ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន លើកឡើង ៦ចំណុច ក្នុងកិច្ចប្រជុំ P4G

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាយប់ថ្ងៃទី៣១ ខែឧសភានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួម​​ក្នុងកិច្ចប្រជុំកំពូល ទីក្រុងសេអ៊ុល ទី២…

ភ្នំពេញ៖ នាយប់ថ្ងៃទី៣១ ខែឧសភានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួម​​ក្នុងកិច្ចប្រជុំកំពូល ទីក្រុងសេអ៊ុល ទី២ នៃភាពជាដៃគូ​ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅ​សកលឆ្នាំ២០៣០ ( P4G ) ស្តីពី ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយ​បរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩ តាមរយៈប្រព័ន្ធវិដេអូ​។ ក្នុងកិច្ចប្រជុំ ដែល​ប្រធានាធិបតីកូរ៉េ ជាប្រធាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈ ៦ចំណុច​។

​លើប្រធានបទដ៏សំខាន់ «​ការស្តារបៃតងឡើងវិញ ប្រកបដោយ​បរិយាប័ន្ន​ពីជំងឺកូវីដ១៩» សម្តេ​ច​​តេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន​ ដែល​មេដឹកនាំលើពិភពលោក ត្រូវការយកចិត្តទុកដាក់​ ដូចខាងក្រោម៖

១-បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហា​ក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈម​ពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុ។

២-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យកសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular economy), សេដ្ឋកិច្ចឌីជីថល និងថាមពលកកើតឡើងវិញ។

៣-ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន (PPP) ជាដើម។

៤-ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។

៥-ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។

៦-លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុ​តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន​ឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការក្នុងការគ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ៕