ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង សូមសំណូមពរអោយអាជ្ញាធរខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ ជំរុញអោយមន្ត្រីជំនាញ ធ្វើប្លង់កម្មសិទ្ធិប្រើប្រាស់ដីធ្លីស្របច្បាប់ ជូនពួកគាត់ អោយបានឆាប់ៗ។
សំណូមពរដូច្នេះ ខណៈដែលដីស្រែរបស់ពួកគាត់ បានអាស្រ័យផលតាំងពីដូនតាមកម្លេះ មិនទាន់មានប្លង់ កាន់កាប់នៅឡើយ។ ចំណែកដីលោកអនុភូមិ និងដីពលរដ្ឋផ្សេងទៀត ដែលមានព្រំជុំវិញដីរបស់ពួកគាត់ មានប្លង់គ្រប់គ្នា។
មប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែលគ្នា ប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ថា ពួកគាត់មានដីស្រែនៅខាងក្រោយផ្ទះចម្ងាយប្រហែលជា ៥០០ម៉ែត្រពីភូមិ ត្រង់ចំណុចទួលភូមិ ដោយខ្លះមានដីទំហំប្រហែលកន្លះហិកតា និងខ្លះមានទំហំរហូតដល់ទៅ ៤-៥ហិកតា។ ដីនេះពួកគាត់បានបង្កបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិតតាំងពីដូនតាមក មិនដែលមានទំនាស់អ្វីនោះឡើយ។
ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ២០០៧-២០០៨ ស្រាប់តែមានអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះមកប្រាប់ប្រជាពលរដ្ឋក្នុងភូមិចំនួន៣ ក្នុងឃុំត្របែក គឺភូមិត្រឡាចស ភូមិត្រពាំងឈូក និងភូមិដូនដាវ អោយធ្វើបង្កាន់ដៃដីស្រែចំណុចភូមិឃុំខាងលើ ដើម្បីចេញប្លង់រឹង ក្នុងផ្ទៃដី ១ហិកតា តម្រូវអោយប្រជាពលរដ្ឋបង់លុយម្នាក់ចំនួន ២៥ម៉ឺនរៀល ជាកំហិត។
បន្ទាប់ពីអាជ្ញាធរភូមិ ឃុំ ស្រុក ប្រមូលយកលុយពីប្រជាពលរដ្ឋទៅ រហូតមកដល់បច្ចុប្បន្ន គឺស្ងាត់ឈឹង មិនដែលមានអាជ្ញាធរជូនដំណឹងប្រាប់ប្រជាពលរដ្ឋអោយបានដឹងឡើយ ខណៈដីលោកអនុភូមិ និងដីពលរដ្ឋផ្សេងទៀត មានភ្លឺស្រែជាប់ព្រំគ្នា មានប្លង់អស់ទៅហើយ។
ប្រជាពលរដ្ឋបន្តទៀតថា អ្នកដែលមកសំណូមពរថ្ងៃនេះ គឺសុទ្ធតែជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិត្រឡាចស រីឯប្រជាពលរដ្ឋ ២ភូមិទៀត ខ្លះគាត់អត់បានដឹងថា អ្នកសារព័ត៌មាន មកសម្ភាសន៍នោះទេ។ បើដឹង ពួកគាត់នឹងប្រមូលគ្នាមកដែរហើយ។
សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិត្រឡាចស បានបង់លុយអោយអាជ្ញាធរភូមិ ឃុំ ស្រុក អ្នកមានដីទំហំធំចំណាយលុយអស់ច្រើន អ្នកមានដីទំហំតូច បង់លុយអស់តិច ដូចប្រជាពលរដ្ឋទាំង ២ភូមិខាងលើដែរ គឺនៅតែមិនទាន់ទទួលបានប្លង់ទេ។
ទន្ទឹមនឹងការយកលុយ ហើយមិនធ្វើប្លង់នេះដែរ ប្រជាពលរដ្ឋបានទៅសួរ រហូតដល់សាលាស្រុក ២ ទៅ ៣ដងដែរ ក៏នៅតែគ្មានដំណោះស្រាយឡើយ។
ពលរដ្ឋបញ្ជាក់ថា ដីស្រែប្រាំងចំណុចនេះ មិនមានឯកសារក៏ដោយ តែអោយតែមានប្រជាពលរដ្ឋណា ដែលមានជីវភាពខ្វះខាតលក់ គឺប្រាកដជាអាជ្ញាធរភូមិឃុំ ទិញយកភ្លាម តែក្នុងតម្លៃទាបបំផុត ព្រោះមេភូមិ មេឃុំ ហាក់បីដូចជាឈ្មួញគួកជេដីទៅហើយ។
ពាក់ព័ន្ធបញ្ហានេះ លោក ជួន ជន មេឃុំត្របែក បានប្រាប់ថា លោកទើបឡើងកាន់តំណែងក្រោយនេះទេ តែលោកទទួលស្គាល់ថា ពិតជាមានរឿង ដូចការលើកឡើងរបស់ពលរដ្ឋពិតប្រាកដមែន។ លោកបានធ្វើរបាយការណ៍ ជូនទៅថ្នាក់លើប្រហែល ២ខែហើយ មិនទាន់មានដំណឹងទេ។
ចំណែកលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានប្រាប់ថា រូបលោក ទើបនឹងឡើងកាន់តំណែងថ្មីដែរ មិនបានដឹងរឿងនេះទេ។ តែបន្ទាប់ពីដឹង តាមរយៈអ្នកសារព័ត៌មាន រូបលោក នឹងហៅលោក ពិន សារួន ប្រធានការិយាល័យភូមិបាលស្រុក មកធ្វើលិខិតបំភ្លឺ។
លោកអភិបាលស្រុក សន្យាថា នឹងចាត់អោយមន្ត្រី ចុះទៅពិនិត្យដល់ភូមិរបស់ប្រជាពលរដ្ឋ ដែលស្នើសុំប្លង់រឹង ក្នុងឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង៕
ចែករំលែកព័តមាននេះ