ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានស្នើសុំអោយអាជ្ញាធរជួយរកដំណោះស្រាយ ខណៈដែលក្រុមហ៊ុន(E.Investment Cambodia co LTD)បិទទ្វារទឹក បណ្តាលឱ្យលិចស្រូវ និងដំណាំរួមផ្សំរបស់ពួកគាត់បណ្តាលអោយរងការខូច
ខាត ។ ការស្នើសុំនេះ ធ្វើឡើងកាលព្រឹកថ្ងៃទី១ មិថុនា ដោយមានប្រជាពលរដ្ឋប្រមាណជា20គ្រួសារ បាននាំទៅដល់ទីតាំងក្រុមហ៊ុនខាងលើដើម្បីជួបនឹងស្នើឲ្យមានការដោះស្រាយ រវាងប្រជាពលរដ្ឋនិងភាគីខាងក្រុមហ៊ុន ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ស្រូវនិងដំណាំរួមផ្សំផ្សេងទៀតរបស់ពួកគាត់នៅចំណុចទីតាំងតាមមាត់អូរផុស ត្រូវបានលិចលង់រងការខូចខាតមួយចំនួន នៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗ មិនមានប្រព័ន្ធដោះទឹក ដោយសាខាងក្រុមហ៊ុនខាងលើបានបិទទ្វារទឹក ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ។
ប្រជាពលរដ្ឋបញ្ជាក់បន្តថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅចំណុចមូលដ្ឋានខាងលើ បានបង្កបង្កើនផលដាំដំណាំរួមផ្សំនឹងស្រូវជាដើម ជាច្រើនឆ្នាំមកហើយ ទើបតែថ្មីៗនេះខាងក្រុមហ៊ុនវិនិយោគនេះ បានបិទប្រព័ន្ធទ្វារទឹកសម្រាប់ស្តុកទឹកទុក ដែលបណ្ដាលអោយមានផលប៉ះពាល់លិចលង់ដល់ដំណាំស្រូវនិងដំណាំរួមផ្សំរបស់ពួកគាត់នៅតំបន់ក្បែរក្រុមហ៊ុនមួយនេះ ។
ជាមួយគ្នានោះ ក្រុមប្រជាពលរដ្ឋក៏បានស្នើសុំឲ្យអាជ្ញាធរស្រុកស្នួល និងអាជ្ញាធរខេត្ត ជួយរកដំណោះស្រាយ ខណៈដែលពួកគាត់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឃុំគ្រញ៉ូងសែនជ័យ នៅពេលថ្មីៗនេះ តែមិនមានដំណោះស្រាយសមស្របណាមួយណាមួយជូនពួកគាត់នៅឡើយទេ ។
ដោយឡែក ខាងដំណាងភាគីក្រុមហ៊ុន(E.Investment Cambodia co LTD) ក៏បានលើកឡើងនៅមុខប្រជាពលរដ្ឋនៅថា ទឹកអូរមួយនេះគឺប្រជាពលរដ្ឋនៅខាងក្នុងនេះជាច្រើនគ្រួសារ ដែលពួកគាត់ត្រូវការពឹងអាស្រ័យទឹកអូរនេះ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងគោក្របី ហើយបងប្អូនប្រជាពលរដ្ឋក៏គាត់ដាក់មង ដាក់សន្ទូច ធ្វើការនេសាទជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់ដែរ ។
យ៉ាងណាតំណាងក្រុមហ៊ុន ក៏បានអះអាងនៅមុខប្រជាពលរដ្ឋថា មិនមែនខាងក្រុមហ៊ុនមិនគិតនោះទេកន្លងទៅ រាល់ពេលភ្លៀងធ្លាក់ជន់ម្ដងៗគឺប្រព័ន្ធទ្វារទឹកទាំងអស់ត្រូវបើកដើម្បីបង្ហូររំដោះទឹកចេញ ។
ប៉ុន្តែទឹកអូរនេះ គឺមិនអាចបង្ហូរឱ្យអស់បាននោះទេ ដោយសារប្រជាពលរដ្ឋជាច្រើនគ្រួសារជាងនេះ ដែលតម្រូវការត្រូវការទឹកប្រើប្រាស់ដែរ លោកថា ប្រសិនបើទឹកអូរនេះត្រូវបង្ហូរឲ្យអស់ក៏អាចនឹងត្រូវប្រឈមនិងប្រជាពលរដ្ឋជាច្រើន ដែលតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ទឹកជារៀងរាល់ថ្ងៃ ហើយក៏មិនអាចបិទបានដែលប្រសិនបើបិទ ក៏ត្រូវប្រឈមនឹងរងការខូចខាតនៅផ្លូវថ្នល់អីជាដើម។ ដោយ៖ ប៊ុន លីនណា
ចែករំលែកព័តមាននេះ