ភ្នំពេញ៖ ដើម្បីឲ្យសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ អាចដំណើរការទៅបាន វាទាមទារដាច់ខាតឲ្យមហាជន ចូលរួមគាំទ្រ និងចូលរួមប្រើប្រាស់សេវាដឹកជញ្ជូននោះ ទើបអាចបន្តរស់រាន និងដំណើរការតទៅទៀតបាន។ យ៉ាងណាក៏ដោយ ករណីរថភ្លើងរយៈចម្ងាយខ្លីទៅមកព្រលានយន្តហោះភ្នំពេញ និងស្ថានីយរថភ្លើងកណ្តាល នៅជិតសាលារាជធានីភ្នំពេញ គឺជាករណីជាក់ស្តែងមួយ ដែលបើកដំណើរការបានរយៈពេលខ្លី ហើយត្រូវបិទទៅវិញ ព្រោះតែមិនមានអ្នកជិះ។
កាលពីចុងឆ្នាំ២០១៤ សាលារាជធានីភ្នំពេញ សហការជាមួយទីភ្នាក់ងារជប៉ុន JICA បានដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុង នៅក្នុងរាជធានីភ្នំពេញ ទៅដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្តិចក្រោយមក នៅភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានចូលកាន់តំណែង នៅឆ្នាំ២០១៦ ក៏បានបង្កើតឲ្យមានសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើង ក្នុងរយៈចម្ងាយខ្លី គឺពីស្ថានីយកណ្តាល នៅជិតសាលារាជធានីភ្នំពេញ ទៅមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៨។ ក្នុងពេលដំណាលគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្កើតឲ្យមានការសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ចាប់ពីព្រែកព្នៅ ទៅមកក្រុងតាខ្មៅ ខេត្តកណ្តាល។
ការបង្កើតសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ទាំងឡានក្រុង ទាំងរថភ្លើង និងទាំងកាណូតនេះ គឺជាការផ្តួចផ្តើមល្អប្រសើរ ដូចនៅប្រទេសជឿនលឿន និងក៏ដូចជាប្រទេសក្បែរខាងកម្ពុជា មានវៀតណាម និងថៃ ជាដើម។ ជាការពិត សេវាដឹកជញ្ជូនសាធារណៈ មិនថា ឡានក្រុង រថភ្លើង និងកាណូតទេ គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសកាត់បន្ថយចំណាយលើការធ្វើដំណើរ សុវត្ថិភាពចរាចរណ៍ រួមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ថែម ក្នុងរាជធានីភ្នំពេញ ទៀតផង។
ក៏ប៉ុន្តែសេវាដឹកជញ្ជូនសាធារណៈទាំងនេះ ហាក់ដូចជាទទួលបាននូវការគាំទ្រ និងការប្រើប្រាស់មិនច្រើនប៉ុន្មានទេ ពីសំណាកមហាជនកម្ពុជា។ ក្នុងនោះ រថភ្លើងដឹកអ្នកដំណើរចម្ងាយខ្លីពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ ឆ្ពោះទៅស្ថានីយរថភ្លើងភ្នំពេញ ដែលបានបើកដំណើរដឹកជញ្ជូនអ្នកដំណើរ នៅក្នុងខែមេសា ឆ្នាំ២០១៨ ហើយបានដឹកជញ្ជូនអ្នកដំណើរ ដោយមិនគិតថ្លៃ រហូតដល់ថ្ងៃទី៣១ ខែកក្កដា និងបន្តមិនយកលុយរហូតដល់ដាច់ឆ្នាំ២០១៨ គឺរថភ្លើងដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញនេះ បានបិទទៅវិញ នៅអំឡុងខែកក្កដា ឆ្នាំ២០២០ ដោយសារតែមិនមានអ្នកជិះ។ មិនមានអ្នកជិះរថភ្លើងពីព្រលានយន្តហោះ-ស្ថានីយរថភ្លើងកណ្តាល ក៏ដោយសារតែមិនមានយន្តហោះចេញចូលច្រើនផង ដោយសារតែបញ្ហាកូវីដ១៩។ តែកាលពីមុនពេលមានកូវីដឆ្លងរាតត្បាត ក៏ខ្សែរថភ្លើងពិសេសនេះ មិនសូវមានអ្នកនិយមជិះប៉ុន្មាននោះទេ។
ម្យ៉ាងទៀត រថភ្លើងដឹកអ្នកដំណើរនេះ ក៏ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា អាចបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវចេញ-ចូលព្រលានយន្តហោះ ឬហៅថា Trump Way ដោយសារតែផ្លូវរថភ្លើងនោះ នៅចំកណ្តាលផ្លូវធ្វើដំណើរ ដែលមានមនុស្សកកុញ មុខព្រលានយន្តហោះ ច្រកចូលវត្តតាំងកសាង។
យ៉ាងណាក៏ដោយ អំឡុងពេលដំណើរការរថភ្លើងរយៈចម្ងាយខ្លីនេះ គឺផ្លូវប្រមាណជាង ១គ.ម ពីព្រលានព្រលានយន្តហោះ ទៅផ្លូវរថភ្លើងមេ ដែលជាផ្លូវចូលវត្តតាំងកសាង ត្រូវបានកែលម្អ ចាក់បេតុង អ៊ុតកៅស៊ូ និងពង្រីកទាំងសង្ខាង ធំជាងមុន។ នៅពេលនេះ ពេលរថភ្លើងឈប់ដំណើរការ កំណាត់ផ្លូវមួយខ្សែនោះ ក៏ក្លាយជាផ្លូវ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ដោយធំទូលាយ និងងាយស្រួលធ្វើដំណើរជាងមុន។
ដោយឡែក សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ដែលបានដាក់ឱ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០១៤ ក៏មិនបានរកប្រាក់ចំណូល កុំថា ឡើយដល់ថ្នាក់ចំណេញ គឺឲ្យតែរួចខ្លួន ក៏មិនទាំងបានផង។ រថយន្តក្រុងនោះ បានចាប់ផ្តើមនៅម៉ោង ៥ និង៣០នាទីព្រឹក ដល់ ៨ និង៣០នាទីយប់ ក្នុងតម្លៃសំបុត្រ ១៥០០៛/ម្នាក់/លើក។ ក្នុងនោះ ក៏លើកលែងមិនយកលុយពីព្រះសង្ឃ ចាស់ជរា ជនពិការ កម្មករ កម្មការិនី សិស្ស និស្សិត និងកុមារកំពស់ក្រោមមួយម៉ែត្រ។
រថយន្តក្រុង ចាប់ផ្តើមដំណើរការដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ ចំនួន ៣ខ្សែ រថយន្តចំនួន ៤៣គ្រឿង។ នៅឆ្នាំ២០១៧ បានបន្ថែមខ្សែរត់ចំនួន ៥ខ្សែ មានរថយន្តចំនួន ១៥៥គ្រឿង និងឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន ៥ខ្សែទៀត សរុបចំនួន ១៣ខ្សែ ដោយបានប្រើប្រាស់រថយន្ត រហូតដល់ចំនួន ២៣៥គ្រឿង ក្រោមការជួយឧបត្ថម្ភ គាំទ្រ និងផ្តល់ជំនួយរថយន្តក្រុងទាំងនេះ ពីប្រទេសជប៉ុន និងប្រទេសចិន។
យ៉ាងណាក៏ដោយ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ពិសេសនៅភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកសេវារថយន្តក្រុង City Bus និងសេវាកាណូត (Taxi Boat) ជាបណ្ដោះអាសន្ន។ រហូតដល់ពេលនេះ សេវាដឹកជញ្ជូនសាធារណៈទាំងពីរ នៅបន្តផ្អាកដំណើរការនៅឡើយ។
ជារួម បញ្ហាឆ្លងរាលដាលជំងឺកូវីដ១៩ ជាហេតុផលមួយនៃការផ្អាកសេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុង និងតាមកាណូត។ ប៉ុន្តែដើម្បីឲ្យការដឹកជញ្ជូនទាំងនេះ អាចរកចំណូល ដើម្បីទប់ទល់នឹងការចំណាយ ហើយបន្តដំណើរការឡើងវិញ នៅក្រោយវិបត្តិកូវីដនោះ មិនថា ឡានក្រុង ឬកាណូត ឬក៏រថភ្លើងដឹកអ្នកដំណើរនោះទេ ទាមទារឲ្យប្រជាពលរដ្ឋយើង ចូលរួមគាំទ្រ តាមរយៈការប្រើប្រាស់សេវាដឹកជញ្ជូនទាំងអស់នេះ។ សេវាដឹកជញ្ជូនតាមរថយន្តក្រុង តាមកាណូត ឬក៏តាមរថភ្លើង ដែលចំណាយលុយតិចជាងការប្រើមធ្យោបាយដឹកជញ្ជូនផ្ទាល់ខ្លួន ពិសេសរថយន្ត និងម៉ូតូ។
ក្រៅពីនោះទៀត អាជ្ញាធរសមត្ថកិច្ច ដែលគ្រប់គ្រងលើការដឹកជញ្ជូនសាធារណៈទាំងអស់នេះ ក៏គួរតែរៀបចំម៉ោងពេលឲ្យបានទៀងទាត់ រៀបចំផ្លូវរត់ពិសេស និងសម្រួលចរាចរណ៍ សម្រាប់រថយន្តក្រុងសាធារណៈ និងកាណូតផង ដើម្បីឲ្យអ្នកជិះ អាចទៅធ្វើការទាន់ម៉ោង ទាន់ពេល និងមិនរង់ចាំយូរ។ ការបង្កើតផ្លូវរត់កាន់តែច្រើន និងមានរថយន្តកាន់តែច្រើន ត្រូវបានធ្វើរួចហើយ តែក៏សូមឲ្យបានគ្រប់ផ្លូវធ្វើដំណើរ ដែលមានមនុស្សរស់នៅច្រើន ពិសេសនៅតំបន់កម្មកររោងចក្រកាត់ដេរ។
បើយើងគ្រប់គ្នា អាចចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនរបស់រដ្ឋ កាន់ច្រើន នោះមិនត្រឹមតែម្នាក់ៗ ចំណាយតិចជាងមុន លើថ្លៃសាំងនៃការធ្វើដំណើរទេ តែក៏អាចកាត់បន្ថយការកកស្ទះចរាចរណ៍ រួមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។ ដូច្នេះពេលស្ងប់កូវីដឆាប់ៗខាងមុខនេះ ឡានក្រុង និងកាណូត អាចបើកដំណើរការឡើងវិញ សូមប្រជាពលរដ្ឋយើង ចូលរួមគាំទ្រ និងជិះឲ្យបានច្រើនឡើងវិញផង៕
ចែករំលែកព័តមាននេះ