ខេត្តកំពង់ស្ពឺ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនាវេលាម៉ោង៦ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសារតែរថយន្តដឹកក្រុមកម្មករ-កម្មការិនី បើករ៉េចង្កូតព្រុលទៅបុកដើមឈើ នៅចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសមនុស្សជាច្រើននាក់ ។
បើតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរថយន្តដឹកកម្មករមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វើដំណើរពីទិសខាងជើង ទៅទិសខាងត្បូង លុះដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកដើមឈើតែម្តង ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ ជួយសង្គ្រោះផងដែរ ។
តាមការបញ្ជាក់ពីកម្លាំងនគរបាលក្រោយទទួលបានព័ត៌មាន ជំនាញបានចុះទៅកាន់គោលដៅ និងបានជួយសង្គ្រោះបន្ទាន់ ក្នុងនោះ កម្មករ-កម្មការិនី រងរបួសមានចំនួន ២១នាក់ ស្រី០៩នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៦នាក់ស្រី កម្លាំងនគរបាលកំពុងបន្តជួយជនរងគ្រោះផ្សេងទៀត ចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុឲ្យបានច្បាស់នៅឡើយទេ ។
បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ៕
ចែករំលែកព័តមាននេះ