ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កម្ពុជា ​និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ស្តារ​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​ប្រ​ទស​ទាំង​២​ក្រោយ​​កូ​វី​ដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​កម្ពុជា និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​ទាំង​ពីរ​ក្រោយ​ពី​កូ​វី​ដ​-១៩ ។ ការ​សន្យា​នេះ​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង សម្តេច ហេង…

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​កម្ពុជា និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​ទាំង​ពីរ​ក្រោយ​ពី​កូ​វី​ដ​-១៩ ។

ការ​សន្យា​នេះ​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ លោក វឿ​ង ឌី​ញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វី​ដេ​អូ ដែល​ភ្ជាប់​ពី​វិមាន​រដ្ឋសភា​កម្ពុជា​ទៅ​កាន់​រដ្ឋសភា​វៀតណាម ។

នៅ​ក្នុង​កិច្ច​សន្ទនា​នោះ ថ្នាក់ដឹកនាំ​សភា​ប្រទេស​ទាំង​ពីរ​វាយតម្លៃ​ខ្ពស់​ពោះ​សមិទ្ធផល​ជា​ច្រើន​នៅ​គ្រប់​វិស័យ ដែល​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ក្រោយ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អជា​ប្រពៃណី និង​មិត្តភាព ដែល​មាន​តាំងពី​យូរ​មក​ហើយ​នោះ​។

សម្តេច ហេង សំ​រិ​ន បាន​លើក​ឡើង​ថា មិត្តភាព សាម​គ្កី​ភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​នៃ​ប្រទេស​ទាំង​ពីរ ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​មហាសាល​សម្រាប់​ប្រជាជាតិ​ទាំង​សងខាង ។ ដោយសារ​មរតក​នៃ​មិត្តភាព​យូរអង្វែង​នេះ​ហើយ បាន​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ស្ទើ​គ្រប់​វិស័យ ជា​ពិសេស​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ នៅ​តែ​បន្ត​កើនឡើង​ខ្ពស់​នៅ​ដើមឆ្នាំ​២០២១​នេះ ទោះបី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក្តី ។

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋសភា​កម្ពុជា និង​វៀតណាម បាន​រួម​គ្នា​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​និង​ពហុភាគី ។ ជាមួយ​គ្នា​នេះ រដ្ឋសភា​ទាំង​ពីរ​ប្រទេស​បាន​រក្សា និង​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ និង​បាន​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​នេះ​ជា​បន្តបន្ទាប់ សំដៅ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការទូត​សភា​នៃ​ប្រទេស​ទាំង​ពីរ ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​សម​ស្រប តាម​បរិបទ​សកល​ថែម​ទៀត​ផង ។

ចំណែក​លោក​វឿ​ង ឌី​ញ ហ្វេ បាន​គាំទ្រ​ការ​លើក​ឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​ដែល​ថា សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​នៃ​ប្រទេស​ទាំង​ពីរ ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​មហាសាល​សម្រាប់​ប្រជាជាតិ​ទាំង​សងខាង ។ លោក​បាន​សន្យា​ថា នៅ​ក្នុង​អាណត្តិ​ជា​ប្រធានរដ្ឋសភា​ដែល​ទើប​ទទួល​បានការ​គាំទ្រ​ពី​បក្ស និង​រដ្ឋ​វៀតណាម ឯកឧត្តម​នឹង​ខិតខំ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ឡើង ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង នៅ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​១៩​បាន​បញ្ចប់​ទៅ ។

ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុជា និង​វៀតណាម​បាន​សន្យា​រួម​គ្នា​នៅ​ក្នុង​ការ​បន្ត​ជំរុញ​ឱ្យ​សម្រេច​បាន​នៅ​គ្រប់​ចំនុច​អាទិភាព​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​រដ្ឋសភា​ប្រទេស​ទាំង​ពីរ បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៩ នៅ​ក្នុង​នោះ​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កម្រិត ពិសេស​ជំរុញ​សកម្មភាព ក្រុម​មិត្តភាព​សមាជិក​សភា​វ័យក្មេង​និង​សមាជិក​សភា​ជា​ស្ត្រី​ឱ្យ​មាន​សកម្មភាព​ឡើង​។

រដ្ឋសភា​ប្រទេស​ទាំ​ពី បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​វេទិការ​អន្តរ​សភា ទាំង​នៅ​ក្នុង​តំបន់​និង​សកលលោក ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ហេង សំ​រិ​ន និង​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​លទ្ធផល​បោះបង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​៨៤% ហើយ​សង្ឃឹមថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នឹង​សម្រេច ការងារ​ដែល​នៅ​សេសសល់​ប្រមាណ​១៦%​ទៀត ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន​សន្តិភាព មិត្តភាព​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដើម្បី​ភាព​សុខសាន្ត និង​ការ​រីក​ចម្រើន​របស់​ប្រជាជន​យើង​ទាំង​ពីរ​។

ឆ្លៀតឱកាស​នោះ សម្តេច​ហេង សំ​រិ​ន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋសភា​វៀតណាម​ដែល​បាន​ផ្តល់​ជំនួយ​ថវិកា​ប្រមាណ ២៥​លាន​ដុល្លារ ដល់​រដ្ឋសភា​កម្ពុជា​ក្នុង​កសាង​អគារ​រដ្ឋបាល ដែល​មក​ដល់​ពេល​នេះ​គម្រោង​បាន​កំពុង​ដំណើរការ​សិក្សា​លើ​ការងារ​បច្ចេកទេស ។

នៅ​ចុងឆ្នាំ​នេះ​ឬ​ដើមឆ្នាំ​ក្រោយ​នឹង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់ ដែល​នៅ​ពេល​នោះ​រដ្ឋសភា​កម្ពុជា​នឹង​គោរព​អញ្ជើញ​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម​មក​ចូលរួម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ