ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក ​៖ អ្នក​មើល​មាតិកា​ហ្គេ​ម​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០២១

1 ខែ មុន

បរទេស ៖ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ការ​ទស្សនាការ​ផ្សាយ​ផ្ទាល់​តាម​

បរទេស ៖ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ការ​ទស្សនាការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ឆ្នាំ ២០២០-២០២១ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក ។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៣ មិថុនា ឆ្នាំ​២០២១ នេះ ហ្វេ​ស​ប៊ុ​កបាន​លើក​ឡើង​ថា កម្ពុជា​ជាប់​ជា​ប្រទេស​មួយ​ដែល​មាន​ទស្សនា Live stream លើ Facebook Gaming ច្រើន​បំផុត ផ្តល់​ឱកាស​សម្រាប់​អ្នក​ផ្សាយ​បន្ត​ផ្ទាល់​ហ្គេ​ម និង​អ្នក​បង្កើត​ហ្គេ​ម​ក្នុង​ប្រទេស​កម្ពុជា ។

ការ​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់ (live stream) របស់ Facebook Gaming ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង ៦៥% កាលពី​ឆ្នាំ​មុន​ដោយ​ហ្គេ​ម Mobile Legends ហ្គេ​ម PUBG Mobile និង​ហ្គេ​ម Garena Free Fire ស្ថិត​នៅ​លំដាប់​កំពូល​ទាំង​៣ ក្នុង​នាម​ជា​ហ្គេ​ម​ដែល​មាន​អ្នក​មើល​ច្រើន​ជាងគេ​ពី Facebook Gaming ក្នុង​ប្រទេស​កម្ពុជា​។

អ្នក​ចូល​ចិត្ត​កីឡា​អេ​ឡិច​ត្រូ​និ​ច (eSport) និង​អ្នកលេង​កីឡា​អេ​ឡិច​ត្រូ​និ​ច​អាជីព​ដែល​កំពុង​កើនឡើង​មួយ​ចំនួន ប្រើប្រាស់​កម្មវិធី​បង្កើត Facebook Gaming ដើម្បី​បង្កើត​មាតិកា ផ្សាយ​បន្ត​ផ្ទាល់​វី​ដេ​អូ​ហ្គេ​ម ភ្ជាប់​និង​ចែករំលែក​បទ​ពិសោធ​ជាមួយនឹង​អ្នកគាំទ្រ​របស់​ពួក​គេ ឬ​ដើម្បី​បង្កើត​អាជីវកម្ម​របស់​ពួក​គេ​។

គ្រាន់តែ​កាលពី​ខែ​មុន អ្នក​ទស្សនា​វី​ដេ​អូ​ហ្គេ​ម​បាន​ចូល​មើល​ជាង ៨,៥​លាន​ដង និង​បាន​ផ្ញើ​ផ្កាយ​ជាង ៤​លាន​ផ្កាយ ដែល​ជា​លក្ខណៈ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​វី​ដេ​អូ​ហ្គេ​ម​អាច​រក​ប្រាក់​បាន​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​មាតិកា​របស់​ពួក​គេ​។

អ្នក​បង្កើត​វី​ដេ​អូ​ហ្គេ​ម​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​ដៃគូ​ហ្គេ​ម​ម្នាក់​របស់​ក្រុមហ៊ុន Facebook ដែល​ហៅ​ថា Ream Angkor បាន​ថ្លែង​ថា​៖ «ការ​ប្រើប្រាស់​ឧបករណ៍​ចល័ត​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន ហើយ Facebook ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូ​លាស់​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​គោលបំណង​ផ្សេង​ៗ​គ្នា​។ ដោយសារ​ហ្គេ​ម និង​កីឡា​អេ​ឡិច​ត្រូ​និ​ច​គឺជា​និន្នាការ​ថ្មី​មួយ Facebook Gaming អាច​ឱ្យ​អ្នកលេង​ហ្គេ​ម​ជា​ច្រើន​រាប់​ចាប់ពី​អ្នក​ធម្មតា​រហូត​ដល់​អ្នកលេង​អាជីព បង្ហាញ​ទេ​ព្យ​កោសល្យ​របស់​ពួក​គេ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​ពិភពលោក​។ អ្នក​បង្កើត​កីឡា​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ទៀត ក៏​អាច​ប្រើប្រាស់ Facebook ដើម្បី​បង្កើត​ព្រឹត្តិការណ៍​នានា​សម្រាប់​សហគមន៍​ផង​ដែរ​»​។

កម្មវិធី Facebook Gaming ផ្តល់​ជា​មធ្យោបាយ​មួយ​សម្រាប់​មនុស្ស​ក្នុង​ការ​ស្វែងរក ទស្សនា លេង និង​ចែករំលែក​មាតិកា​ផ្ទាល់ខ្លួន​ទាំងអស់​របស់​ពួក​គេ​នៅ​ទីកន្លែង​តែ​មួយ​។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​បទ​ពិសោធ​កាន់តែ​ស៊ីជម្រៅ​អំពី​មាតិកា Facebook Gaming និង​រួម​បញ្ចូល​ទាំង​មុខងារ​ពិសេស​ថ្មី​ៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នកលេង​ហ្គេ​ម​។ មុខងារ​ពិសេស​មួយ​ចំនួន​ក្នុង​ចំ​ណៅ​ម​មុខងារ​ពិសេស​របស់​កម្មវិធី Facebook Gaming រួម​មានការ​ស្វែងរក​មាតិកា​ហ្គេ​ម​ផ្ទាល់ខ្លួន ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​បង្កើត​ហ្គេ​ម​ដើម្បី​ទស្សនាការ​លេង​ហ្គេ​ម ការ​ជជែក​ជាមួយ​មិត្តភក្តិ​អំពី​ហ្គេ​ម​ដែល​ខ្លួន​ចូល​ចិត្ត និង​ការ​លេង​ហ្គេ​ម​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​។ កម្មវិធី Facebook Gaming តែ​ឯកឯង ក៏​អាច​រកបាន​ផង​ដែរ​នៅ​លើ Google Play និង iOS​។

នៅ​ទូ​ទាំង​ពិភពលោក មនុស្ស​ជាង ៧០០​លាន​នាក់​លេង ទស្សនា និង​ចែក​រំ​លេ​ក​ហ្គេ​ម​នៅ​លើ Facebook រៀង​រាល់​ខែ ហើយ​ជាង ៥៥% នៃ​អ្នក​ដែល​មាន​គណនី Facebook លេង​ហ្គេ​ម​រៀង​រាល់​ខែ​។

លោក Michael Rose ប្រធាន​ផ្នែក​អ្នក​បង្កើត​ហ្គេ​ម​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​ក្រុមហ៊ុន Facebook បាន​ថ្លែង​ថា​៖ «តំបន់​អាស៊ី​អាគ្នេយ៍​បាន​រីក​លូតលាស់​ក្លាយជា​ទីផ្សារ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់ Facebook Gaming ដែល​ត្រូវ​បាន​ជំរុញ​មួយ​ផ្នែក​ធំ​ដោយសារ​ប្រជាប្រិយភាព​របស់​វី​ដេ​អូ​ហ្គេ​ម និង​អ្នក​បង្កើត​ហ្គេ​ម​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Facebook គាំទ្រ​អ្នក​បង្កើត​ហ្គេ​ម​ជនជាតិ​កម្ពុជា ដើម្បី​កសាង​សហគមន៍​ដ៏​រឹង​មាំ​មួយ និង​បង្កើត​ទំនាក់ទំនង​ពោរពេញ​ដោយ​អត្ថន័យ​ជាមួយ​អ្នកគាំទ្រ​របស់​ពួក​គេ ខណៈ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ផ្តល់​ជូន​មធ្យោបាយ​ជា​ច្រើន​សម្រាប់​អ្នក​បង្កើត​ហ្កេ​ម​ទាំងនេះ​ដើម្បី​បង្កើត​អាជីវកម្ម​ដែល​សាក​សម​បំផុត​ទៅ​នឹង​មាតិកា និង​អ្នក​ទស្សនា​របស់​ពួក​គេ​»​៕​