ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​​ជាង​៨​ម៉ឺន​នាក់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​​កូ​វី​ដ​១៩

1 ខែ មុន

ម៉ា​ឡេ​ស៊ី ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី លោក​វេជ្ជបណ្ឌិត Adham Baba បាន​និយាយ​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១

ម៉ា​ឡេ​ស៊ី ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី លោក​វេជ្ជបណ្ឌិត Adham Baba បាន​និយាយ​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​ថា រហូត​មក​ដល់​ពេល​នេះ ទារក និង​កុមារ​សរុប​ចំនួន​៨២,៣៤១​នាក់​ហើយ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA​។

បើ​តាម​តួលេខ​ដ៏​ភ្ញាក់ផ្អើល​ពី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី​បានឱ្យ​ដឹង​ថា ករណី​វិជ្ជមាន​ចំនួន​១៩,៨៥១​នាក់ គឺ​មាន​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម​៤​ឆ្នាំ​។ ចំណែក​ចំនួន​៨,២៣៧​នាក់ ពាក់ព័ន្ធ​នឹង​កុមារ​ដែល​មាន​អាយុ​ពី ៥ ទៅ ៦ ឆ្នាំ​។ ស្រប​ពេល​ដែល​ចំនួន​២៦.៨៥១​នាក់ មាន​លើ​កុមារ​អាយុ​ចាប់ពី ៧ ទៅ ១២​ឆ្នាំ​។ និង​ចំនួន​២៧,៤០២​នាក់​ផ្សេង​ទៀត កើត​លើ​កុមារ​អាយុ​ចាប់ពី ១៣ ទៅ ១៧ ឆ្នាំ​។

លោក​វេជ្ជបណ្ឌិត Adham Baba បាន​ណែនាំ​ដល់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ទាំងអស់ មេត្តា​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត ក្នុង​ការ​ការពារ​ក្មេង​ៗ​ពី​ការ​ឆ្លង​ដូច​ជា មិន​ត្រូវ​យក​កូន​ៗ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ជាដើម​។

សូម​បញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី​១ ខែមិថុនា នេះ អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ សរុប​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​ជាង ៥៧២,៣៥៧​នាក់ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​មាន​ចំនួន ២,៧៩៦​នាក់​។ ដោយឡែក​អ្នកជា​សះស្បើយ​សរុប​មាន​ចំនួន ៤៩០,០៣៨​នាក់​៕