ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sinovac ក្លាយជា​វ៉ាក់សាំង​ទី​៦ ទទួល​បានការ​អនុ​ញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទាន់​ពី WHO ជា​ផ្លូវការហើយ

2 ឆ្នាំ មុន

ស្វី​ស ៖ អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា (WHO) បាន​អនុម័ត​ទទួលស្គាល់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ Sinovac

ស្វី​ស ៖ អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា (WHO) បាន​អនុម័ត​ទទួលស្គាល់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ Sinovac របស់​ចិន សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១​។

ជាមួយ​សេចក្តី​អនុម័ត​នេះ បាន​បង្ហាញ​ថា Sinovac គឺជា​វ៉ាក់សាំង​ចិន​ទី ២ ដែល​ទទួល​បាន​ភ្លើង​ខៀវ​ពី WHO បន្ទាប់​ពី​វ៉ាក់សាំង Sinopharm កាលពីដើម​ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ ។

លោក Tedros Adhanom ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ថ្ងៃនេះ ខ្ញុំ​រីករាយ​សូម​ប្រកាស​ថា វ៉ាក់សាំង Sinovac-CoronaVac ត្រូវ​បាន​ផ្តល់​នៅ​ក្នុង​បញ្ជី​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​។ បន្ទាប់​ពី​ត្រូវ​បាន​ធានា​ថា មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូ​ស​ហើយ​»​។

វ៉ាក់សាំង Sinovac នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​កម្មវិធី Covax ក្នុង​ចំណោម​វ៉ាក់សាំង​ចំនួន​៥​ប្រភេទ​ផ្សេង​ទៀត ដែល​ទទួលស្គាល់​ដោយ WHO ក្នុង​គោលបំណង ធានា​ដល់​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព និង​ត្រឹមត្រូវ​បំផុត​។

បើ​ទោះជា​ទើបតែ​ទទួល​បានការ​អនុញ្ញាត​ពី WHO ក៏​ពិតមែន ប៉ុន្តែ​វ៉ាក់សាំង Sinovac ត្រូវ​បាន​ចែកចាយ​ប្រើប្រាស់​រួច​មក​ហើយ នៅ​ក្នុង​តំបន់ និង​ប្រទេស​ច្រើន​ជាង​៤០​នៅ​លើ​ពិភពលោក​។ ដោយ​ក្នុង​សេចក្តីថ្លែងការណ៍​ពី​ក្រុមហ៊ុន​ផ្ទាល់​បានឱ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​របស់​ខ្លួន មាន​ច្រើន​ជាង​៦០០​លាន​ដូ​ស ទាំង​នៅ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​កាន់​បរទេស ដោយ​គិត​ត្រឹម​ចុងខែ​ឧសភា​។

សូម​បញ្ជាក់​ជូន​ថា គិត​រហូត​មក​ដល់​ពេល​នេះ WHO បាន​ផ្តល់​ការ​ចុះបញ្ជី​ទទួលស្គាល់​ការ​ប្រើប្រាស់​បន្ទាន់ សម្រាប់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ ដែល​រួម​មាន​៖ វ៉ាក់សាំង​ក្រុមហ៊ុន Pfizer-BioNTech, Moderna, Johnson & Johnson, AstraZeneca ដែល​ត្រូវ​បាន​ផលិត​នៅ​ឥណ្ឌា​, កូរ៉េ​ខាងត្បូង​, សហភាព​អឺរ៉ុប និង​វ៉ាក់សាំង​ចិន​ទាំង​ពីរ Sinopharm និង Sinovac ៕ (​ដកស្រង់​ចេញពី BBC និង Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ