ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ឈ្លក់​វង្វេង​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

ផ្តល់​មេជី​វិត​ដើម្បី​បាន​លុយ​ទិញ iPhone
កាសែត China Daily របស់​ចិន បានឱ្យ​ដឹង​ថា បុរស​ចិន​ជា​ច្រើន​នាក់ ត្រូវ​ធនាគារ​មេជី​វិត​នៅ​សៀង​ហៃ និង​ធនាគារ​មេជី​វិត នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ទាក់ទាញ​ឱ្យ​ផ្តល់​ទឹក​

ផ្តល់​មេជី​វិត​ដើម្បី​បាន​លុយ​ទិញ iPhone
កាសែត China Daily របស់​ចិន បានឱ្យ​ដឹង​ថា បុរស​ចិន​ជា​ច្រើន​នាក់ ត្រូវ​ធនាគារ​មេជី​វិត​នៅ​សៀង​ហៃ និង​ធនាគារ​មេជី​វិត នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ទាក់ទាញ​ឱ្យ​ផ្តល់​ទឹក​ស្ពែ​ម របស់​ខ្លួន ដើម្បី​មាន​ប្រាក់​ទិញ​ទូរស័ព្ទ iPhone 6 ។ គេ​ត្រូវការ​អ្នក​ផ្តល់​មេជី​វិត ដែល​មាន​អាយុ​ចាប់ពី​២២ ដល់​៤៥​ឆ្នាំ ។ ថ្លៃ​មេជី​វិត​គឺ​៥​ពាន់​យ័ន ប្រហាក់ប្រហែល​៧៨៥​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ទឹក​ស្ពែ​ម​៤០​មី​ល្លី​ម៉ែត្រ ។ ខ្លឹមសារ​លើ​វែ​ប​សាយ​នោះ​សរសេរ​ថា «​មិត្ត​មិនបាច់​លក់​ក្រលៀន ទើប​មាន​ទូរស័ព្ទ iPhone 6 ប្រើ​ទេ ! គ្រាន់តែ​ផ្តល់​មេជី​វិត ក៏​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​បំណង​ខ្លួន​បាន​ដែរ​» ។

ទូរស័ព្ទ iPhone 6 ជា​ទូរស័ព្ទ​ពេញ​និយម​បំផុត​នៅ​ប្រទេស​ចិន ។ ពេល​នេះ​ចិន​កំពុង​ប្រែ ខ្លួន​ជាទី​ផ្សារ​ធំ​ជាងគេ​បង្អស់​របស់​ក្រុមហ៊ុន Apple ដោយ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី លក់ដាច់​ជាង​នៅ​អា​មេ​រិ​ក​ទៅ​ទៀត ។ តាម​របាយការណ៍​របស់​ក្រុមហ៊ុន Apple កាលពី​ខែសីហា ២០១៥ ទូរស័ព្ទ iPhone 6 លក់​ក្នុង​ប្រទេស​ចិន មាន​សន្ទុះ​កើនឡើង​រាល់ថ្ងៃ ។ គ្រាន់តែ​ខែសីហា តែ​មួយ​ខែ លក់​បាន​១៦,៨​លាន​ដុល្លារ គឺ​កើន​៧១% ។

លក់​កូន​យក​លុយ​ទិញ​ទូរស័ព្ទ iPhone
ឆ្នាំ ​២០១៣ ប្តី​ប្រពន្ធ​មួយគូ​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន ត្រូវ​ចាប់ខ្លួន​ពី​បទ​ជួញដូរ​មនុស្ស បន្ទាប់​ពី​ពួក​គេ​លក់​កូនស្រី​ទី​៣ របស់​ខ្លួន យក​ប្រាក់​ទិញ​ទូរស័ព្ទ iPhone ។ ប៉ូលិស​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​លក់​កូនស្រី​ទី​៣​ហើយ ស្ត្រី​ជា​ម្តាយ​ប្រញាប់ប្រញាល់​យក​ប្រាក់​ទៅ​ទិញ​ទូរស័ព្ទ iPhone មួយ​គ្រឿង​, ស្បែកជើង​កីឡា​មួយគូ និង​របស់​កំប៉ិកកំប៉ុក​ផ្សេង​ៗ​ទៀត ។ នៅ​ចំពោះ​មុខ​តុលាការ ប្តី​ប្រពន្ធ​មួយគូ​នេះ​ដោះសា​ថា ខ្លួន​មិនមែន​លក់​កូន​ទេ គឺ​ចង់ឱ្យ​ពួក​គេ​មាន​អនាគត​ល្អ ទើប​ប្រគល់​កូន​ឱ្យ​អ្នកមាន​ប្រាក់​ច្រើន យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូនបង្កើត ព្រោះ​ខ្លួន​មានកូន​ដល់​ទៅ​៣​នាក់ គ្មាន​លទ្ធភាព​ចិញ្ចឹម​ឱ្យ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ទេ ។

ទាមទារ​ជំនូន​ជា​ទូរស័ព្ទ iPhone
ខែកញ្ញា ​ឆ្នាំទៅ បុរស​អា​រ៉ាប់​ម្នាក់​ប្រាប់​គូ​ដណ្តឹង​របស់​ប្អូនស្រី​ខ្លួន​ថា ខ្លួន​ត្រូវការ​ជំនូន​ជា​ទូរស័ព្ទ iPhone, បើ​មិន​បាន​ទេ អត់ឱ្យ​រៀប​ការ​ជាមួយ​ប្អូនស្រី​ខ្លួន ។ ប្អូនស្រី​របស់​បុរស​នោះ ដែល​មិន​ពេញចិត្ត​អំពើ​របស់​បងប្រុស បាន​ដកដង្ហើម​វែង និយាយ​ប្រាប់​កាសែត Kuwaiti Daily ថា «​បងប្រុស​ខ្ញុំ​ហ៊ាន​ប្រឆាំង​នឹង​បំណង​ឪពុក​ខ្ញុំ ។ កាល​មិន​ទាន់​អស់​ជីវិត ឪពុក​ខ្ញុំ​ចង់បាន​ជំនូន​ជា​ប្រាក់​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ពិធី​រៀប​ការ ក៏​ធ្វើ​យ៉ាង​សាមញ្ញ​ដែរ ព្រោះ​យើង​ក្រទាំង​សងខាង ។ ឥឡូវ​ឪពុក​ខ្ញុំ​អនិច្ចកម្ម​មុន​ពេល​ខ្ញុំ​រៀប​ការ​ស្រាប់តែ​បងប្រុស​ខ្ញុំ បានដៃ​ទារ​ជំនូន​ជា​ទូរស័ព្ទ iPhone ទៅ​វិញ ធ្វើ​ឱ្យ​ពិធី​រៀប​ការ​ត្រូវ​ពន្យារពេល​មួយ​រយៈ ព្រោះ​ត្រូវ​រង់ចាំ iPhone មក​ដល់​» ។

ជិះ​យន្តហោះ​ពី​អា​មេ​រិ​កមក​ប្រទេស​អូស្ត្រាលី ដើម្បី​បាន​ធ្វើ​ជា​ម្ចាស់​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​មុនគេ
ក្រោយ ​កុម្ម៉ង់​ទិញ​តាម​អុ​ី​ន​ធើ​រ​ណេ​ត​រួច លោក David Rahimi និង​មិត្ត​ស្រី Jasmine Juan ប្រញាប់ប្រញាល់​ឡើង​ជិះ​យន្តហោះ​ពេញ​១៤​ម៉ោង​ទៅ​កាន់​ទីក្រុង​សុ​ី​ដ​នី ដើម្បី​មានឱកាស​ក្លាយជា​អ្នកមាន​ទូរស័ព្ទ​ដៃ iPhone ជំនាន់​ថ្មី ទើបតែ​ចេញ​មុនគេ​លើ​លោក ។ David Rahimi និយាយ​យ៉ាង​សប្បាយ​រីករាយ បន្ទាប់​ពី​បំណង​របស់​ខ្លួន​បាន​សម្រេច ៖ «​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សុក្រ គិត​តាម​ម៉ោង​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ពួក​ខ្ញុំ​កុម្ម៉ង់​ទិញ iPhone ជំនាន់​ថ្មី​បំផុត ហើយ​នាំ​គ្នា​ឡើង​ជិះ​យន្តហោះ​ភ្លាម ។ ព្រឹក​ឡើង ពួក​ខ្ញុំ​មានមុខ​នៅ​មាត់ទ្វារ​ក្រុមហ៊ុន Apple នៅ​ប្រទេស​អូស្ត្រាលី មុនគេ​ឯទៀត ហើយ​ក៏​បាន​ទទួល​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​មុនគេ ។ ពួក​ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​» ។

សិស្ស​អា​ល្លឺ​ម៉​ង់​ម្នាក់​បូមទឹក​ស្រះ​ដើម្បី​រក​ទូរស័ព្ទ iPhone
ខែកក្កដា ឆ្នាំ​២០១៤​សិស្សសាលា​ឯកជន​អា​ល្លឺម៉​ង់​ម្នាក់ អាយុ​១៦​ឆ្នាំ ពេល​ដើរ​កម្សាន្ត​ជាមួយ​មិត្តភក្តិ ស្រាប់តែ​របូតដៃ​ធ្លាក់ iPhone ចូល​ស្រះ​ទឹកធំ​មួយ ។ ដោយ​ស្រឡាញ់​ទូរស័ព្ទ​ពេក សិស្ស​រូប​នោះ​ប្រុង​រក​ឧបករណ៍​មុជទឹក​ដើម្បី​ចុះ​រក​បាត​ស្រះ តែ​ត្រូវ​ក្រុម​សាស្ត្រាចារ្យ​ប្រចាំ​សាលា​ហាមឃាត់ ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។ មិន​អស់ចិត្ត សិស្ស​នេះ​បន្ត​ធ្វើ​សកម្មភាព​ទៀត ដោយ​រកបាន​ម៉ា​សុ​ី​ន​បូមទឹក ធុន​មធ្យម​មួយ​គ្រឿង និង​ទុយោ​ពីរ​ខ្សែ ចាប់ផ្តើម​បូមទឹក​ស្រះ​ទាំង​យប់ ។ ប៉ុន្តែ​រូបគេ​មិនដឹង​ទាល់តែ​សោះ​ថា កន្លែង​ដែល​ខ្លួន​ដាក់​ចុង​ទុយោ ក្បែរ​បង្គន់​មួយ​នោះ អត់​មាន​ប្រព័ន្ធ​បង្ហូរទឹក​ចេញ​ទៅ​រក​លូ​ឯណា​ទេ ។ ហេតុនេះ​ជា​លទ្ធផល​គឺ​ធ្វើ​ឱ្យ​ទឹក​ហៀរហូរ​លិចលង់​ទីធ្លា​ចត​រថយន្ត​មួយ ផ្អើល​អ្នកស្រុក ហើយ​គេ​ប្តឹង​ប៉ូលិស​ទាំង​យប់ ។ ទីបំផុត​សិស្ស​ម្នាក់​នោះ ត្រូវ​បង្ខំ​ឱ្យ​សង​ប្រាក់​ដើម្បី​ជួសជុល​បង្គន់ និង​ទីធ្លា​ចត​រថយន្ត ព្រមទាំង​បូមទឹក​ត្រឡប់​ទៅ​ស្រះ​វិញទៀត ៕