បច្ចុប្បន្ន បញ្ហាភាគច្រើន គឺបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ បើនិយាយពីជំងឺនេះគ្មាននរណាម្នាក់មិនដឹងនោះទេ ព្រោះវាបានធ្វើឱ្យពិភពលោកកំពុងវក់វីដោយសារវា ។ តោះ ! ឥឡូវកុំគិតច្រើន ហើយព្យាយាមបន្សាំខ្លួនឱ្យត្រូវនឹងបរិយាកាស ឱ្យត្រូវនឹងសម័យកាលកូវីដ ១៩ តែម្តង ជាពិសេសសហគ្រិននានា ទើបចាប់ផ្តើមក្តី ឬមានអាជីវកម្មរួចហើយ ក៏អាចអានអត្ថបទនេះបានដែរ ។ ដើម្បីសម្រេចគោលដៅ អ្នកជំនាញបានណែនាំឱ្យសហគ្រិនគួរគិតពិចារណាលើចំណុចខ្លះ ដូចនេះចំណុចទាំងនេះត្រូវបានរៀបរាប់ដូចខាងក្រោម ៖
ជំហានទី ១ បន្សាំខ្លួនទៅនឹងបរិស្ថាន នៅទីកន្លែងដែលអ្នកអាចរស់នៅបាននាពេលបច្ចុប្បន្ន ៖
ជិត ២ ឆ្នាំហើយ ដែលមនុស្សជាច្រើនបានរៀនពីបញ្ហាប្រឈម នៃការធ្វើការងារពីផ្ទះ ដែលជាការមត្រូវឱ្យអ្នកធ្វើពីផ្ទះទៅ ព្រោះបរិយាកាសមិនសមស្របឱ្យមនុស្សមកធ្វើការនៅអូហ្វីសនោះ ។ ដោយសារវិបត្តិកូវីដ ១៩ បានធ្វើឱ្យមនុស្សបានរៀនធ្វើការពីចម្ងាយ និងបានផ្លាស់ប្តូរទម្លាប់ជាច្រើន អ្នកខ្លះក៏អាចទទួលយកបាន អ្នកខ្លះទៀតក៏ពិបាក ប៉ុន្តែវាពិតជាគ្មានជម្រើសនោះទេ ។ ដូចនេះវាជាពេលវេលាបង្ហាញថា បរិស្ថាននៅជុំវិញខ្លួនយើងពិតជាសំខាន់ ។
លោក Evans បាននិយាយថា សហគ្រិនដែលជោគជ័យ គឺជាមនុស្សដែលមើលឃើញបរិស្ថាននៅជុំវិញខ្លួនគាត់សុទ្ធតែសំខាន់ សហគ្រិនទាំងនោះតែងតែគិតថា គន្លឹះជោគជ័យរបស់ពួកគេគឺជាសុខភាពនេះឯង វាគឺជាអ្វីដែលពួកគេត្រូវរក្សាឬហៅថាដាំដុះវា ។ បន្ទាប់ពីពួកគេមានដើមសុខភាពរឹងមាំហើយ ជំហានបន្ទាប់គឺការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងជំនាញនៅក្នុងវិជ្ជាជីវៈនោះ ។ បរិយាកាសនោះ គឺចង់សំដៅទៅលើអ្វីៗគ្រប់យ៉ាង ដែលបានមកពីមនុស្សជុំវិញអ្នក អាហារឬការញ៉ាំរបស់អ្នក ការសិក្សាពីប្រព័ន្ធផ្សព្វផ្សាយ ដែលអ្នកប្រើប្រាស់ ដូចជាទូរទស្សន៍ ការអានសៀវភៅ ការអានព័ត៌មាន និងការប្រើប្រាស់បណ្តាញសង្គមនានា និងអ្វីដែលអ្នកធ្វើក្នុងពេលទំនេរ ។
ជំហានទី ២ លុបបំបាត់ភាពមិនច្បាស់លាស់នៅជុំវិញគោលដៅរបស់អ្នក ៖
ប្រសិនបើគោលដៅរបស់អ្នកមិនច្បាស់លាស់ អ្នកនឹងមិនអាចសម្រេចវាបានទេ ដូចនេះអ្នកត្រូវបង្កើតផែនការយុទ្ធសាស្ត្រ ជាមួយនឹងការកំណត់ពេលវេលា ដើម្បីលុបបំបាត់ភាពមិនច្បាស់ទាំងនោះ ហើយអ្នកត្រូវសួរខ្លួនឯងថា អ្នកចង់សម្រេចបាននៅក្នុងឆាកជីវិតផ្ទាល់ ឬអាជីវកម្មរបស់អ្នក ? (គោលដៅអាជីវកម្ម មិនដូចគោលដៅជីវិតនោះទេ ប៉ុន្តែវាស្រដៀងគ្នាភាគច្រើន) ។ លោក Evans ណែនាំឱ្យអតិថិជនរបស់គាត់តាមដានគោលដៅជាក់លាក់មិនថា ជារបស់របរដែលពួកគេចង់ទិញ ឬចំនួនថ្ងៃឈប់សម្រាកជាក់លាក់ក្នុងមួយខែ ឬចំនួនជាក់លាក់នៃការលូតលាស់ហិរញ្ញវត្ថុក្នុងកំឡុងពេលបើកប្រាក់ខែនីមួយៗ និងកំណត់ពេលវេលា ។
ជំហានទី ៣ ប្តេជ្ញាខ្លួនឯងដើម្បីរីកចម្រើន និងចែករំលែកក្នុងសង្គម ៖
មិនថាគោលដៅអ្នក ឬអាជីវកម្មអ្នកសម្រេចបានប៉ុណ្ណានោះទេ ក៏អ្នកត្រូវតែបន្តការប្តេជ្ញាដដែល និងបន្ថែមទៀត ។ ប្រសិនជាអាជីវកម្មរបស់បានរីកចម្រើនយ៉ាងណាក្តី គួររក្សាការរស់នៅរបស់អ្នកដូចមុន មានន័យថា បានចំណេញបន្តិចបន្តួចភ្លាមដូរឡានទំនើប វីឡាថ្លៃៗ ចាប់ប្រើរបស់ប្រ៊េនភ្លាម សហគ្រិនដែលបានគិតវែងឆ្ងាយ គេមិនប្រើប្រាស់លុយទៅលើរបស់អស់ទាំងនោះទេ តែប្រើលុយចំណេញទៅលើការពង្រីកអាជីវកម្ម ដូចជាបន្ថែមបុគ្គលិក និងរក្សាប្រាក់ចំណេញឱ្យនៅថេរជាដើម ហើយគេក៏មិនភ្លេចការចែករំលែកនៅក្នុងសង្គមផងដែរ ។
ធ្វើជាសហគ្រិនមួយរូប ចាំបាច់ណាស់ត្រូវមានផែនការនិងគោលដៅផ្ទាល់ខ្លួនផងដែរ ។ អ្នកមិនអាចមានភាពជោគជ័យនោះប្រសិនបើអ្នកមិនដឹងថា អនាគតអ្នកនឹងដើរដល់ផ្លូវណា ។ មានសហគ្រិនជាច្រើន បានធ្វើខ្លួនឱ្យធ្លាក់ក្នុងអន្លង់ការងារ គ្មានសូម្បីតែពេលវេលាសម្រាប់ខ្លួនឯង បន្ទាប់មកត្រូវមកអង្គុយស្តាយក្រោយពេលអត់មានឱកាសសប្បាយ ។ នៅពេលអ្នកមានគោលដៅច្បាស់លាស់ ប្រកបដោយមហិច្ឆតា ហើយសម្រេចបានគោលដៅទាំងនោះ ហើយបន្ទាប់មកវាយតម្លៃឡើងវិញ ដើម្បីឱ្យអ្នកអាចបន្តរីកចម្រើនបាន ធ្វើដូចនេះអ្នកនឹងមិនចាំបាច់អង្គុយខ្វាយខ្វល់គ្រប់ម៉ោងគ្រប់ពេលនោះទេ ៕ ប្រភព ៖ Forbes
ចែករំលែកព័តមាននេះ