ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ជើង​ទី​២ វគ្គ​ជម្រុះ​ពានរង្វាន់ World Cup 2022 នៅ​បា​រ៉ែ​ន កម្ពុជា​ចាញ់​អ៊ី​រ៉ា​ក់ ១-៤

2 ឆ្នាំ មុន

បា​រ៉ែ​ន ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​តែ​ពុំ​ទាន់​ស្គាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World

បា​រ៉ែ​ន ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​តែ​ពុំ​ទាន់​ស្គាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ពូ​ល C ឡើយ បន្ទាប់​ពី​បន្ដ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​អ៊ី​រ៉ា​ក់ ដោយ​លទ្ធផល ៤-១ មុន​នេះ​បន្ដិច នៅ​កីឡដ្ឋាន Al Muharraq នា​ប្រទេស​បា​រ៉ែ​ន ។

ជំនួប​ជើង​ទី​២ លើ​ទឹកដី​កណ្ដាល​នេះ ក្រុម​ឈរ​ចំណាត់ថ្នាក់​ពិភពលោក​លេខ ៦៨ អ៊ី​រ៉ា​ក់ បាន​ស៊ុត​នាំមុខ​កម្ពុជា ១​គ្រាប់​មុន តាំងពី​នាទី​ទី​១ ដោយ​កីឡាករ Ali Mohanad មុន​ពួក​គេ​បន្ថែម ២​គ្រាប់​ទៀត ដោយ​កីឡាករ Bashar Resan និង​កីឡាករ Ali Adnan នៅ​នាទី​២៤ និង​នាទី​២៧ ។

ចូល​ដល់​តង់​ទី​២ ក្រុម​គោព្រៃ​កម្ពុជា បាន​សហការ​គ្នា​កាន់តែ​ល្អ​ប្រសើរ រហូត​វាយបក​បាន ១​គ្រាប់​វិញ នៅ​នាទី​៥៥ ដោយ​ខ្សែការពារ សឿ​យ វិសាល ។ អ្វី​ដែល​ពិសេស គេ​ឃើញ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​ជា​ច្រើន​រូប បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ដ៏​ធំ​នេះ ពិសេស​កីឡាករ​វ័យ ១៧​ឆ្នាំ ឡេ​ង ណូ​រ៉ា ។

ប៉ុន្ដែ​គួរ​ឲ្យ​សោកស្ដាយ​នៅ​ចុង​ម៉ោង បន្ទាប់​ពី​ការ​លើក​បាល់​ជ្រុង បាន​បង្ក​ឱកាស​ឲ្យ​កីឡាករ Safaa Hadi តែ​ត​បំប៉ោង​សំណាញ់​ទី​ក្រុម​ជម្រើសជាតិ​កម្ពុជា ១​គ្រាប់​ទៀត នៅ​នាទី​៩០+៣ ហើយ​អាជ្ញាកណ្ដាល​ក៏​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត ដោយ​ជ័យជម្នះ​បាន​ទៅ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉ា​ក់ ក្នុង​លទ្ធផល​បច្ចេកទេស ៤-១ តែ​ម្ដង ៕

នេះ​គឺជា​បរាជ័យ​លើក​ទី​៦ ក្នុង​ចំណោម ៧​ប្រកួត​របស់​ក្រុម​គោព្រៃ​កម្ពុជា បន្ទាប់​ពី​ប្រកួត​បើក​ឆាក​ពូ​ល C ស្មើ​ក្រុម​ភ្ញៀវ​ហុងកុង ១-១ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៩ ។ ប៉ុន្ដែ​មុន​ត្រឡប់​មក​មាតុភូមិ​វិញ ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​សល់​ការ​ប្រកួត​បង្គ្រប់កិច្ច​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ១​ប្រកួត​ទៀត ដោយ​ត្រូវ​ជួប​ក្រុម​ខ្លាំង​អ៊ី​រ៉​ង់ នា​រាត្រី​ថ្ងៃ​ទី​១១ ខែមិថុនា​ខាង​មុខ នៅ​ប្រទេស​បា​រ៉ែ​ន​ដដែល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ