ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ម្លប់​សាវម៉ាវ មក​កម្សាន្ត​សប្បាយ​ផង នឹង​មាន​សាវម៉ាវ និង​ទុរេន​ដ៏​ផ្អែម​ឆ្ងាញ់​ទៀត

1 ខែ មុន
  • Pailin

អស់​រយ​:​ពេល​ជិត​១​អាទិត្យ​មក​ហើយ គេ​សង្កេត​ឃើញ​រមណីយដ្ឋាន​មួយ​កន្លែង​មានឈ្មោះ​ថា «​ម្លប់​សាវម៉ាវ​» ត្រូវ​បាន​ម្ចាស់​ធ្វើការ​ប្រមូល​ផល ដោយ​បេះ​ផ្លែ​សាវម៉ាវ និង​ផ្លែ​ទុរេន ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន

ខេត្ត​ប៉ៃលិន ៖ អស់​រយ​:​ពេល​ជិត​១​អាទិត្យ​មក​ហើយ គេ​សង្កេត​ឃើញ​រមណីយដ្ឋាន​មួយ​កន្លែង​មានឈ្មោះ​ថា «​ម្លប់​សាវម៉ាវ​» ត្រូវ​បាន​ម្ចាស់​ធ្វើការ​ប្រមូល​ផល ដោយ​បេះ​ផ្លែ​សាវម៉ាវ និង​ផ្លែ​ទុរេន ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា ដើម្បី​ថ្លឹង​លក់​ឱ្យ​ភ្ញៀវ​ដែល​ចូល​ទៅ​លេង​កម្សាន្ត ដើម្បី​ទិញ​យក​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសារ ជា​ពិសេស​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​តែ​ម្តង ខណ​:​ពេល​ដែល​ពួក​គាត់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន នាំ​គ្នា​ចូល​ទៅ​អង្គុយ​លេង​ជា​លក្ខណ​:​គ្រួសារ ទោះបីជា​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​មានការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ ក៏​គាត់​អាច​លក់​ផ្លែ​ឈើ​ទាំងនេះ ដាច់​ជា​ហូរហែ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ញ៉ៅ សា​គុន អាយុ​៥៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចាន់ ឌឿ​ន អាយុ​៥១​ឆ្នាំ ជា​ម្ចាស់​រមណីយដ្ឋាន​ខាងលើ រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ៖ គាត់​បាន​ដាំ​ដំណាំ​សាវម៉ាវ និង​ទុរេន ព្រមទាំង​ដើម​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​នេះ អស់​រយ​:​ពេល​១៣​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ​២០០២ មក​ដល់​បច្ចុប្បន្ន ដោយ​ដាំ​ដើម​សាវម៉ាវ​ជាង​១០០​ដើម​នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា ដើម្បី​ងាយស្រួល​បូមទឹក​ស្រោច ពេល​អត់​មាន​ភ្លៀង​ធ្លាក់ ។

គាត់​បន្ត​ថា ការ​ដាំ​ដើម​សាវម៉ាវ​នេះ មាន​រយ​:​ពេល​៣​ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ អាច​ប្រមូល​ផល​លក់​ជា​បណ្តើរ​ៗ ដោយ​គាត់​បាន​យក​ពូជ​មក​ពី​ប្រទេស​ថៃ មានឈ្មោះ​ថា «​រុង​រៀន​» ជា​ប្រភេទ​សាវម៉ាវ សម្រាប់​ច្រក​កំប៉ុង​ដែល​ល្អ​លេខ​១ ហើយ​មាន​សាច់​ស្រួយ រសជាតិ​ផ្អែម​ឆ្ងាញ់ ដោយ​ក្នុង​១​ឆ្នាំ​គាត់​អាច​ប្រមូល​ផល​បាន​តែ​ម្តង​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត មូលហេតុ​ដែល​គាត់​ដាក់​ឈ្មោះ​រមណីយដ្ឋាន «​ម្លប់​សាវម៉ាវ​» ដោយសារ​តែ​មានការ​ដាំ​ដំណាំ​សាវម៉ាវ​ក្នុង​កន្លែង​លេង​កម្សាន្ត ហើយ​ពេល​នេះ ផ្លែ​សាវម៉ាវ​ទុំ គាត់​បេះ​លក់​១​គីឡូក្រាម តម្លៃ​៧០០០​រៀល​ទៅ​៨០០០​រៀល គឺ​បេះ​លក់​បាន​ជិត​២​តោន​ហើយ​ដែរ ។

គាត់​បញ្ជាក់​ថា ក្រៅពី​នេះ នៅ​ក្នុង​រមណីយដ្ឋាន​របស់​គាត់ ក៏​មាន​ដាំ​ទុរេន ប្រភេទ​ម៉ុ​ន​ថង​ជាង​១០០​ដើម ដែល​ប្រមូល​ផល​បាន​ចំនួន​ជាង​៣០​ដើម លក់​ឱ្យ​ភ្ញៀវ និង​អ្នក​ភូមិ​ចូល​ទៅ​ទិញ ដោយ​លក់​១​គីឡូក្រាម តម្លៃ​២២០០០​រៀល​ទៅ​២៣០០០​រៀល ។ ភាគច្រើន ភ្ញៀវ​មក​លេង​កន្លែង​រមណីយដ្ឋាន​បាន​នាំ​គ្នា​ទិញ​ហូប​ជា​លក្ខណៈ​គ្រួសារ និង​ទិញ​ផ្ញើ​បងប្អូន ក្រុម​គ្រួសារ​នៅ​ឯ​ផ្ទះ​ថែម​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​ក៏​មាន​ដាំ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ជិត​១០០០​ដើម ដែល​គាត់​អាច​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ ហើយ​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ដូច្នេះ​បើសិនជា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចង់​ទិញ​ផ្លែ​ឈើ សូម​នាំ​គ្នា​ទៅ​លេង​រមណីយដ្ឋាន​របស់​គាត់ ព្រោះ​ការ​បេះ​លក់​នេះ​មិន​ឱ្យ​លើស​ពី​តម្លៃ​ទីផ្សារ នោះ​ឡើយ ៕