ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកផលិតស្រាស០២នាក់ប្ដីប្រពន្ធ បន្ទាប់ពីស្រាវជ្រាវរកឃើញថា មានអ្នកពុលស្លា.ប់ដោយសារផឹកស្រា.សដែលផលិតដោយប្ដីប្រពន្ធទាំងពីរនាក់នេះ បានកើនឡើងជាបន្ដបន្ទាប់។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ គឺ ប្ដីឈ្មោះ ស៊ុយ គឹមគៀង ហៅទៀង ជនជាតិខ្មែរ អាយុ៦៦ឆ្នាំ និងប្រពន្ធឈ្មោះ ទ្រី វណ្ណា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាន្តស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកផលិតស្រា.សចែកចាយលក់បន្តនៅក្នុងភូមិសាន្ដស នោះ។ ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបានឃាត់ខ្លួនពីបទ អំពើហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ (ការប្រើសារធាតុពុលនៅក្នុងស្រា.ស)។
គួររំលឹកថា ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១មក ប្រជាពលរដ្ឋទាំងស្រី ទាំងប្រុស ដែលរស់នៅក្នុងភូមិសាន្ដស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឈឺ និងស្លា.ប់ជាបន្តបន្ទាប់ខុសប្លែកពីធម្មតា ដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋដទៃទៀត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសង្ស័យទៅលើការឆ្លងជំងឺកូវីដ១៩ ដែលកំពុងភ័យខ្លាចសព្វថ្ងៃនេះ ប៉ុន្តែពេលធ្វើកោសល្យវិច័យទៅ គឺពុំមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលកំពុងឈឺ និងស្លា.ប់ជាបន្តបន្ទាប់នេះ គឺសុទ្ធតែបានផឹកស្រា.សនៅតាមតូបលក់ដូរនានា ដែលទិញយកមកលក់ពីផ្ទះរបស់ឈ្មោះ ស៊ុយ គឹមគៀង ហៅទៀង និងប្រពន្ធឈ្មោះ ទ្រី វណ្ណា ជាអ្នកផលិតស្រា.សនៅក្នុងភូមិសាន្ដស នេះតែម្ដង។
លោក ស៊ុយ គឹមគៀង ហៅទៀង បានប្រាប់សមត្ថកិច្ចថា គាត់បានរកស៊ីបិតស្រាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ គាត់មិនដែលលាយថ្នាំអ្វីផ្សេងទេ។ មុនពេលបិតស្រា គាត់ត្រាំអង្ករពី០៦ទៅ០៧ថ្ងៃ ដោយប្រើថ្នាំត្រប៉ែកញ្ចប់ទិញពីឈ្មោះហួត នៅផ្សារក្រគរ។ ពេលអង្កររលួយហើយ ទើបបិតបានស្រាចំនួន៦០លីត្រក្នុងមួយឆ្នាំង ហើយលក់ និងចែកចាយឲ្យទៅម៉ូយនៅក្នុងឃុំអន្សារ ចំបក់០៧ ០៨នាក់ ដែលក្នុងមួយប៊ីដុងតម្លៃ៥០.០០០រៀល គឺគាត់បិតដោយដៃខ្លួនឯងមិនបានលាយជាតិគីមីអ្វីនោះទេ។
តែតាមការធ្វើពិសោធន៍របស់មន្ត្រីជំនាញបញ្ជាក់ថា ជាធម្មតាស្រា.សដែលបិតចេញមក គេកំណត់ជាតិពុលត្រឹមតែ០២ចុចប៉ុណ្ណោះ តែស្រា.សដែលបិតដោយប្ដីប្រពន្ធខាងលើនេះ មានជាតិពុលឡើងដល់ទៅ១៧ចុចឯណោះ។
សមត្ថកិច្ចឲ្យដឹងថា បើគិតត្រឹមថ្ងៃទី០៤ ខែមិថុនានេះ អ្នកស្លា.ប់មានចំនួន១១នាក់ហើយ ក្នុងនោះស្រី០៩នាក់ ដែលអ្នកខ្លះស្លា.ប់នៅផ្ទះ ខ្លះស្លា.ប់នៅមណ្ឌលសុខភាព និងខ្លះទៀតស្លា.ប់នៅមន្ទីរពេទ្យ ។ រីឯអ្នកឈឺព្យាបាលកើនឡើងដល់ទៅ៨១នាក់។
ក្រោយពេលចាប់ខ្លួន និងសួរនាំរួច ជនសង្ស័យផលិតស្រា.សទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ