ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​​បុក​ចូល​​កន្លែង​​លក់​ផ្កា​​ផ្អើ.ល​សង្កាត់​ក្បាលកោះទាំងព្រឹក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បាន​រេ​ចង្កូត​បើក​បុក​ចូល​ទៅ​នឹង​ផ្ទះ​បងប្អូនប្រជា​​ពលរដ្ឋ​អ្នកលក់​ផ្កា​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បាន​រេ​ចង្កូត​បើក​បុក​ចូល​ទៅ​នឹង​ផ្ទះ​បងប្អូនប្រជា​​ពលរដ្ឋ​អ្នកលក់​ផ្កា​មួយ​កន្លែង ធ្លាយ​ចូល​ទៅ​ខាងក្នុង​របង​សួនផ្កា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​វេលា​ម៉ោង​៥និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្កជា​ប្រភេទ​រថយន្ត​កុងតឺន័រ ប៉ុន្តែ​មិន​មាន​ទូ​កុងតឺន័រ​ដឹក​ពីក្រោយ​ឡើយ ដោយ​មាន​តែ​ក្បាល​រថយន្ត​ប៉ុណ្ណោះ ហើយ​រថយន្ត​នេះ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6098 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។

យោង​តាម​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពោល​ពី​អ្នក​លឿង​ចូល​ទៅ​ភ្នំពេញ ។ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​កើ​តហេតុ​ រថយន្ត​ក៏​រេ​ចង្កូត​បើក​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​អស់​១​ដើម​បណ្តាល​អោយ​បាក់​ដួល​ដល់​ដី ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​បុក​ធ្លាយ​របង​ផ្ទះ​បងប្អូន​ពលរដ្ឋ​អ្នកលក់​ផ្កា ធ្លាយ​ចូល​ទៅ​ដល់​ខាងក្នុង​សួន បណ្តាល​អោយ​របង​ទ្វារ​ត្រូវ​រង​ការ​ខូចខាត​អស់​៥​ផ្ទាំង ហើយ​ផ្កា​ជា​ច្រើន​សម្រាប់​ដាក់​លក់ ត្រូវ​ខូចខាត​ខ្ទេច​អស់​ផង​ដែរ ។ ដោយឡែក ​អ្នកបើកបរ​​រថយន្ត​បង្ក​បាន​បើកទ្វារ​ចេញ​ទៅ​ក្រៅ ហើយ​រត់គេច​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​វាស់វែង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ប៉ុន្តែ​ដោយសារ ភាគី​ខាង​រថយន្ត​បង្ក មាន​តំណាង​ចេញ​មុខ​មក​ដោះស្រាយ​សំណង​ជាមួយនឹង​ភាគី​ពលរដ្ឋ​ម្ចាស់​សួនផ្កា ក៏​សមត្ថកិច្ច​សម្រេច​ធ្វើការ​ជួយ​សម្របសម្រួល​តែ​ម្តង ។ បើ​ទោះបីជា​មានការ​សម្របសម្រួល​ជាមួយ​ភាគី​ខាង​រង​គ្រោះ​ក៏​ដោយ ក៏​សមត្ថកិច្ច​នៅ​តែ​បន្ត​ដកហូត​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជា​បណ្តោះអាសន្ន​សិន​ផង​ដែរ ព្រោះ​រថយន្ត​បង្ក​បាន​បើក​បុក​បង្គោល​ភ្លើង​សា​ធារ​ណះ​របស់​រដ្ឋ អ​ញ្ចឹ​ង​ហើយ​ចំណុច​នេះ តម្រូវ​អោយ​ម្ចាស់​រថយន្ត ឬ​តំណាង ត្រូវ​ចូលខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល ដើម្បី​ធ្វើការ​ដោះស្រាយ​សំណង​ជូន​រដ្ឋ តាម​នីតិវិធី​ច្បាប់​ផង​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ពុំ​មាន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ គឺ​ខូចខាត​តែ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន​ប៉ុណ្ណោះ ។ ហើយ​ករណី​នេះ គេ​ពុំ​ទាន់​ដឹង​ថា បង្ក​ឡើង​ដោយ​ការ​ធ្វេសប្រហែស​របស់​តៃកុង​ពេល​កំពុង​បើកបរ ឬ​ក៏​រូបគេ​ជួបនឹង​ឧបសគ្គ​អ្វី​អោយ​ប្រាកដ​ឡើយ ព្រោះ​ក្រោយ​កើតហេតុ គេ​រត់គេច​ខ្លួន​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ