ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា គង់ លន់ ធ្វើ​បណ្តាំ​ចុង​ក្រោយ​សុំ​ឲ្យ​យកស​.​ព​ទៅ​តម្កល់​ក្នុង​ពាង​ជាមួយ​ពស់​កេងកង

2 ឆ្នាំ មុន
  • កណ្តាល

គេ​ប្រហែលជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ ដែល​កាលពី​ជាង​២០​ឆ្នាំ​មុន លោកតា គង់ លន់ ឬ​ព្រះ​វេស្សន្តរ​ឆ្នាំ​១៩៩៤ បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល និង​ល្បីល្បាញ​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ អំពី​ការ​លះបង់​ភរិយា

ខេត្តកណ្តាល ៖ គេ​ប្រហែលជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ ដែល​កាលពី​ជាង​២០​ឆ្នាំ​មុន លោកតា គង់ លន់ ឬ​ព្រះ​វេស្សន្តរ​ឆ្នាំ​១៩៩៤ បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល និង​ល្បីល្បាញ​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ អំពី​ការ​លះបង់​ភរិយា​ជាទី​ស្រឡាញ់​របស់​លោក​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត ដែល​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ ។

ផ្តើម​ពី​ការ​លះបង់​ភរិយា​ជាទី​ស្រឡាញ់ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត ដែល​បង្ហាញ​ពី​ការ​ដាក់​ទាន​ដោយ​ចិត្តសប្បុរស​ជ្រះថ្លា គ្មាន​ការ​អាឡោះអាល័យ សូ​ម្បី​តែ​តណ្ហា ក៏​លោក​បាន​លះបង់​ដែរ​នោះ លោកតា គង់ លន់ ត្រូវ​បាន​សាធារណជន​ប្រសិទ្ធ​នាម​ឈ្មោះ​ថ្មី​ដល់​លោក​ថា « ព្រះ​វេស្សន្ត​ឆ្នាំ​១៩៩៤» ចាប់ពី​ពេល​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោកតា គង់ លន់ ឬ​ព្រះ​វេស្សន្ត​ឆ្នា​ឆាំ​១៩៩៤ ដែល​មាន​ជន្មាយុ​ជាង​៦០​ឆ្នាំ​ហើយ​នោះ គឺជា​អ្នក​ស្នង​បារមី​ដ៏​ល្បីល្បាញ​រាប់​ទស​វត្ស និង​មិន​សាបរលាប​ក្នុង​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ អ្នកមុខអ្នកការ ឧកញ៉ា គ​ហិប​តី មន្ត្រីរាជការ រាប់​សែន រាប់​លាន​នាក់​នៅ​តែ​បន្ត​នាំ​គ្នា​ទៅ​បន់ស្រន់ និង​សុំ​ឲ្យ​បារមី​ស្នង​រូប​លោកតា គង់ លន់ បំភ្លឺ​អំពី​ជោគវាសនា​ក្នុង​ការ​ប្រកប​មុខរបរ​រកស៊ី ហើយ​ជួយ​លើក​ជោគ​ជាតា​រាសី​មុខមាត់ បុណ្យ​ស​ក្កិ​តាម​អ្វី​ដែល​ពួក​គេ​ចង់បាន​ថែម​ទៀត ។

អាច​និយាយ​បាន​ថា លោកតា គង់ លន់ បាន​សាង​ភាព​ល្បីល្បាញ ឬ​ជំនឿ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានជា​យូរអង្វែង ហើយ​កាន់តែ​ល្បី​រន្ទឺ​ខ្លាំង​ឡើង​ខុស​ប្លែក​ពី​អ្នក​ស្នង​រូប ឬ​ស្នង​បារមី​ផ្សេង​ៗ​ទៀត ដែល​គេ​សង្កេត​ឃើញ​ថា មាន​ភាព​ល្បីល្បាញ ឬ​សាង​ជំនឿ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏​សាបរលាប​ទៅ​វិញ​។

ពាក់ព័ន្ធ​អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ លោកតា គង់ លន់ ធ្លាប់​មាន​ប្រសាសន៍​ថា លោកតា​បាន​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ភាព​សុច្ចរិត សច្ចៈ ទៀងត្រង់ មិន​លោភលន់ មិន​ប្រមាថ​គោរព​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​នូវ​ពុទ្ធឱវាទ រួម​ទាំង​ការ​លះបង់​នូវ​កាមកិលេស​ដែល​បាន​ដិត​នៅ​ជាប់​នឹង​អារម្មណ៍​មនុស្ស​គ្រប់​រូប ។ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោកតា​នៅ​តែ​រក្សា​បាន​នូវ​ជំនឿ​មិន​ថមថយ​ពី​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់ និង​មាន​ជំនឿ​ទៅ​លើ​បារមី​របស់​លោកតា គង់ លន់ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នោះ គឺ​លោកតា គង់ លន់ ឬ​ព្រះ​វេស្សន្តរ​ឆ្នាំ​១៩៩៤ បាន​ធ្វើ​ជា​បណ្តាំ​ចុង​ក្រោយ​មួយ​សម្រាប់​ក្រុម​គ្រួសារ រួម​ទាំង​អ្នក​ថែរក្សា​នៅ​ជុំវិញ​លោក​ថា «​ពេល​លោក​ស្លា​.​ប់​ទៅ សូម​តម្កល់​ស​.​ព​លោក​ក្នុង​ពាង រួម​ជាមួយ​ស​.​ព​ពស់​កេងកង​» ។ ខណៈ​ដែល​បណ្តាំ​នោះ ត្រូវ​បាន​គ្រួសារ​សាច់ញាតិ រួម​ទាំង​អ្នក​ថែរក្សា​លោក​កត់ត្រា និង​ចង​ចាំ ហើយ​សន្យា​ថា នឹង​ធ្វើ​តាម​បណ្តាំ​របស់​លោក​។

លុះ​មក​ដល់​ត្រង់នេះ យើង​សូម​រំលឹក​អំពី​ប្រវត្តិ​ស​.​ព​ពស់​កេងកង​ឡើង​វិញ​បន្តិច ដើម្បី​អ្នក​តាមដាន​ព័ត៌មាន​ចាប់អារម្មណ៍ និង​យល់​ដឹង​ច្បាស់​ថា តើ​អ្វី​ទៅ​ជា​សត្វ​ពស់​កេងកង? ហើយ​ស​.​ព​ពស់​កេងកង​មាន​ប្រវត្តិ​យ៉ាងដូចម្តេច​ជាមួយ​លោកតា​គង់ លន់ ។

លោកតា គង់ លន់ បាន​រម្លឹក​ថា ក្រោយ​ពេល​ដែល​លោក​សាង​បារមី ហើយ​មាន​ភាព​ល្បីល្បាញ រហូត​បាន​សាង​នូវ​ប្រាសាទ​ដ៏​ធំ​ស្ពឹ​ម​ស្កៃ​នោះ លោកតា​បាន​ទទួល​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ពី​ម្ចាស់​ភោជនីយដ្ឋាន​នាគ​ទិព្វ យក​មក​ថ្វាយ​លោក ព្រោះថា សត្វ​ពស់ថ្លាន់​នេះ​មាន​ទម្ងន់​ធ្ងន់ រូបរាង​ធំ​វែង ហើយ​កាច​ថែម​ទៀត ។

លោក​ថា ដោយ​មាន​ឧបនិស្ស័យ​ពី​អតីតជាតិ លោក​ក៏​បាន​ទទួលយក​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ​យក​មក​ចិញ្ចឹម ហើយ​ចាត់ទុកជា​កូន​របស់​លោក​ថែម​ទៀត ។ លោក​ថា ពេល​មក​ដល់​ដំបូង សត្វ​ពស់ថ្លាន់​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ជិត​វា​ទេ ។ ប៉ុន្តែ​ថ្ងៃមួយ លោកតា​បាន​ដើរទៅ​ជិត​សត្វ​ពស់ថ្លាន់​នោះ ហើយ​បាន​និយាយ​ថា​.. បើ​ឯង​ចង់​រស់នៅ​ជាមួយ « ឪពុក » នោះ ចូរ​អ្នក​កុំ​កាច​ដូច​ពេល​នេះ​អី​…. ហើយ​បើ​នៅ​តែ​កាច​ដូច្នេះ ឪពុក​នឹង​យក​កូន​ទៅ​នៅ​កន្លែង​ផ្សេង​ទៀត​ហើយ​… ។ ហើយ​ចាប់ពី​ពេល​នោះ​មក សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ​បាន​ផ្លាស់​ប្តូរ​ពី​កាច​ទៅ​ជា​ស្លូត ហើយ​សូ​ម្បី​តែ​ក្មេង​ៗ​ទៅ​អង្អែល​ក្បាល​វា​ក៏​សម្ងំ​ស្ងៀម​ដែរ ។

ក្រោយមក ភាព​ល្បីល្បាញ​របស់​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ បានឮ​ដល់​ផលិតករ​ភាពយន្ត​ម្នាក់ ហើយ​ក៏​បាន​មក​ទាក់ទង​លោកតា គង់ លន់ ដើម្បី​ស្នើ​សុំ​សត្វ​ពស់ថ្លាន់​នេះ​ទៅ​ថត​ខ្សែភាពយន្ត​រឿង « ពស់​កេងកង » ហើយ​លោក​ក៏​យល់ព្រម ។

លោកតា គង់ លន់ បាន​រៀបរាប់​បន្ត​ថា ភាពយន្ត​រឿង​ពស់​កេងកង​នោះ មាន​ភាព​ល្បី​ល្បី​ណាស់​ជំនាន់​នោះ ហើយ​តាម​រយៈ​នៃ​ការ​ថត​ភាពយន្ត​នោះ ទើប​ធ្វើ​ឲ្យ​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ​កាន់តែ​មាន​ភាព​ល្បី​រន្ទឺ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មក​មើល​សត្វ​ពស់ថ្លាន់​នេះ​យ៉ាង​គ​គ្រឹ​គ​គគ្រេង​មិន​លោះ​ថ្ងៃ​នោះ​ឡើយ ។ ចាប់ពី​ពេល​នោះ​មក​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​ហៅ​គ្រប់​ៗ​គ្នា​ថា « ពស់​កេងកង » រហូត​មក ។

លោកតា គង់ លន់ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​លោក​បាន​កសាង​ប្រាសាទ​ឈ្មោះ « ប្រាសាទ​ភិ​មាន​ផុស​អណ្តែត​ឥន្ទ្រ​ព្រហ្ម​បុរី​ស្រី​ព្រះ​វេស្សន្តរ ឥន្ទបត្ត​បូ​រី​ស្រី​អយុធ្យា » រួចរាល់​មក​នា​អំឡុង​ឆ្នាំ​១៩៩៤ លោក​ក៏​បាន​សុំ​យាង​ព្រះមហាក្សត្រ​មក​សម្ពោធ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ ប៉ុន្តែ​លោក​ទទួល​ព័ត៌មាន​បឋម​ថា ព្រះមហាក្សត្រ​មិន​បាន​យាង​មក​ទេ ដោយ​មាន​តំណាង​ព្រះ​អង្គ​មក​ចូលរួម​ជា​អធិបតី​ជំនួស​វិញ ។

លោក​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ លោកតា​បាន​និយាយ​ប្រាប់​បងប្អូន​នៅ​ជុំវិញ​លោក​ថា ប្រសិនបើ​មិន​បាន​ព្រះមហាក្សត្រ​ព្រះ​អង្គ​យាង​មក​សម្ពោធ​ទេ​នោះ លោក​នឹង​ស្លា​.​ប់​ហើយ ព្រោះ​លោក​ចង់បាន​ព្រះមហាក្សត្រ​យាង​មក​សម្ពោធ ដោយ​មិន​ចង់បាន​តំណាង​ព្រះ​អង្គ​នោះ​ទេ ។ លោក​បន្ត​ថា ក្រោយ​ពេល​ដែល​លោក​និយាយ​ដូច្នេះ លុះ​យប់​ឡើង​ក៏​ស្រាប់តែ​យល់សប្តិ​ឃើញ​ពស់​កេងកង​នោះ​ចេះ​និយាយ ហើយ​បាន​និយាយ​ប្រាប់​លោក​ថា « ឪ​កុំ​ស្លា​.​ប់​អី​… ខ្ញុំ​ស្លា​.​ប់​ជំនួស​ឪ​វិញ​… » ។

លោកតា គង់ លន់ បាន​បញ្ជាក់​បន្ថែម​ថា លុះ​ស្អែក​ឡើង ក៏​ស្រាប់តែ​លោក​ឃើញ​ពស់​កេងកង​រមួលខ្លួន​ក្នុង​ទឹកអូរ​មុខ​ប្រាសាទ បែក​ទឹក​សម្ពោង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រហូត​ស្លា​.​ប់​តែ​ម្តង ។ លោក​ថា ដោយ​អាណិត​ស្រឡាញ់ និង​ទុក​សត្វ​ពស់​កេងកង​ជា​កូន​នោះ លោក​បាន​រៀបចំ​ពិធីបុណ្យ​ស​.​ព​ពស់​កេងកង រហូត​៧​យប់​៧​ថ្ងៃ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ រួម​ទាំង​តារា​សម្តែង​រាប់​ពាន់​រាប់​ម៉ឺន​នាក់​មក​ចូលរួម​បុណ្យ​ដែល​ធ្វើ​ឲ្យ​ពិធីបុណ្យ​មាន​ភាព​អធិកអធម​មែនទែន ។

លោកតា គង់ លន់ បាន​ឲ្យ​ដឹង​ថា លោក​បាន​ធ្វើ​បណ្តាំ​រួច​ហើយ ទាំង​កូន ទាំង​ចៅ ទាំង​ញាតិ​ញ៉ោ​ម និង​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​លើ​លោក​ថា « ប្រសិនបើ​លោក​ស្លា​.​ប់​ទៅ សូម​យកស​.​ព​លោក​ដាក់​ក្នុង​ពាង​មួយ ហើយ​យកស​.​ព​ពស់​កេងកង​ដាក់​ក្នុង​ពាង​នោះ​ជាមួយ​ផង​» ។ បណ្តាំ​នោះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ថែម​ទៀត​សម្រាប់​កូនចៅ រួម​ទាំង​ប្រជាពលរដ្ឋ​ច្រើន​លើសលុប​ដែល​កំពុង​មាន​ជំនឿ​លើ​លោកតា គង់ លន់ ហើយ​ពួក​គេ​សុទ្ធតែ​បាន​សន្យា​ថា នឹង​គោរព​ធ្វើ​តាម​បណ្តាំ​លោក ។

គួរ​រំលឹក​ថា លោកតា គង់ លន់ ដែល​កំពុង​មាន​ភាព​ល្បីល្បាញ​ខ្លាំង​តាំងពី​ជាង​៤០​មុន រហូត​សព្វ​ថ្ងៃនេះ លោក​កំពុង​គង់នៅ​ក្នុង​ប្រាសាទ «​ភិ​មាន​ផុស​អណ្តែត​ឥន្ទ្រ​ព្រហ្ម​បុរី​ស្រី​ព្រះ​វេស្សន្តរ ឥន្ទបត្ត​បូ​រី​ស្រី​អយុធ្យា​» ស្ថិត​នៅ​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​មាន​ចម្ងាយ​ពី​ភ្នំពេញ ប្រមាណ​ជាង​២៤​គីឡូម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ហើយ​បើ​គេ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ប្រាសាទ​លោកតា គង់ លន់ ស្ថិត​នៅ​ខាងឆ្វេង​ដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ