ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើនខែហើយបញ្ហាត្រីចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃ ត្រីនាំចូលច្រើនហាក់មិនទាន់ដោះស្រាយបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមន៍វារីវប្បករកម្ពុជា បានអំពាវនាវរកទីផ្សារលក់ត្រីដែលសមាជិកខ្លួនចិញ្ចឹមបានជាច្រើនខែមកហើយ ជាមួយនឹងការទទូចសុំឲ្យសមត្ថកិច្ចជួយទប់ស្កាត់ ឬកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង តែបញ្ហានេះហាក់នៅមិនទាន់បានដោះស្រាយបាននៅឡើយទេ ។ ត្រីដែលពលរដ្ឋចិញ្ចឹមបាននៅតែស្ថិតនៅក្នុងស្រះរង់ចំាអ្នកទិញជាដដែល ហើយអ្នកចិញ្ចឹមឃើញតែត្អូញត្អែរជារៀងរាល់ថ្ងៃពីការប្រឈមការខាតបង់ដើមទុន…

រាជធានីភ្នំពេញ ៖ សមាគមន៍វារីវប្បករកម្ពុជា បានអំពាវនាវរកទីផ្សារលក់ត្រីដែលសមាជិកខ្លួនចិញ្ចឹមបានជាច្រើនខែមកហើយ ជាមួយនឹងការទទូចសុំឲ្យសមត្ថកិច្ចជួយទប់ស្កាត់ ឬកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង តែបញ្ហានេះហាក់នៅមិនទាន់បានដោះស្រាយបាននៅឡើយទេ ។ ត្រីដែលពលរដ្ឋចិញ្ចឹមបាននៅតែស្ថិតនៅក្នុងស្រះរង់ចំាអ្នកទិញជាដដែល ហើយអ្នកចិញ្ចឹមឃើញតែត្អូញត្អែរជារៀងរាល់ថ្ងៃពីការប្រឈមការខាតបង់ដើមទុន ។ 

ជាបន្តបន្ទាប់សមាគមវារីវប្បករកម្ពុជា បានចុះជួបសមាជិករបស់ខ្លួន ថតរូបភាព សម្ភាសជាវីដេអូ មកផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ស្វែងរកកិច្ចអន្តរាគន៍ ។ ការសំណូមពរហាក់បានធ្វើឡើងជាច្រើនរូបភាព រួមទំាងបានផ្សព្វផ្សាយតាមសារព័ត៌មានជាច្រើនផង ។ «វារីវប្បករខ្មែរនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម និងឃុំស្វាយរំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ចិញ្ចឹមត្រីអណ្តែង បានយ៉ាងល្អមែនទែន ដល់ពេលចាប់លក់ច្រើនសប្តាហ៍ហើយ ប៉ុន្តែអ្នកប្រមូលទិញមិនហ៊ានផ្តល់តម្លៃឱ្យខ្ពស់ជាងត្រីអណ្តែងនាំចូលពីប្រទេសជិតខាង នៅកន្លែងចែកចាយជលផល (យឿត្រី) ទេ ព្រោះពួកគេនិយាយថា ពិបាកលក់រាយនៅលើទីផ្សារ» ។ នេះជាការលើកឡើងរបស់សមាគមវារីវប្បករកម្ពុជាកាល ពីប៉ុន្មានថ្ងៃមុននេះ ។

សមាគមបានបន្ថែមថា ការយកតម្លៃត្រីនៅប្រទេសជិតខាងមកធ្វើជាគោលនេះ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់វារីវប្បកម្មក្នុងស្រុក ព្រោះថ្លៃដើមផលិត និងគុណភាពមិនដូចគ្នាទេ ព្រោះប្រទេសផ្សេងគ្នា ។ បើមិនមានការគ្រប់គ្រងការនាំចូលត្រីឱ្យបានម៉ឺងម៉ាត់ និងអនុលោមទៅតាមតម្រូវការជាក់ស្តែងក្នុងទីផ្សារទេនោះ វារីវប្បកម្មក្នុងស្រុក នឹងធ្លាក់អន្តរាយ វារីវប្បករខាតបង់ និងក្ស័យធន់ជាមិនខាន ។ សមាគមបានទទួចថា «សូមថ្នាក់ដឹកនាំមេត្តាជួយគិតពិចារណារ និងដាក់ចេញវិធានការណ៍ជាបន្ទាន់ផង» ។

ក្រៅពីតំបន់ខេត្តកំពង់ចាមនោះ ក្រុមការងារសមាគម បានចុះជួបជាមួយសមាជិកនៅតំបន់ខេត្តកណ្តាលផងដែរ ។ អ្នកចិញ្ចឹមត្រី ឃុំព្រែកកុយ ឃុំជាលា ឃុំ ច្បារអំពៅ ឃុំតាំងក្រាំង ឃុំរកាកោង និងឃុំស្វាយរំពារ ។ ដោយសារពិបាកលក់ត្រីពេក បានធ្វើំឱ្យកសិករអ្នកចិញ្ចឹមត្រីមួយចំនួនមិនចង់បន្តអាជីពនេះទៀតទេ ។ បើតាមសមាគមឱ្យដឹងថា «វារីវប្បករមួយចំនួនបានលក់ត្រីចេញពីស្រះហើយ ដោយមិនបានទទួលប្រាក់ចំណេញ គឺមិនរួចថ្លៃដើមផលិត ផង ។ បងប្អូនយើងមានការគិតខុសៗគ្នា ខ្លះសម្រេចមិនដាក់ត្រីបន្តទៀតទេ ដោយសារខ្លះរង់ចាំមើលទីផ្សារ ខ្លះមិនមានទុនដាក់បន្ត ខ្លះចង់ប្តូរទៅដាក់ត្រីផ្សេង និងខ្លះចង់សម្រាកពីមុខរបរនេះតែម្តង ។ នេះគ្រាន់តែមួយចំណែកតូចដែលយើងបានទៅជួបប៉ុណ្ណោះ ។ វារីវប្បករនៅកម្ពុជា កំពុងប្រឈមមុខហើយ ដូចនេះគ្រប់ភាគីពាក់ព័ន្ធសូមពិចារណារ គិតគូរ មិនអាចនៅស្ងៀមស្ងាត់ ចាំបាត់ទើបស្រោចស្រង់នោះទេ» ។

ឆ្លើយតបការត្អូញត្អែរ និងសំណូមពរខាងលើនេះ ព័ត៌មានចុងក្រោយបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងរៀបចំសេចក្តីប្រកាសស្តីពី «វិធាននៃការដឹកជញ្ជូនផល ផលិតផលជលផល» ដើម្បីរឹតបន្តឹងការនាំចូលត្រីពីប្រទេសវៀតណាម ។ តែគេនៅមិនដឹងថា សេចក្តីប្រកាសនោះនឹងជួយទប់ស្កាត់បរិមាណនាំចូលត្រីពីប្រទេសជិតខាងបានចំនួនប៉ុនណានៅឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ