ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺទឹមនោមផ្អែម គួរទទួលទាន ឬមិនគួរទទួលទានអាហារអ្វីខ្លះ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រូពេទ្យជំនាញបានណែនាំថា អ្នកជំងឺទឹកនោមផ្អែមត្រូវយល់ដឹងអំពីអាហារដែលខ្លួនគួរទទួល និងមិនគួរទទួលទានដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ។ –ផ្ដោតសំខាន់លើអាហារប្រាំក្រុម ៖ វាពិតជាសំខាន់ណាស់ដែលអ្នកគួររួមបញ្ចូលប្រភេទត្រឹមត្រូវនៃអាហារក្នុងរបបអាហារប្រចាំថ្ងៃ ។…

រាជធានីភ្នំពេញ ៖ គ្រូពេទ្យជំនាញបានណែនាំថា អ្នកជំងឺទឹកនោមផ្អែមត្រូវយល់ដឹងអំពីអាហារដែលខ្លួនគួរទទួល និងមិនគួរទទួលទានដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ។

ផ្ដោតសំខាន់លើអាហារប្រាំក្រុម ៖ វាពិតជាសំខាន់ណាស់ដែលអ្នកគួររួមបញ្ចូលប្រភេទត្រឹមត្រូវនៃអាហារក្នុងរបបអាហារប្រចាំថ្ងៃ ។ ហើយគ្មានអាហារអ្វីអាចផ្ដល់នូវវីតាមីន និងជាតិរ៉ែដែលរាងកាយ ត្រូវការចាំបាច់ជាងអាហារប្រាំក្រុមរួមមានផ្លែឈើ បន្លែបៃតង សាច់គ្មានខ្លាញ់ ប្រូតេអ៊ីនគ្មានខ្លាញ់ ផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានខ្លាញ់ទាប ឬគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ ។

បង្កើនការទទួលទានអាហារមានផ្ទុកសម្បូរដោយជាតិសសៃ ៖ ជាតិសសៃ គឺសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ វាជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព ។

ជ្រើសរើសទទួលទានប្រភេទខ្លាញ់ល្អ ៖ រួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត ប្រេងសណ្ដែងដី ផ្លែបឺរ ប្រេងអូលីវ និងផ្លែអូលីវ ជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ ។ ទោះជាយ៉ាងណាអ្នកមិនគួរ ទទួលទានច្រើនលើសកម្រិតឡើយ។

កុំរំលងត្រីសម្បូរខ្លាញ់ ៖ ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគ្មានខ្លាញ់ និងអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាព ជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុង ប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ ។

កាត់បន្ថយអាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត ៖ ការកាត់បន្ថយការទទួលទានអាហារសម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ។ បរិមាណនៃកាបូអ៊ីដ្រាតច្រើន ពេកធ្វើឱ្យកោសិកា ធន់នឹងអាំងស៊ុយលីនបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា ! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយ ការទទួលទាន ។

កម្រិតការទទួលទានអាហារមានផ្ទុកប្រូតេអ៊ីនពីសាច់ខ្ពស់ ៖ ប្រូតេអ៊ីន គឺជាក្រុមនៃអាហារដ៏សំខាន់បំផុតមួយដែលរាងកាយ ត្រូវការដើម្បីរក្សាបាន នូវសុខភាពល្អរឹងមាំ ។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកអាចទទួលទានបានតាមចិត្តចង់ឡើយ ពិសេសចំពោះអ្នកចូលចិត្តទទួលទានសាច់ក្រហម ! នេះក៏ព្រោះតែការទទួលទានច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺមហារីក ។ អ្នកគួរកម្រិតការទទួលទានមិនលើសពី ២ ដងក្នុងមួយសប្តាហ៍ដោយជំនួសមកវិញនូវត្រី សាច់មាន់ (គ្មានស្បែក) និងបន្លែច្រើនដើម្បីទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ ។

ប្រយ័ត្នក្នុងការទទួលទានអាហារចៀនបំពង ៖ អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជា ប្រេងអូលីវ ។

កម្រិតការទទួលទានអាហារសម្បូរជាតិខ្លាញ់មិនល្អ ៖ ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ ប៉ុន្តែវារួមចំណែកបង្កើនភាពធន់នឹងអាំងស៊ុយលីន របស់រាងកាយ ។ លើសពីនេះទៅទៀតអាហារសម្បូរជាតិខ្លាញ់ត្រូវការពេល យូរ ដើម្បីរំលាយដែលអាចជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ ទោះជាយ៉ាងណានេះមិនមែនមានន័យថា អ្នកកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ និងអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញ៉ាំបានក្នុងបរិមាណ ឬកម្រិតសមល្មម ។

ចៀសវាងប្រភេទអាហារកញ្ចប់ ៖ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរចៀសឱ្យផុតពីការទទួលទានអាហារកញ្ចប់ ឬអាហារកែច្នៃ ។ អាហារប្រភេទនេះមិនត្រឹមតែ ធ្វើឱ្យអ្នកពិបាក ក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាច បង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាម បង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ។ លើសពីនេះទៅទៀតការទទួលទានអាហារកញ្ចប់ច្រើនក៏បង្កការរលាកផ្សេងៗក្នុងរាងកាយដែលអាចនាំឲ្យកើតមានជំងឺទឹកនោមផ្អែម ។

ប្រយ័ត្នក្នុងការទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់ ៖ អ្នកជំងឺទឹកនោមផ្អែមត្រូវប្រយ័ត្នក្នុងការទទួលទានអាហារសម្បូរជាតិស្ករ និងមានផ្ទុកកាបូអ៊ីដ្រាតគុណភាពទាប ។ នេះក៏ព្រោះតែវាអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម គួរឱ្យកត់សម្គាល់ ។ ក្រៅជំងឺទឹកនោមផ្អែម ការទទួលទានអាហារសម្បូរជាតិស្ករ លើសកម្រិតក៏នាំឱ្យកើនទម្ងន់ ព្រមទាំងបង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលផងដែរ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។