ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុព័ន្ធយោធា​អាមេរិក បាន​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​ក​ម្ពុ​ជា នៅ​សមុទ្រ​រាម រួចហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០២១ បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស…

រាជធានី​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០២១ បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋ​អាម​រិ​ក ប្រចាំ​កម្ពុជា ដែល​ត្រូវ​ចប់​អាណត្តិ ចូលជួប​សំណេះសំណាល និង​ជម្រាបលា និង​លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ នាយការិយាល័យ អនុព័ន្ធយោធា​សហរដ្ឋអាមេរិក​ថ្មី ក៏បាន​ចូលជួប​សម្ដែង​ការគួរសម និង​បង្ហាញមុខ នាឱកាស​នោះ​ផងដែរ​។ ក្នុង​កិច្ចប្រជុំ អនុព័ន្ធយោធា​អាមេរិក បាន​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន លោក​បាន​ធ្វើឡើង​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​ក​ម្ពុ​ជា នៅ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ​។​

មូលដ្ឋាន​ទ័ពជើងទឹក​ក​ម្ពុ​ជា នៅ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​អាមេរិក ចោទប្រកាន់​ដោយគ្មានភស្តុតាងថា កម្ពុជា​បានប្រគល់​ឲ្យកងទ័ពចិនគ្រប់គ្រង​។ ប៉ុន្តែ​កម្ពុជាបានច្រានចោល​នូវការលើកឡើងនេះ ហើយបើក​ចំហ​ឲ្យ​អាមេរិក ទៅពិនិត្យ​មើលស្ថានភាព​នៅទីនោះ​។

ក្នុង​កិច្ចសន្ទនា លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា បានលើកឡើង​នូវ​ចំណុច​សំខាន់​ពីរ ក្នុង​រយៈពេល ដែល​លោក​បំពេញការងារ​នៅ​កម្ពុជា ក្នុងនោះ បញ្ហា​ទី​១ គឺ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ បញ្ហា​ទី​២ គឺ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ (​កម្ពុជា​-​អាមេរិក​)​។

លោកនាយ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់ថា ចាប់តាំងពី​លោក បានមក​បំពេញការងា​រ​ដំបូង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ គឺ​បរិយាកាស​មិត្តភាព​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ភាពស្និទ្ធស្នាល ប៉ុន្តែ​កាលពី​សប្តាហ៍​មុន រូបលោក​បាន​ទៅ​មូលដ្ឋាន​សមុទ្រ​រាម ហើយ​បានឃើញ​សារព័ត៌មាន ចុះផ្សាយ​នៅ​ទំព័រមុខ​ថា កងទ័ព​សហរដ្ឋអាមេរិក បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​សមុទ្រ​រាម ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ហាក់ដូចជា​មានការ​ប្រែប្រួល ប៉ុន្តែ​លោក​វរសេនីយ៍ឯក បាន​មាន​សង្ឃឹមថា ទៅ​ថ្ងៃ​ខាងមុខ ទំនាក់ទំនងរ​វា​កងទ័ព​ប្រទេស​ទាំងពីរ នឹង​អាច​ត្រឡប់មក​ល្អ ដូច​ពី​ពេលមុន​វិញ តាមរយៈ​ការបន្ត​គោរព​គ្នា​ទៅវិញទៅមក ការបន្ត​អនុវត្ត​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ការកសាង​ទំនុកចិត្ត​គ្នា​។

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែលមាន​ជាមួយគ្នា​រយៈពេល ៧១​ឆ្នាំ​មកហើយ ដែល​ទំនាក់ទំនង​នេះ មាន​ភាពល្អប្រសើរ​រហូត​មក​។

បន្ថែម​លើ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រ​បស់​កងទ័ព​សហរដ្ឋ​អាមេរិក នៅក្នុង​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ រួមទាំង​ការជួយ​ហ្វឹកហ្វឺន​ផ្នែក​ដោះមីន គ្រាប់​មិនទាន់​ផ្ទុះ សន្តិសុខ​លំហរ​សមុទ្រ ហើយ​ថ្មីៗ​នេះ ការជួយឧបត្ថម្ភ​ថវិកា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។

​ក្រៅពីនោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​ពី​កិច្ចសហការ​ល្អ​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​កន្លងមក នៅក្នុង​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​, ការងារ​មនុស្សធម៌ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា និង​លំ​ហាត់​ឆ្មាំ​អង្គរ ជាដើម​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ (​កម្ពុជា​-​អាមេរិក​) នៅតែ​បន្ត​សហប្រតិបត្តិ​ការល្អ​ជាមួយគ្នា​៕ សុខ សា​រ៉ា​យ​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ