ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត ៖ អ្នក​ផ្ទុក​កូ​វី​ដ​១៩ មក​ដល់​ពេល​នេះ​កើន​ជាង​៨០០​នាក់​ហើយ អាជ្ញាធរ​ប្ដេជ្ញា​ប្រឹង​ទប់ស្កាត់

2 ឆ្នាំ មុន
  • កំពង់ចាម

«​គិត​រហូត​មក​ដល់​ពេល​នេះ អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់​ជាង​៨០០​នាក់​ហើយ​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត

ខេត្តកំពង់ចាម ៖ «​គិត​រហូត​មក​ដល់​ពេល​នេះ អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់​ជាង​៨០០​នាក់​ហើយ​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត តំណាង​ឱ្យ​ឯកឧត្តម សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ក្នុង​ពិធី​ចែក​អំណោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៦០​គ្រួសារ តំណាង​ឱ្យ​១.៥០០​គ្រួសារ នៅ​ក្នុង​បរិវេណ​វត្ត​កោះជ្រូក ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ២០២១ ។ ហើយ​ស្ថានភាព​ជំងឺ​កូ​វី​ដ អាជ្ញាធរ​អាច​គ្រប់គ្រង​បាន និង​កំពុង​បន្ត​ស្រាវជ្រាវ​លើ​សមាជិក​ក្រុម​គ្រួសារ​របស់​កម្មករ កម្មការិនី​បន្ថែម​ទៀត​ក្រែង​មាន​អ្នក​ផ្ទុក​ជំងឺ​នេះ​។

លោក​ប៊ិ​ន ឡា​ដា អភិបាលស្រុក​កំពង់សៀម បាន​គូសបញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​ជំនាញ​សុខាភិបាល ដោយ​បាន​រក​ឃើញ​អ្នក​ចំណូលស្រុក​មក​ពី​តំបន់​ផ្សេង​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ដោយ​មាន​ជា​បន្តបន្ទាប់​រហូត​ដល់​ជាង​២០​នាក់​ហើយ​។ ជាមួយ​មនុស្ស​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ខេត្ត បានឱ្យ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​អ្នកជំងឺ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ ក្រុង​កំពង់ចាម​។

អភិបាលស្រុក​កំពង់សៀម បន្ត​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​ថ្មី​ៗ មាន​ឪពុក​ម្នាក់​បាន​នាំ​កូន​មក​ពិនិត្យ​សំណាក ក្នុង​នោះ​ឪពុក​មិន​មាន​មេរោគ​ទេ ប៉ុន្តែ​កូន​តូច​អាយុ​ជាង​៣​ឆ្នាំ បែរជា​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ គ្រាន់តែ​ដឹង​កូន​ផ្ទុក​ជំងឺ​នេះ​ភ្លាម ឪពុក​បាន​ថយ​ចេញពី​កូន ។ ហើយ​កូន​តូច​នោះ​បាន​ប្រាប់​ទៅ​ឪពុក បើ​ខ្លាច សូម​យក​តែ​ខោអាវ​មក​ឲ្យ​ខ្ញុំ ដើម្បី​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​… សំដី​នេះ​បាន​ធ្វើ​ឲ្យ​រូប​លោក ដែល​ជា​អភិបាលស្រុក​ស្ទើរតែ​ស្រក់​ទឹកភ្នែក និង​អួល​ដើម​.​ក អាណិត​ដល់​ក្មេង​តូច​នោះ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ឱ្យ​ដឹង​ដែល​ថា យើង​ត្រូវ​តែ​រួម​គ្នា​លុប​បំបាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​ផ្ដើម​ចេញពី​បុគ្គល​ម្នាក់​ៗ ធ្វើ​យ៉ាងណា​កុំអោយ​ឆ្លង​ជំងឺ​នេះ ហើយ​ក៏​ធ្វើ​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​ទាំងមូល មិន​ប៉ះពាល់​ផង​ដែរ​។ ដោយឡែក​នៅ​ក្នុង​សហគមន៍​ក៏​ត្រូវធ្វើ​ដូច្នោះ​ដែរ​ត្រូវ​អនុវត្ត «៣​ការពារ ៣​កុំ​»​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា រាល់ថ្ងៃ​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ធ្វើការ​ស្រាវជ្រាវ​ដោយ​មាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​មូលដ្ឋាន ត្រូវ​បន្ត​តាមដាន​បើសិនជា​ដឹង​បុគ្គល​ណា​ម្នាក់​ចេញពី​តំបន់​ក្រហម​ចូល​មក​ខេត្តកំពង់ចាម ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ដោយ​នាំ​អ្នក​នោះ​មក​ពិនិត្យ​សុខភាព ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជំងឺ​កូ​វី​ដ​រីក​រាលដាល​នៅ​ក្នុង​សមាជិក​ក្រុម​គ្រួសារ​បន្ត​ឆ្លង​ទៅ​អ្នក​ជិតខាង​។

មួយវិញទៀត មិន​អាច​មើល​តែ​សំបក​ក្រៅ​ថា​កូ​វី​ដ​១៩​នេះ មិន​អី​នោះ​ទេ តែបើ​កើត​លើ​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់​នោះ អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​។ ប្រសិនបើ​ភូមិ​ណាមួយ​ត្រូវ​បិទ អ្នក​នៅ​ក្នុងភូមិ​មិន​អាច​ចេញ​មក​ក្រៅ​កើត​នោះ​ទេ​។​កន្លង​ទៅ មានកម្ម​ការិនី​ម្នាក់​បាន​រួម​ដំណើរ​តាម​រថយន្ត​ជាមួយនឹង​មិត្ត​ភ​ក្កិ ដោយ​មិន​បាន​ពាក់​ម៉ាស់​ជា​ហេតុ បណ្ដាល​ឱ្យ​ឆ្លង covid-19 លុះ​ពេល​ដែល​ចូល​មក​ធ្វើការ​នៅ​រោងចក្រ​ក្នុងស្រុក​កំពង់សៀម ក៏​បាន​ធ្វើ​ឱ្យ​ជំងឺឆ្លង​ទៅ​អ្នក​ផ្សេង​ដែល​បម្រើ​ការ​ជាមួយ​ជាង​១០​នាក់​។

ហើយ​អាជ្ញាធរ​បាន​ចាប់​ឲ្យ​ជំនាញ​សុខាភិបាល​ចុះ​យក​សំណាក លើ​កម្មករ​កម្មការិនី​ជាង​៤.០០០​នាក់​។ គ្រាន់តែ​អ្នក​ប៉ះពាល់​មាន​ជាង​៥០០​នាក់ ត្រូវ​បាន​នាំ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង​កំពង់ចាម ហើយ​បាន​បន្ត​ឱ្យ​ស្រាវជ្រាវ​លើ​សមាជិក​ក្រុម​គ្រួសារ​កម្មករ​កម្មការិនី​បន្ថែម​ទៀត ក្រែង​មាន​អ្នក​ផ្ទុក​កូ​វី​ដ​១៩​។ អាជ្ញាធរ​ខេត្ត បាន​ប្ដេជ្ញា​ចិត្ត​ថា​ធ្វើ​យ៉ាងណា​អោយ​សេដ្ឋកិច្ច​នៅ​រស់ ហើយ​មិនយូរ​នោះ​ទេ​ក៏​វីត​នេះ​នឹង​សាបរលាប​ទៅ​បន្តិច​ម្ដង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ