រទេស​កម្ពុជា និង​ជាទី​ជម្រក​នៃ​ប្រភេទ​សត្វ​សំខាន់​ៗ​ជាស​កល រួម​ទាំង​មាន​ពពួក​ពានរ​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត និង​ប្រភេទ​ជិត​ផុត​ពូជ​ច្រើន​ម​ជាងគេ​លើ​ពិភព​លោក​។

មន្ត្រី​ក្រសួង​បរិ​ស្ថា​នបានឱ្យដឹងថា តាម​ការ​សិក្សា​របស់​អ្នកជំនាញ បច្ចុប្បន្ន​នេះ ពិភពលោក​នៅ​មាន​សត្វ​ក្ងោក​ពេញវ័យ​ចន្លោះ​ពី ១៥.០០០ ទៅ ២០.០០០​ក្បាល​។ កម្ពុជា​ត្រូវ​បាន​គេ​វាយតម្លៃ​ថា មាន​សត្វ​ក្ងោក​បៃតង​ដែល​ជា​ប្រភេទ​កម្រ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ខណៈ​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា ប្រទេស​ចិន វៀតណាម ថៃ ឡាវ និង​ឥណ្ឌូ​នេ​ស៊ី ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ចំនួន​សត្វ​ក្ងោក​ក្រោម ១.០០០ ក្បាល​ក្នុង​ប្រទេស​នីមួយ​ៗ​។

កម្ពុជា​មាន​សត្វ​ក្ងោក​ចន្លោះ​ពី ២.០០០ ទៅ ៣.០០០ ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នោះ តំបន់​ភូមិភាគ​ខាងកើត​ទន្លេមេគង្គ​ក្នុង​ខេត្តមណ្ឌលគិរី ស្ទឹង​ត្រែង មាន​វត្តមាន​សត្វ​ក្ងោក​ច្រើន​ជាងគេ​។ ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា មាន​ចំនួន ៩៦៦ ក្បាល និង​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​មាន​ប្រមាណ ៥៧០ ក្បាល ហើយ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ក្នុង​ខេត្តមណ្ឌលគិរី ឧ​ទ្យា​ជាតិ​វី​រៈ​ជ័យ​ក្នុង​ខេត្តរតនគិរី ក៏​ត្រូវ​បាន​សិក្សា​ឃើញ​មាន​វត្តមាន​សត្វ​ក្ងោក​ផង​ដែរ​។

ក្រៅពី​នោះ សត្វ​ក្ងោក​មាន​វត្ត​មាននៅ​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រ​វ៉ា​ញ និង​តំបន់​មួយ​ចំនួន​ទៀត​ដែល​មួយ​តំបន់​ៗ អាច​មាន​ចន្លោះ​ពី​៥០ ទៅ​១០០ ក្បាល​។

ប្រភពដដែលបានបន្តថា សត្វ​ក្ងោក​មាន​រោម ពណ៌​ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង ក​.​វែង ហើយ​មាន​ប្រវែង​ដងខ្លួន​គិត​ពី​ចំពុះ​ដល់​ចុងកន្ទុយ​ប្រហែល​២​ម៉ែត្រ​។ ចំណីអាហារ​របស់​ក្ងោក​មាន​ដូច​ជា ផ្លែ​ឈើ ត្រួយ​រុក្ខជាតិ និង​សត្វល្អិត​ផ្សេង​ៗ​។ វា​អាច​មាន​អាយុ​ចាប់ពី ២០​ឆ្នាំ ទៅ ២៥​ឆ្នាំ និង​ទំងន់​ចាប់ពី ៤ ដល់ ៥ គីឡូក្រាម​។ សត្វ​ក្ងោក​តែងតែ​រស់នៅ​លើ​ដើមឈើ​ខ្ពស់​ៗ តែ​វា​មក​រក​ចំណី​នៅ​លើ​ដី តាម​គម្ពោត​ព្រៃ វាលស្មៅ​នៅ​តាម​ចន្លោះ​ព្រៃ ឬ​ជុំវិញ​មាត់​ត្រពាំង ដងអូរ ស្ទឹង តាម​វាលស្រែ ចំការ​នៃ​តំបន់​ព្រៃ​ភ្នំ​។ សត្វ​ក្ងោក​តែង​រកស៊ី​ចំណី​ជា​គ្រាប់​ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយ​រុក្ខជាតិ​ខ្ចី​ៗ ផ្លែ​ឈើ និង​សត្វល្អិត​ជា​អាហារ​។

សូម​បញ្ជាក់​ថា សត្វ​ក្ងោក​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​រង​គ្រោះ​ដោយ​ការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់​ដើម្បី​យក​ស្លាប និង​សាច់​របស់​​វា​។ ដើម្បី​ថែរក្សា​ប្រភេទ​ពូជ​សា​ត្វ​កម្រ​នេះ​ឱ្យ​បាន​គង់វង្ស ក្រសួងបរិស្ថាន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស បញ្ឈប់​ការ​បរិភោគ​សាច់សត្វ និង​បន្ត​ផ្សព្វផ្សាយ និង​បណ្តុះ​ស្មារតី​ស្រឡាញ់​សត្វព្រៃ​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​សហ​គមន៍ និង​បញ្ឈប់​ការ​ដាក់​អន្ទាក់ និង​ការ​បរបាញ់​ប្រភេទ​សត្វ​កម្រ​ទាំងនេះ​។ ជន​ណា​ដែល​នៅ​តែ​បំពាន នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ